កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូសិង្ហបុរី៖ យកឈ្នះ វៀតណាម ជាបេសកកម្មសំខាន់នៅ AFF Cup
30, Dec 2022 , 2:40 pm        
រូបភាព
លោក Takayuki Nishigaya គ្រូជម្រើសជាតិសិង្ហបុរី (ឆ្វេង) និង លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម នាសន្និសីទសារព័ត៌មានមុនប្រកួត។ រូបពី AFF Mitusbishi Electric Cup
លោក Takayuki Nishigaya គ្រូជម្រើសជាតិសិង្ហបុរី (ឆ្វេង) និង លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម នាសន្និសីទសារព័ត៌មានមុនប្រកួត។ រូបពី AFF Mitusbishi Electric Cup
មុនជំនួបរវាងសិង្ហបុរី និងវៀតណាម ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅថ្ងៃទី៣០ ខែធ្នូ វេលាម៉ោង ៧:៣០យប់ លោក Takayuki Nishigaya គ្រូបង្វឹកជម្រើសជាតិសិង្ហបុរី បញ្ជាក់ថា បេសកកម្មសំខាន់របស់ក្រុម គឺយកឈ្នះវៀតណាម។ លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម ថាគ្រប់ការប្រកួត ក្រុមខ្លួនតែងមានគោលដៅឈ្នះជានិច្ច។


ក្រុមជម្រើសជាតិសិង្ហបុរី ដែលជាម្ចាស់ជើងឯក ៤សម័យព្រឹត្តិការណ៍ AFF Championship ជួបជាមួយវៀតណាម ម្ចាស់ជើងឯក២សម័យកាល នៅវេលាម៉ោង ៧:៣០ យប់។ លោក Takayuki Nishigaya គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី នឹងប្រើទម្រង់លេង មាន​ប្រសិទ្ធភាព ដែលធ្លាប់បានអនុវត្តដោយជោគជ័យ ក្នុង ២ប្រកួតកន្លងមក។ សិង្ហបុរី បានឈ្នះលើ មីយ៉ាន់ម៉ា ៣-២ និងឈ្នះលើ ឡាវ ២-០ នៅវគ្គសន្សំពិន្ទុពូល B។

លោក Takayuki ប្ដេជ្ញាថានឹងមិនធ្វើឲ្យអ្នកគាំទ្រខ្លួន ខកចិត្តចំពោះការប្រកួតក្នុងទឹកដីទេ ជាពិសេសលេងដោយឆន្ទៈ ហើយដណ្ដើមយកជ័យជំនះ មួយបន្ថែមទៀត។
 គ្រូបង្វឹកសញ្ជាតិជប៉ុន ចាត់ទុកជំនួបទល់វៀតណាម ជាបេសកកម្មសំខាន់បំផុតក្នុងការប្រកួតវគ្គចែកពូលនេះ។
  

លោក Takayuki Nishigaya គ្រូជម្រើសជាតិសិង្ហបុរី រូបពី AFF Mitsubishi Electric Cup 2022
 
«គន្លឹះសំខាន់ ដែលយើងទទួល បាន៦ពិន្ទុចំពោះ២ប្រកួតដំបូង គឺយើងបានអនុវត្តទម្រង់នោះ។ ដូច្នេះ យើង ត្រូវតែផ្ដោតលើការប្រកួតជាមួយក្រុមវៀតណាម។ យើង បានត្រៀមយ៉ាងល្អ ព្រោះយើងដឹងថា នឹងជួបជាមួយក្រុមដែលមានកម្រិតខ្លាំង។»។ លោក Takayuki បន្ថែមដូច្នេះ។
 
ចំណែក លោក Park Hang Seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម បានបញ្ជាក់ថា រាល់ការប្រកួតរបស់ក្រុមទាំងអស់ គឺមានគៅបំណងច្បាស់លាស់ ជាពិសេសការព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានជ័យជំនះ។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«សិង្ហបុរី និង វៀតណាម ឈ្នះពីរលើកដូចគ្នា។ រាល់ការប្រកួតដែលយើងប្រកួត យើងមកទីនេះដោយមានគោលបំណងច្បាស់លាស់ដើម្បីឈ្នះការប្រកួត។»។
 
មុនជំនួបរវាងសិង្ហបុរី និងវៀតណាម ក្នុងថ្ងៃជាមួយគ្នានេះ មីយ៉ាន់ម៉ា ត្រូវប៉ះក្រុមឡាវ នៅកីឡដ្ឋាន Thuwunna។ ក្រុមទាំងពីរ សុទ្ធតែគ្មានពិន្ទុនៅដោយក្រោមឆ្លងកាត់២ប្រកួត ប៉ុន្តែ មីយ៉ាន់ម៉ា មិនទានអស់ឱកាស ទៅវគ្គបន្ទាប់ទេ បើទោះមានតិចតួចក្តី ខណៈឡាវហាលអាវទៅហើយ។
 
គួរបញ្ជាក់ផងដែរថា សិង្ហបុរី ត្រូវស្វាគមន៍ ក្រុមជម្រើសជាតិវៀតណាម ក្នុងពូល B នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅថ្ងៃទី៣០ ខែធ្នូ នៅកីឡដ្ឋាន Jalan Besar វេលាម៉ោង ៧:៣០ យប់ បន្ទាប់ពីជំនួបរវាង ក្រុមមីយ៉ាន់ម៉ា និង ឡាវ នៅកីឡដ្ឋាន Thuwunna វេលាម៉ោង ៥:០០។ ក្នុងពូល B វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី សុទ្ធតែមាន ៦ពិន្ទុស្មើរគ្នា។ ការប្រកួតបន្ទាប់ក្នុងពូល B ជម្រើសជាតិវៀតណាម ត្រូវប្រកួតជាមួយ មីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមករា នៅកីឡដ្ឋាន My Dinh ចំណែក ម៉ាឡេស៊ី ត្រូវប៉ះជាមួយ សិង្ហបុរី នៅកីឡដ្ឋាន Bukit Jalil National៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com