កីឡាអន្តរជាតិ
អន្តរជាតិ
បុគ្គលល្បីឈ្មោះ និងអ្នកនយោបាយមានឥទ្ធិពលលើលោក រំលែកទុក្ខការស្លាប់លោក Pele
30, Dec 2022 , 9:57 am        
រូបភាព
វីរបុរសកីឡាបាល់ទាត់ប្រេស៊ីល Pele ដែលមានឈ្មោះដើម Edson Arantes do Nascimentos ទទួលមរណៈភាពក្នុងវ័យ ៨២ឆ្នាំ ថ្ងៃទី២៩ ខែធ្នូ ដោយសារជំងឺមហារីករ៉ាំរ៉ៃ។ កីឡាករល្បីៗ រួមជាមួយអ្នកនយោបាយមានឥទ្ធិពលលើលោកចូលរួមរំលែកទុក្ខលោក Pele។



បើតាមរយៈការផ្សព្វផ្សាយពីមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paolo ប្រទេសប្រេស៊ីលដែលជាទីកន្លែងរបស់ Pele បានសម្រាកព្យាបាលជំងឺនោះ បានប្រកាសពីមរណៈភាពរបស់លោក Pele នៅវេលាម៉ោង ៣:២៧ រសៀល ថ្ងៃទី២៩ ខែធ្នូ។ 
  


មូលហេតុនៃការស្លាប់របស់ស្តេចកីឡាបាល់ទាត់ប្រេស៊ីលត្រូវបានខាងមន្ទីរពេទ្យរៀបរាប់ថាដោយសារការបរាជ័យនៃដំណើរការសរីរាង្គច្រើនផ្នែកដែលបណ្តាលមកពីការវិវត្តនៃជំងឺមហារីកពោះវៀនធំ រួមជាមួយស្ថានភាពសុខភាពពីមុនរបស់លោក Pele។
 
ការស្លាប់របស់បុរសតែម្នាក់ដែលឈ្នះពានរង្វាន់ World Cup ចំនួន ៣លើក ត្រូវបានទទួលបញ្ជាក់ជាផ្លូវការនៅលើបណ្តាញសង្គម ​Instagram របស់លោកផ្ទាល់។ 
 
«ការបំផុសគំនិត ការស្រលាញ់បាល់ទាត់រួមជាមួយដំណើរផ្សងព្រេងរបស់ស្តេចបាល់ទាត់ Pele លោកបានទទួលមរណៈភាពនៅថ្ងៃនេះហើយ។ ភាពទាក់ទាញជាមួយទេពកោសល្យរបស់លោកក្នុងវិស័យកីឡាករបាល់ទាត់បានចូលរួមចំណែកបញ្ឈប់សង្គ្រាមដែលកើតមានក្នុងពិភពលោក ជួយដល់ការងារសង្គមជាច្រើនជុំវិញពិភពលោក និងបានផ្សព្វផ្សាយនូវអ្វីដែលគាត់បានជឿជាក់ថាជាការព្យាបាល់សម្រាប់បញ្ហារបស់យើងទាំងអស់គ្នាគឺក្តីស្រលាញ់។»។ នេះបើតាមការបង្ហោះលើគណនីផ្ទាល់របស់លោក Pele។
 
ក្រោយទទួលបានដំណឹងនៃមរណៈភាពនេះ កីឡាករបាល់ទាត់ជាច្រើន រួមទាំងអតីតកីឡាករក្នុងពិភពនៃកីឡាបាល់ទាត់ រួមទាំងកីឡាផ្សេងដទៃទៀត អ្នកនយោបាយ បុគ្គលល្បីៗក្នុងពិភពលោកច្រើននាក់បានអារម្មណ៍សោកស្តាយនិងបានផ្ញើសារចូលរួមរំលែកទុកចំពោះការស្លាប់របស់វីរបុរសបាល់ទាត់ប្រេស៊ីល និងពិភពលោកដ៏អស្ចារ្យរូបនេះ។
 
បើតាមការលោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍ប្រកាសអំពីការកាន់ទុក្ខការស្លាប់របស់លោក Pele រយៈពេល ៣​ថ្ងៃ ហើយក្នុងសេចក្តីថ្លែងការណ៍នោះទៀតសោតលោកបាននិយាយថា៖«Pele គឺជាប្រជាជនប្រេស៊ីលដ៏ល្អមួយរូប និងជាអ្នកស្នេហាជាតិដោយលើកមុខមាត់ប្រេស៊ីលគ្រប់ពេលគ្រប់ទីកន្លែងដែលគាត់បានទៅ។»។
 
មិនត្រឹមតែប៉ុណ្ណោះប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហោះសារចូលរួមរំលែកទុក្ខការស្លាប់របស់លោក Pele នៅលើបណ្តាញសង្គម Twitter «ស្តេចនៃការប្រកួត ស្តេចនៃបាល់ទាត់។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បង្ហាញការសោកស្តាយចំពោះមរណៈភាពរបស់លោក Pele ផងដែរ។ លោក បៃឌិន បានលើកឡើងពីភាពល្បីល្បាញរបស់ Pele នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ពិភពលោកស្គាល់ Pele តាំងពីមុន Messi, Ronaldo និង Beckham បង្ហាញខ្លួនម្លេះ។
 
លោក Pele បានចាប់ផ្តើមទទួលការព្យាបាលដោយគីមីក្នុងការយកចេញដុំសាច់ដែលបានដុះក្នុងពោះវៀនរបស់លោកតាំងខែសីហា ឆ្នាំ ២០២១ មកម្ល៉េះ។ លោក Pele ចាប់ផ្តើមពិបាកក្នុងការដើរក្រោយពីបរាជ័យក្នុងការវះកាត់ក្រលៀនកាលពីឆ្នាំ ២០១២ ហើយកាលពីឆ្នាំ ២០២០ អំឡុងពេលស្ថានភាពជំងឺកូវីដបានរីករាលដាលពេញពិភពលោក លោក Edison ដែលជាកូនប្រុសធ្លាប់បាននិយាយថាលោក Pele បានធ្លាក់ទឹកចិត្តក្រោយពីស្ថានភាពរាងកាយរងការឈឺចាប់។
 
សមិទ្ធផលដែលលោក Pele បានជួយក្រុមជម្រើសជាតិប្រេស៊ីល លោកបានជួយក្រុមឈ្នះ Copa Libertadores ២លើក, South America Champions League ១លើក, Intercontinental Cups ២លើក, ពានរង្វាន់ជាច្រើនទៀតនៅក្នុងក្លិប និង World Cup ៣លើក។ លោក Pele បានឈ្នះ World Cup លើកដំបូងក្នុងឆ្នាំ ១៩៥៨ ត្រឹមវ័យ ១៧ឆ្នាំ លើកទីពីរឆ្នាំ១៩៦២ បើទោះបីលោកមិនបានបង្ហាញវត្តមានដោយសាររបួស ហើយលើកទី៣ ក្នុងឆ្នាំ ១៩៧០។ លោក Pele បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាលទាត់ក្នុងឆ្នាំ ១៩៧៤៕ 
 

Tag:
 Pele
  Brazil
© រក្សាសិទ្ធិដោយ thmeythmey.com