ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារអេស៊ីលីដា ត្រូវបានអនុញ្ញាតឱ្យបោះពុម្ពអត្តសញ្ញាណបណ្ណមន្ត្រី​រាជការស៊ីវិលប្រ ភេទថ្មី (Smart Card) អាចប្រើប្រាស់ជាសេវាហិរញ្ញវត្ថុនានាបាន
28, Dec 2022 , 3:29 pm        
រូបភាព
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារអេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយ​មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារអេស៊ីលីដា ​ចូលរួមក្នុង​កម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណ​បណ្ណ​មន្ត្រីរាជការស៊ីវិល ដែលបានចាត់ចែងរៀបចំ​ដោយក្រសួងមុខងារ​សាធារណៈ និងសហការចូលរួមដោយ ធនាគារដៃគូ ចំនួន៣ រួមមាន ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគារ វីង។
 
ព្រឹត្តិការណ៍ថ្ងៃនេះ បានសបញ្ជាក់ពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមអនុវត្តគោល​នយោបាយ​រដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ ក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណបណ្ណមន្ត្រី​រាជការ​ស៊ីវិល​ប្រភេទថ្មីនេះ ជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់ជាបណ្ណ សម្គាល់ខ្លួនផ្លូវការផង និងជាបណ្ណអេធីអឹម (ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចប្រើប្រាស់សម្រាប់មុខងារផ្សេងទៀត ទៅតាមការ​វិវឌ្ឍនៃ​បច្ចេកវិទ្យាព័ត៌មាន ទៀតផងដែរ។
 


លោក ស្រី សូផន ណារី អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណបណ្ណមន្រ្តីរាជការ​ស៊ីវិល​ទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿន នៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល​ អាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុ បានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស នឹងទទួលបានបណ្ណនេះដោយឥតគិតថ្លៃ។ 
 
លោកស្រីបានបន្ថែមទៀតថា ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និង​សាធារណជន​ ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រ​ការប្រើប្រាស់​​ប្រព័ន្ធបច្ចេកវិទ្យាសេវា​ហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងងាយស្រួល ធនាគារអេស៊ីលីដា បាននិង​កំពុងពង្រីកបណ្តាញប្រតិបត្តិការ​ចំនួន ២៦៤សាខា និងសេវាកម្មធនាគារស្វ័យប្រវត្តិចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹម​ សរុប ១.១២៤ គ្រឿង ម៉ាស៊ីនឆូតកាត សរុប  ៤.១៤៦ គ្រឿង និងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់​ជាង ២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង ១៩០.០០០ នៅពាសពេញផ្ទៃប្រទេស គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។
 


លោកស្រីបានថ្លែងថា អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS ​(Cambodian Shared Switch​) ដែលជាបណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់​ទំនិញ-សេវាកម្ម ​តាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្ម​ ដែលប្រើប្រាស់​ប្រព័ន្ធទូទាត់​ជាមួយធនាគារ​ អេស៊ីលីដា។ ​ម៉្យាងវិញទៀត អាច​ដាក់ប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងអាច​បង្កើតបណ្ណនិមិត្ត​ តាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរប្រាក់ តាមម៉ាស៊ីន​អេធីអឹម​ នៅគ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា បាន​គ្រប់​ពេលវេលា (២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង៧ថ្ងៃ​ ក្នុង​មួយ​សប្តាហ៍)យ៉ាង​ងាយ​ស្រួលប្រកបដោយ​សុវត្ថិភាព​ខ្ពស់​បំផុត តាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
 
លោកស្រី បានបន្ថែមទៀតថា៖ «ការដាក់ឱ្យប្រើប្រាស់ អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យ​ឃើញថា វិស័យសារធារណៈ និងវិស័យឯកជន មានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក»។
 
លើសពីនេះទៀត លោកស្រី ក៏បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះរាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​កម្ពុជា ជាពិសេសលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ និងសហការីទាំងអស់ ដែលជានិច្ចកាល តែងតែ​យកចិត្តទុកដាក់ គាំទ្រដល់ធនាគារ អេស៊ីលីដា និងផ្តល់ឱកាសដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ក្នុងការសហការគាំទ្រ​ និងបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការស៊ីវិល៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com