អន្តរជាតិ
លោក ហ្សេលេនស្គី៖ សង្រ្គាមនៅអ៊ុយក្រែនជួយលោកខាងលិចឱ្យស្គាល់ខ្លួនឯងឡើងវិញ
29, Dec 2022 , 12:19 pm        
រូបភាព
ដោយ:
ថ្លែងទៅសភានៅថ្ងៃទី២៨ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសថា ប្រទេសលោកជាមេដឹកនាំសកល ជួយបង្រួបបង្រួមសហភាពអឺរ៉ុប និងលោកខាងលិចរកខ្លួនឯងឃើញឡើងវិញ។​ មេដឹកនាំអ៊ុយក្រែនរូបនេះក៏ប្រាប់សមាជិកសភាបន្តពួតដៃគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ ខណៈសង្រ្គាមចូលដល់ខែទី១១ហើយ។

 
ក្នុងសុន្ទរកថាប្រចាំឆ្នាំនៅសភា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ការប្រយុទ្ធរបស់យោធាអ៊ុយក្រែនប្រឆាំងនឹងវិមានក្រេមឡាំងបានធ្វើឱ្យជំនឿលើតម្លៃទូទាំងពិភពលោករស់រវើកឡើងវិញ។ 
 
«អរគុណដល់សាមគ្គីភាពរបស់យើង យើងសម្រេចបានអ្វីដែលស្ទើរតែគ្មាននរណាម្នាក់លើពិភពលោកជឿ។ ស្ទើរតែគ្មាននរណាម្នាក់ លើកលែងតែយើង»។ លោក​ ហ្សេលេនស្គី លើកឡើងបែបនេះនៅថ្ងៃទី២៨ ខែធ្នូ នៅចំពោះមុខសមាជិកសភា គណៈរដ្ឋមន្រ្តីរបស់លោក មន្រ្តីជាន់ខ្ពស់ និងមេទ័ពកំពូលផ្សេងៗទៀត។ 
 
បើតាមលោក ហ្សេលេនស្គី ពណ៌តំណាងជាតិអ៊ុយក្រែនសព្វថ្ងៃនេះជានិមិត្តរូបអន្តរជាតិនៃភាពក្លាហាន និងមិនអាចផ្ចាញ់បាន។ លោក បន្ថែមថា អ៊ុយក្រែនក្លាយជាមេដឹកនាំពិភពលោកមួយ ហើយ កិច្ចប្រឹងប្រែងសង្រ្គាមរបស់ប្រជាជនអ៊ុយក្រែនបានជួយបង្រួបបង្រួមសហភាពអឺរ៉ុប(EU)។ ក្រោយរុស្ស៊ីលុកលុយប្រទេស អ៊ុយក្រែនដាក់ពាក្យចូលសម្ព័ន្ធលោកខាងលិចទាំង EU និងណាតូ។ 
 
«ជាង១០ខែនៃឆ្នាំនេះ យើងជួយមនុស្សគ្រប់គ្នា។ យើងជួយលោកខាងលិចរកខ្លួនឯងឃើញឡើងវិញ ត្រឡប់ទៅឆាកអន្តរជាតិ និងមានអារម្មណ៍ថាលោកខាងលិចមានឥទ្ធិពលប៉ុណ្ណា»។ មេដឹកនាំអ៊ុយក្រែនលើកឡើងបែបនេះដោយបន្ថែមថា គ្មានអ្នកណានៅលោកខាងលិចខ្លាច ហើយនឹងខ្លាចរុស្ស៊ីទេ។ 
 
លោក ហ្សេលេនស្គី ក៏អរគុណលោកខាងលិចសម្រាប់ការផ្គត់ផ្គង់សព្វាវុធផងដែរ ហើយនិយាយថា អ៊ុយក្រែននឹងបង្កើតឧស្សាហកម្មការពារក្នុងស្រុកដ៏ខ្លាំងក្លាដែលនឹងក្លាយជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប និងពិភពលោក។ 
 
លោក ហ្សេលេនស្គី ប្រាប់សភាថា ជាការដោះដូរជាបន្តបន្ទាប់ជាមួយក្រុងមូស្គូ អ៊ុយក្រែនបានរំដោះអ្នកទោសសង្រ្គាម១៤៥៦នាក់។ តាំងពីវាយប្រហារអ៊ុយក្រែនមក រុស្ស៊ីត្រូវបានប៉ាន់ស្មានថាឃុំឃាំងអ្នកទោសសង្រ្គាមអ៊ុយក្រែនរាប់ពាន់នាក់៕
 
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com