ជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN ជំរុញឱ្យតាលីបង់ផ្លាស់ប្តូរគោលនយោបាយរឹតបន្តឹងសិទ្ធិស្រ្តី
28, Dec 2022 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែធ្នូ ចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភជាខ្លាំងពីស្ថានភាពសិទ្ធិមនុស្សនៅអាហ្វហ្កានីស្ថាន ហើយអំពាវនាវឱ្យតាលីបង់ផ្លាស់ប្តូរគោលនយោបាយរឹតត្បិតសិទ្ធិស្រ្តី និងក្មេងស្រីក្នុងប្រទេស។

 
រដ្ឋាភិបាលតាលីបង់ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ចាត់វិធានការរឹតបន្តឹងលើសិទ្ធិស្រ្តីជាខ្លាំង។ បន្ទាប់ពីប្រកាសបិទសាកលវិទ្យាល័យសម្រាប់និស្សិតស្រីមិនបានប៉ុន្មានថ្ងៃផង ពួកតាលីបង់ដែលឡើងក្តោបក្តាប់អំណាចនៅអាហ្វហ្កានីស្ថានឡើងវិញតាំងពីឆ្នាំមុន ក៏ហាមស្រ្តីធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល(NGO)ទៀត។ 
 
ជាបន្តបន្ទាប់ក្រោយពីបណ្តាប្រទេស និងក្រុមជំនួយបរទេសមួយចំនួនរិះគន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី២៧ ខែធ្នូ ចេញថ្លែងការណ៍មួយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការរឹតបន្តឹងកាន់តែខ្លាំងឡើងលើការអប់រំរបស់ស្រ្តី។ សេចក្តីថ្លែងការណ៍នេះក៏អំពាវនាវឱ្យមានការចូលរួមពីស្រ្តី​ និងក្មេងស្រីនៅអាហ្វហ្កានីស្ថានឱ្យបានពេញលេញ ស្មើភាព និងប្រកបដោយអត្ថន័យផងដែរ។ 
 
«ក្រុមប្រឹក្សាសន្តិសុខជំរុញឱ្យតាលីបង់បើកសាលារៀនឡើងវិញ ហើយផ្លាស់ប្តូរការអនុវត្ត និងគោលនយោបាយទាំងនេះឱ្យបានឆាប់រហ័សដែលនេះបង្ហាញពីការបំផ្លាញកាន់តែខ្លាំងឡើងលើការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជាក់បែបនេះ។ 
 
ជាមួយគ្នានេះ ក្រុមប្រឹក្សាក៏បានថ្កោលទោសលើការហាមប្រាមស្រ្តីធ្វើការឱ្យ NGO ដែរដោយព្រមានថាវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រតិបត្តិជំនួយនៅអាហ្វហ្កានីស្ថាន។ បើតាមសេចក្តីថ្លែងការណ៍ដដែល ការរឹតបន្តឹងនេះផ្ទុយទៅនឹងការប្តេជ្ញារបស់តាលីបង់ចំពោះប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាសេចក្តីរំពឹងពីសហគមន៍អន្តរជាតិ។
 
ការគោរពសិទ្ធិស្រ្តីគឺជាចំណុចស្នូលមួយក្នុងការចរចាជាមួយសហគមន៍អន្តរជាតិដែលរដ្ឋាភិបាលតាលីបង់ត្រូវធ្វើតាមការប្តេជ្ញារបស់ខ្លួនដើម្បីទទួលបានការទទួលស្គាល់ពីអន្តរជាតិ និងស្តារជំនួយឡើងវិញ។ 
 
ជុំវិញរឿងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូតេរ៉េស ហៅវិធានការរឹតត្បិតលើស្រ្តីរបស់តាលីបង់នេះថាជាការបំពានសិទ្ធិមនុស្សមិនសមហេតុផល ហើយត្រូវតែដកចេញវិញ។ 
 
ចំណែកឯ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមានពីផលវិបាកនៃគោលនយោបាយទាំងនោះដែរ។ បើតាមលោក Turk គ្មានប្រទេសណាមួយអាចអភិវឌ្ឍបានដោយគ្មានការចូលរួមពីប្រជាជនពាក់កណ្តាលប្រទេសទេ។ លោកព្រមានថា ការហាមឃាត់ស្រ្តីពីការធ្វើការនៅ NGO នេះនឹងដកហូតប្រាក់ចំណូលដ៏សំខាន់សម្រាប់គ្រួសារអាហ្វហ្កានីស្ថាន ក៏ដូចជាប៉ះពាល់ដល់ដំណើរការផ្តល់សេវាកម្មសំខាន់ផ្សេងៗរបស់អង្គការ។
 
កាលពីចុងសប្តាហ៍មុន ក្រុមជំនួយសិទ្ធិមនុស្សមួយចំនួនដូចជា អង្គការសង្រ្គោះកុមារ, ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស និងអង្គការអន្តរជាតិ CARE ប្រកាសផ្អាកកម្មវិធីមនុស្សធម៌របស់ពួកគេ ខណៈរង់ចាំភាពច្បាស់លាស់បន្ថែមអំពីបទបញ្ជារបស់រដ្ឋបាលតាលីបង់៕
 
 
 
 
 
 
 

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com