អន្តរជាតិ
លោកស្រី Tsai Ing-wen៖ គ្មាននរណាចង់បានសង្រ្គាមទេ ប៉ុន្តែសន្តិភាពក៏មិនធ្លាក់ពីលើមេឃដែរ
28, Dec 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen។ រូបថត AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen។ រូបថត AFP
ដោយ:
ដោយលើកឡើងពីការគំរាមកាន់តែខ្លាំងពីសំណាក់ចិន តៃវ៉ាន់ នៅថ្ងៃទី២៧ ខែធ្នូ ប្រកាសបន្លាយពេលបំពេញកាតព្វកិច្ចយោធាពី៤ខែទៅ១ឆ្នាំ។ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីពង្រឹងការត្រៀមខ្លួនប្រយុទ្ធ អ្នកដែលជាប់កាតព្វកិច្ចយោធានៅតៃវ៉ាន់ចាប់ពីឆ្នាំ២០២៤ នឹងត្រូវឆ្លងកាត់ការហ្វឹកហ្វឺនខ្លាំងជាងមុន និងប្រើប្រាស់សព្វាវុធខ្លាំងក្លាជាងមុន។

 
តៃវ៉ាន់រងការគំរាមកំហែងពីចិនកាន់តែខ្លាំង តាំងពីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាយ៉ាងខ្លាំងក្លាជុំវិញកោះមួយនេះជាការឆ្លើយតបទៅនឹងទស្សនកិច្ចរបស់អតីតប្រធានសភាអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅខែសីហា។ នាសន្និសីទកាសែតនៅថ្ងៃទី២៧ ខែធ្នូ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen លើកឡើងថា គ្មាននរណាចង់បានសង្រ្គាមនោះទ ប៉ុន្តែសន្តិភាពក៏មិនធ្លាក់ពីលើមេឃដែរ។
 
«ការចូលបម្រើយោធាបួនខែនាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងស្ថានភាពផ្លាស់ប្តូរដ៏ឆាប់រហ័សនោះទេ»។ ប្រធានាធិបតីតៃវ៉ាន់ លើកឡើងបែបនេះដោយ​ប្រកាសថាចាប់ពីឆ្នាំ២០២៤ កាតព្វកិច្ចបម្រើយោធានឹងដំឡើងទៅមួយឆ្នាំដែលនឹងអនុវត្តចំពោះយុវជនកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៥។ 
 
ក្នុងសន្និសីទព័ត៌មានដដែល អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់បកស្រាយថា ពលទាហាននឹងត្រូវទទួលភារកិច្ចការពារប៉ុស្តិ៍យោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលអាចឱ្យកងកម្លាំងស្ម័គ្រចិត្តទាំងនេះឆ្លើយតបទៅនឹងការឈ្លានពានរបស់ចិនកាន់តែលឿន។
 
ជាមួយគ្នានេះ លោកស្រី Tsai បន្ថែមថា យុវជនជាប់កាតព្វកិច្ចយោធានឹងត្រូវឆ្លងកាត់ការហ្វឹកហ្វឺនខ្លាំងជាងមុនរួមមានលំហាត់បាញ់ប្រហារ ការបង្រៀនប្រយុទ្ធដោយកងកម្លាំងអាម៉េរិក ហើយការប្រើប្រាស់អាវុធខ្លាំងក្លាជាងមុនរួមមានមីស៊ីលប្រឆាំងរថក្រោះ និងមីស៊ីលប្រឆាំងយន្តហោះ Stinger ។ 
 
«ដរាបណាតៃវ៉ាន់ខ្លាំងគ្រប់គ្រាន់ វានឹងក្លាយជាប្រទេសតំណាងឱ្យប្រជាធិបតេយ្យ និងសេរីភាពទូទាំងពិភពលោក ហើយវានឹងមិនក្លាយជាសមរភូមិទេ»។ មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai លើកឡើងបែបនេះក្រោយលើកឡើងថា អ្វីៗទាំងអស់ដែលរាប់ចាប់ពីកន្លែងហ្វឹកហ្វឺនដល់វិធីសាស្ត្របណ្តុះបណ្តាលនឹងត្រូវពង្រឹង និងធ្វើឱ្យប្រសើរឡើងទាំងគុណភាព និងបរិមាណ៕
 
 
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com