អន្តរជាតិ
មានបញ្ហាសុខភាពមិនអាចដឹកនាំប្រទេសបាន នាយករដ្ឋមន្រ្តីឡាវ ផាន់ខាំ វិផាវណ្ណ សុំលាលែង
30, Dec 2022 , 3:28 pm        
រូបភាព
លោក ផាន់ខាំ វិផាវណ្ណ នាយករដ្ឋមន្រ្តីឡាវដែលសុំលាលែងពីតំណែង។ រូបថត AFP
លោក ផាន់ខាំ វិផាវណ្ណ នាយករដ្ឋមន្រ្តីឡាវដែលសុំលាលែងពីតំណែង។ រូបថត AFP
លោក សុនសៃ ស៊ីផានដន (Sonexay Siphandone) ត្រូវបានសភាឡាវបោះឆ្នោតគាំទ្រជានាយករដ្ឋមន្រ្តីឡាវថ្មី ជំនួសលោក ផាន់ខាំ វិផាវណ្ណ (Phankham Viphavanh) ដែលប្រាប់សមាជិកសភាថា លោកមានបញ្ហាសុខភាព ហើយមិនអាចដឹកនាំរដ្ឋាភិបាលទៀត។

 
នាកិច្ចប្រជុំចុងក្រោយរបស់សភាឡាវ លោក សុនសៃ ស៊ីផាន់ដន ដែលជាឧបនាយករដ្ឋមន្រ្តី ទទួលបានគាំទ្រជិត១០០ភាគរយតែម្ដង។ លោក​ ផាន់ខាំ ដឹកនាំរដ្ឋាភិបាលចាប់ពីខែមីនា ឆ្នាំ២០២១មក។


លោក សុនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវថ្មី។ រូបថត Vientiane Times

ថ្លែងទៅកាន់សមាជិកសភា លោក ផាន់ខាំ លើកយកបញ្ហាសុខភាពដើម្បីស្នើសុំការចូលនិវត្តន៍មុនកំណត់បែបនេះ។ មនុស្សលំដាប់ទី២ ក្នុងជួរបក្សប្រជាជនបដិវត្តន៍រូបនេះ ក៏យោងដល់ហេតុផលជំងឺកូវីដ-១៩​ និងវិបត្តិសេដ្ឋកិច្ចសាកល ដែលធ្វើឱ្យសុខភាពលោកមិនអាចទ្រាំទ្របាន។
 
«ខ្ញុំមានអាយុ៧២ឆ្នាំ ហើយមិនមានសុខភាពល្អឡើយ។ ដោយសាររឿងនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទ្រាំទ្រអម្រែកដ៏ធ្ងន់ដែលប្រទេសជាតិកំពុងជួបប្រទះឡើយ។» លោក វិផាវណ្ណ ប្រាប់សមាជិកឡាវបែបនេះ ហើយត្រូវបានផ្សាយដោយកាសែត The Laotian Times ។
 
ប្រធានាធិបតីឡាវ ថងលួន ស៊ីសូលីត ក៏យល់ព្រមតាមសំណើរបស់លោក វិផាវណ្ណ តាំងពីថ្ងៃទី១៥ ខែធ្នូមកម្ល៉េះ។
 
លោក សុនសៃ វ័យ៥៦ឆ្នាំ ជាកូនប្រុសរបស់អតីតមេដឹកនាំឡាវ ខាំតៃ ស៊ីផាន់ដន ដែលនៅតែមានឥទ្ធិពលខ្លាំងនៅឡើយក្នុងជួរបក្សកុម្មុយនីស្តឡាវ៕
 

Tag:
 ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com