កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធវ័យក្មេង​ Cody Gakpo ពី PSV
27, Dec 2022 , 2:13 pm        
រូបភាព
ក្រុមហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិហូឡង់ Cody Gakpo ហើយ។ នេះបើតាមក្លិប​ PSV Eindhoven បានប្រកាសថ្ងៃទី២៦ ខែធ្នូ។



នៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការក្លិប PSV បាននិយាយឱ្យដឹងដូច្នេះថា៖« PSV និង LFC[Liverpool] បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាហើយក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធ Cody Gakpo។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ និងចាកចេញទៅកាន់ទឹកដីអង់គ្លេសក្នុងពេលឆាប់ៗ ដែលរូបគេនឹងត្រូវឆ្លងកាត់ការបំពេញបែបបទចាំបាច់មុនពេលបញ្ចប់ការផ្ទេរនេះ។»។ 
យ៉ាងណាមិញតម្លៃខ្លួននៃការផ្ទេរដ៏ពិតប្រាកដមិនទាន់មានការប្រកាសអ្វីឡើយពីសំណាក់ក្លិបទាំងសងខាង ។ ប៉ុន្តែបើតាមការអះអាងរបស់លោក Marcel Brands ដែលជាអ្នកចាត់ការក្រុម PSV បានបង្ហើបថា នេះជាការផ្ទេរដែលបំបែកកំណត់ត្រាសម្រាប់ក្លិប។
 
Cody Gakpo បានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលអំឡុងការប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ដោយរូបគេរកបាន ៣គ្រាប់ពីការបង្ហាញខ្លួន ៥ប្រកួតសម្រាប់ហូឡង់មុនពេលត្រូវធ្លាក់ចេញពីការប្រកួតក្រោមថ្វីជើងក្រុមម្ចាស់ជើងឯកអាហ្សង់ទីន។
 
រដូវកាលនេះទៀតសោតសម្រាប់ ​Liverpool ពួកគេបានបាត់បង់កីឡាករសំខាន់ៗ ២រូបដូចជា Luis Diaz និង Diogo Jota រយៈពេលយូរ ដោយសារតែបញ្ហារបួស។ Gakpo នឹងអាចក្លាយជាកីឡាករដ៏គ្រោះថ្នាក់មួយក្នុងក្រុម ដែលដឹកនាំដោយលោក ​Jurgen Klopp សម្រាប់ជម្រើសតំបន់ប្រយុទ្ធទាំង ៣ ខាងលើដែលរួមមាន Darwin Nunez និង Mohamed Salah។ 
បើសិនកិច្ចព្រមព្រៀងនេះទទួលបានសម្រេចនោះ Gakpo នឹងអាចបង្ហាញវត្តមានរបស់គេលើកដំបូងឱ្យក្រុមហង្សក្រហម នៅថ្ងៃទី២ ខែមករា តែម្ង នៅពេលដែលក្រុមត្រូវធ្វើដំណើរទៅកាន់ផ្ទះរបស់ក្រុម ​Brentford៕
 
 

Tag:
 Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com