កីឡាអន្តរជាតិ
អន្តរជាតិ
Neymar, Mbappe, Ronaldo, Messi ចាត់ទុក Pele ជាអ្នកបំផុសគំនិតបាល់ទាត់ទៅជាសិល្បៈនៃកីឡា
30, Dec 2022 , 12:29 pm        
រូបភាព
វីរបុរសបាល់ទាត់ប្រេស៊ីល ​Pele ដែលជួយប្រេស៊ីលឈ្នះ World ​Cup ២លើក បានទទួលមរណៈភាពក្នុងវ័យ ៨២ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីទប់ទល់នឹងជំងឺមហារីកជាច្រើនឆ្នាំ។ Neymar, Cristiano Ronaldo, Kylian Mbappe និង Lionel Messi ចាត់ទុក ​Pele ជាអ្នកបំផុសគំនិតកីឡាបាល់ទាត់ទៅជាសិល្បៈនៃកីឡាឱ្យមានប្រជាប្រិយភាពខ្លាំងឡើង។



លោក Pele កើតចេញពីគ្រួសារក្រីក្រ រហូតក្លាយជាវីរបុរសបាល់ទាត់ដ៏អស្ចារ្យប្រចាំប្រេស៊ីល និងពិភពលោក ក្លាយជាកីឡាករបាល់ទាត់តែម្នាក់ក្នុងពិភពលោកដែលឈ្នះពានរង្វាន់ World Cup ៣លើក ប្រចាំប្រវត្តិសាស្ត្រនៃបាល់ទាត់សម័យទំនើប។
  


 Pele បានកែប្រែកីឡាបាល់ទាត់ឱ្យទៅជាសិល្បៈនៃកីឡារហូតមកដល់បច្ចុប្បន្ន ហើយបានធ្វើឱ្យកីឡាមួយនេះមានភាពរស់រវើកជាមួយទេពកោសល្យរបស់កីឡាករ បូករួមនឹងបច្ចេកទេស បានធ្វើឱ្យការប្រកួតកាន់តែជក់ចិត្តសម្រាប់អ្នកទស្សនា។
 
ការគោរពកោតសរសើរចំពោះលោក Pele ពីឥស្សរជនល្បីៗ ក៏ដូចជាកីឡាករល្បីៗលើពិភពលោកបានកើតមានឡើង ដើម្បីជាការចូលរួមកាន់ទុក្ខនៃមរណភាពរបស់ស្តេចបាល់ទាត់ដ៏អស្ចារ្យប្រចាំពិភពលោក។ ប្រទេសប្រេស៊ីលក៏បានប្រកាសកាន់ទុក្ខបុណ្យសពរបស់លោក Pele រយៈពេល ៣ថ្ងៃ។
 
Neymar Jr. ខ្សែប្រយុទ្ធដ៏ឆ្នើមនាពេលបច្ចុប្បន្នរបស់ប្រេស៊ីលដែលពាក់អាវលេខ ១០ដូចទៅនឹងលោក Pele អំឡុងជាកីឡាករ​បានបង្ហោះសារលើបណ្តាញ Instagram ដូច្នេះថា៖«មុនការមកដល់របស់ Pele លេខ១០ ត្រឹមតែជាលេខធម្មតា ខ្ញុំបានអានរឿងរ៉ាវទាក់ទងរឿងនេះនៅកន្លែងមួយ ដូចទៅនឹងជីវិតខ្ញុំដែរ ប៉ុន្តែឃ្លានោះពិតជាស្រស់ស្អាតបើទោះមិនពេញលេញ ហើយខ្ញុំអាចនិយាយថាមុនការមកដល់របស់​ Pele បាល់ទាត់ត្រឹមតែជាកីឡាមួយប៉ុណ្ណោះ»។
  


ខ្សែប្រយុទ្ធឆ្នើមក្រុម PSG បន្ថែមថា Pele កែប្រែគ្រប់យ៉ាង លោកបានប្រែកីឡាបាល់ទាត់ឱ្យទៅជាសិល្បៈ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ហើយទៅក្នុងការកម្សាន្ត។ លោក Pele ក៏បានដាស់តឿនទៅកាន់មនុស្សក្រីក្រឱ្យតស៊ូ រួមទាំងមនុស្សស្បែកខ្មៅផងដែរ។ ពេលនេះលោកបានចាកឆ្ងាយ ប៉ុន្តែវេតមន្ត ទេពកោសល្យ និងបច្ចេកទេសបាល់ទាត់ដ៏អស្ចារ្យរបស់លោកនៅតែបន្សល់ទុកជាប់រហូត។ 
 
ប្រធានក្រុមប្រេស៊ីល Thiago Silva បង្ហោះនៅលើ Instagram ដូច្នេះថា៖«ចូលរួមរំលែកទុក្ខស្តេចបាល់ទាត់ ព្រះតាមជួយថែរក្សាគ្រួសាររបស់លោក។»។
 
Cristiano Ronaldo តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ក៏បានផ្ញើសារចូលរួមរំលែកទុក្ខមរណភាពរបស់លោក Pele ដែរ។ «ខ្ញុំសូមចូលរួមរំលែកទុកដ៏ក្រៀមក្រំចំពោះប្រជាជនប្រេស៊ីលទាំងអស់ ដើម្បីជាការចូលរួមចំណែកជាមួយគ្រួសារលោក Adson Arantes do Nascimento នេះជាការ«លា»ដល់ស្តេចបាល់ទាត់ ហើយនេះក៏មិនគ្រប់គ្រាន់ដើម្បីបង្ហាញពីការឈឺចាប់នៃបាល់ទាត់ដែលកំពុងតែកើតមាននៅពេលនេះ។ លោកជាមនុស្សដែលបានបំផុសគំនិតទៅកាន់មនុស្សរាប់លាននាក់។ […] លោកនឹងមិនអាចភ្លេចបានឡើយនូវការចងចាំដ៏ស្រស់បំព្រង ហើយជារៀងរហូតសម្រាប់យើងគ្រប់គ្នា អ្នកស្រលាញ់បាល់ទាត់ ចូលរួមរំលែកទុក្ខ ស្តេចបាល់ទាត់ Pele។»។ Ronaldo បានសរសេបង្ហោះលើ Instagram បែបនេះ។​​
  


 Kylian Mbappe ម្ចាស់ស្បែកជើងមាសនៅព្រឹត្តិការណ៍ World Cup 2022 ដែលត្រូវបានលោក Pele ចាត់ទុក្ខជាអ្នកបន្តវេនដ៏អស្ចារ្យនិងជាមិត្តភក្កិ បានសរសេរសារបង្ហោះរំលែកទុក្ខមរណភាពថា ៖«ស្តេចនៃបាល់ទាត់បានចាកចេញពីពួកយើងហើយ ប៉ុន្តែកេរិ៍្តដំណែលរបស់លោកនៅតែមិនអាចបំភ្លេចបាន។»។
 
Lionel Messi តារាឆ្នើមដែលបានជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 2022 ក៏បានផ្ញើសារដ៏ខ្លីមួយចូលរួមរំលែកទុក្ខទៅកាន់មរណភាពរបស់លោក Pele ផងដែរ។
បើតាមរយៈការផ្សព្វផ្សាយពីមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paolo ប្រទេសប្រេស៊ីលដែលជាទីកន្លែងរបស់ Pele បានសម្រាកព្យាបាលជំងឺនោះ បានប្រកាសពីមរណៈភាពរបស់លោក Pele នៅវេលាម៉ោង ៣:២៧ រសៀល ថ្ងៃទី២៩ ខែធ្នូ។ មូលហេតុនៃការស្លាប់របស់ស្តេចកីឡាបាល់ទាត់ប្រេស៊ីលត្រូវបានខាងមន្ទីរពេទ្យរៀបរាប់ថាដោយសារការបរាជ័យនៃដំណើរការសរីរាង្គច្រើនផ្នែកដែលបណ្តាលមកពីការវិវត្តនៃជំងឺមហារីកពោះវៀនធំ រួមជាមួយស្ថានភាពសុខភាពពីមុនរបស់លោក Pele៕
 


Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com