ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំកម្ពុជា ៖ តុលាការអាងចាប់ អាងចង ហើយអ្នកវេទនាជាងគេ នាយករដ្ឋមន្រ្តី
27, Dec 2022 , 4:58 pm        
រូបភាព
សម្ដេច ហ៊ុន សែន ស្នើឱ្យតុលាការត្រួតពិនិត្យលើកិច្ចការងារផ្លូវច្បាប់ឡើងវិញ ដោយកុំអាងអីចេញដីកាចាប់ខ្លួនភ្លាមៗ ខណៈដែលករណីខ្លះ ជាបទរដ្ឋប្បវេណី។ សម្ដេច ថ្លែងក្នុងន័យនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ធ្នូ។


 
សម្ដេច ហ៊ុន សែន បានបកស្រាយបញ្ហាបុគ្គលិកបំពេញការងារនៅក្នុងទូរទស្សន៍បាយ័នម្នាក់ ដែលត្រូវបានតុលាការចេញដីកាឱ្យចាប់ខ្លួន ដោយចោទប្រកាន់ថា បានគប់គិតជាមួយឈ្មួញលក់ដីខ្យល់ ។ បើតាមប្រមុខរដ្ឋាភិបាល បញ្ហានេះ ទំនងជាមានទំនាស់ជាមួយអ្នកឧកញ៉ាផងដែរ ទើបឈានទៅដល់ការចាប់ខ្លួន បុគ្គលិកទូរទស្សន៍បាយ័នបែបនេះ។
 
ក្រោយក្ដាប់បានអង្គហេតុទាំងនេះ សម្ដេច ហ៊ុន សែន បានបញ្ជូនមេធាវីសម្ដេច ទៅការពារក្តីឱ្យបុគ្គលិកបាយ័ននេះ ហើយបានធានាឱ្យរូបគេនៅក្រៅឃុំសិនផងដែរ។ «ប៉ុន្តែបើរវល់ល្មោភតែរឿងចាប់ រឿងចង រឿងចាប់ រឿងចងហ្នឹង តើវាយ៉ាងម៉េច? ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារហ្មង។ ហើយវាទាក់ទងជាមួយអ្នកឧកញ៉ា ដែលគេមានប្រាក់កាសនោះ ។ រួចហើយខាងយើងនេះ ឱ្យតែឡើងតុលាការអាងអីចាប់គ្រឹបៗ ហើយអារឿងបញ្ហារដ្ឋប្បវេណី ត្រឹមកោះហៅសិនបានទេ? ដើម្បីពិភាក្សា ពិនិត្យមើល។ ហើយគិតតែរឿងចាប់ រឿងចង រឿងចាប់ រឿងចង រួចហើយខាងផ្នែកខាងក្រៅគេមើលមក គេមានគិតថាតុលាការឯណា គេដឹងតែថា ហ៊ុន សែន (ឱ្យចាប់)តែម៉ង។ ហើយអាយើងនេះ អត់មានទៅដឹងរឿងស្អីផង»។ នេះបើតាមលោកនាយករដ្ឋមន្រ្តី។
 
សម្ដេច បានបញ្ជាឱ្យលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍លើករណីនេះ។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល ហាក់បង្ហាញអារម្មណ៍មិនជឿថា បុគ្គលិកទូរទស្សន៍បាយ័ន បានប្រព្រឹត្តបទល្មើសឆបោកប្រាស់ លើករណីដីធ្លីជាង៣៦លានដុល្លារ តាមការចោទប្រកាន់ឡើយ ខណៈសម្ដេច ស្គាល់បុគ្គលនោះច្បាស់ថា មានជីវភាព« ក្ររកតែបាយស៊ីមិនចង់បានផង»។
 
«បុគ្គលិកបាយ័ននេះនៅពេលដែលគេទៅចាប់ , មេធាវីបង្គាប់ទារប្រពន្ធ(បុគ្គលិកបាយ័ន) នេះ ៥០០០ដុល្លារមុនទៀត ហើយគ្នាអត់មានលុយទៅទៀត។ ចុះបើមានលុយ៣៦លានដុល្លារ គ្នាចាំបាច់ទៅវេទនាទៅអាន(ព័ត៌មាន) ទូរទស្សន៍បាយ័ន វិទ្យុបាយ័នធ្វើអី? អ៊ីចឹងបានថា យើងមើលផងមើល! កុំអាងតែថាមានអំណាច កុំអាងចេះតែចាប់ ចេះតែចង។ ចាប់ ចងៗ។ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្រ្តី»។ សម្ដេច សង្កត់ធ្ងន់បែបនេះ។

មេដឹកនាំកម្ពុជារូបនេះ ក៏បានណែនាំឱ្យនគរបាលយុត្តិធម៌ពិនិត្យមើលអង្គហេតុឱ្យបានច្បាស់លាស់សិន មុនចុះទៅចាប់ខ្លួននរណាម្នាក់ផងដែរ។ «ខ្ញុំសូមអស់លោក ដែលទទួលបន្ទុកជាមេបញ្ជាការនគរបាលយុត្តិធម៌ កុំចេះតែទៅ(ចាប់ខ្លួន) ទាំងងងឹតងងុល បានទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបញ្ជូនករណីនេះ ទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យមើលឡើងវិញ៕

 
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com