កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
ក្រោមការដឹកនាំរបស់ Deschamps ក្រុមជម្រើសជាតិបារាំង មានកម្រិតលេងខ្ពស់ នៅ World Cup?
31, Dec 2022 , 8:29 am        
រូបភាព
ប្រើរយៈពេលត្រឹម ៤ឆ្នាំ ក្រោយបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ពួកគេអាចឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតាសារជាថ្មីម្តងទៀត ដែលជាលើកទីពីរជាប់គ្នា។ តាំងពី ២០១២ មកដល់ឆ្នាំ ២០២២ យើងអាចមើលឃើញការប្រែប្រួលខ្លាំងរបស់ក្រុមជម្រើសជាតិបារាំងស្ថិតក្រោមការដឹកនាំរបស់លោក Didier Deschamps។ តើបារាំងនឹងមានអនាគតល្អភ្លឺស្វាងក្នុងការប្រជែងឈ្នះ World Cup ម្តងទៀតឬយ៉ាងណា?


 
លោក Deschamps ត្រូវបានតែងតាំងឱ្យចូលមកដឹកនាំក្រុមជម្រើសជាតិបារាំងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។ ការវិវត្តរបស់ក្រុមជម្រើសជាតិបារាំងក្នុងដំណើរទៅកាន់តំណែងជើងឯកម្តងទៀត ហាក់បីប្រែប្រួលខ្លាំងចាប់តាំងពីព្រឹត្តិការណ៍ World Cup 2014 មក ដោយកាលនោះបារាំងឈានជើងឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។ កាលនោះបារាំងធ្លាក់ចេញក្រោមថ្វីជើងម្ចាស់ពាន World Cup 2014 អាល្លឺម៉ង់លទ្ធផល ១-០។
 
ការវិវត្តរបស់បារាំងដែលលោក Deschamps បានដឹកនាំធ្វើឱ្យបារាំងវិលទៅជាក្រុមខ្លាំងនិងដ៏គួរឱ្យភ័យខ្លាចនៅតំបន់អឺរ៉ុប ក្នុង World Cup ឆ្នាំ ២០១៨ ។ ទម្រង់លេងការពារនិងវាយបកដ៏រហ័សរហួនបារាំងបានប្រើក្នុងការប្រកួតទទួលបានប្រសិទ្ធិភាពខ្លាំង ជាមួយកីឡាករវ័យក្មេងជាមួយល្បឿនលាយឡំទេពកោសល្យដ៏គួរឱ្យភ្ញាក់ផ្អើល។ តំបន់ការពារបារាំងចាប់ផ្តើមមានភាពរឹងមាំខ្លាំង ក្រុមកីឡាករលេងបាល់ដោយការដាក់សម្ពាធតាមបិទគូប្រកួតមិនឱ្យមានបាល់លេងដោយងាយៗ រួមជាមួយតំបន់បម្រើកណ្តាលមានកីឡាករគម្រិតពិភពលោកចាំដឹកនាំក្រុមលេងនិងការចែកបាល់ដ៏ល្អ ហើយបារាំងក៏មានកីឡាករតំបន់ប្រយុទ្ធដ៏មុតស្រួចនិងគួរឱ្យភ័យខ្លាចចាំសម្រេចទីដ៏ជោគជ័យ។ 
 
ភាពច្នៃប្រឌិតសម្រាប់ការដឹកនាំរបស់លោក Deschamps នៅក្រុមជម្រើសជាតិបារាំង ការដោះដូរកីឡាករឱ្យសក្កិសមទៅនឹងបច្ចេកទេសគូប្រកួត ការកែប្រែស្ថានការណ៍ និង យល់ពីយុទ្ធសាស្រ្តគូប្រកួត ដែលនេះជាចំណុចពិសេសនៃការដឹកនាំដ៏ឆ្លាត់វ័យរបស់គ្រូបង្វឹកវ័យ ៥៤ឆ្នាំរូបនេះ។ ជារឿងរាល់ឆ្នាំសមត្ថភាពកីឡាករវ័យក្មេងជាច្រើនបានអភិវឌ្ឍឡើងថ្មីជានិច្ច ហើយការជ្រើសរើសកីឡាករក៏ជារឿងដ៏សំខាន់ដែរ។ ជាក់ស្តែងបារាំងបច្ចុប្បន្នមានខ្សែប្រយុទ្ធដ៏មុតស្រួច Kylian Mbappe ព្រមទាំងកីឡាករវ័យក្មេងជាច្រើនកំពុងអភិវឌ្ឍសមត្ថភាពលេង ក្នុងបាល់ទាត់គម្រិតកំពូលទៅកាន់ពេលអនាគត។
 
លេងក្នុងការប្រកួត World Cup នៅប្រទេសរុស្ស៊ីឆ្នាំ ២០១៨ បារាំងចាប់ផ្តើមបង្ហាញសមាសភាពក្រុមកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើល សម្បូរទៅដោយកីឡាករវ័យក្មេង មានទេពកោសល្យជាមួយនឹងសមត្ថភាពលេងនៅតាមក្លិបធំៗជាច្រើន ក្នុងតំបន់អឺរ៉ុប ជាពិសេសលីគកំពូលធំៗទាំង ៥។ បារាំងបានក្លាយជាម្ចាស់ជើងឯកពិភពលោកលើកទីពីរក្នុងប្រវត្តិសាស្រ្តខ្លួន ក្រោយប្រកួតយកឈ្នះក្រូអាស៊ីក្នុងលទ្ធផល ៤-២ នៅឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ 


 
មកដល់ឆ្នាំ ២០២២ បារាំងបានបង្កើតរឿងរ៉ាវសឹងតែមិនគួរឱ្យជឿសម្រាប់អ្នកគាំទ្រ ដោយបារាំងអាចឈានជើងទៅកាន់វគ្គផ្តាច់ព្រ័ត្រម្តងទៀត ដោយគ្មានវត្តមានកីឡាករសំខាន់ៗ ដែលធ្លាប់បានជួយក្រុមឈ្នះពានឡើយ។ បើទោះបីគ្មានកីឡាករសំខាន់ៗចំនួន ៦រូប Paul Pogba, N’golo Kante, Presnel Kimpembe, Axel Disasi, Chrishtopher Nkunku និង Karim Benzema ហើយជំនួសដោយកីឡាករចំណូលថ្មីជាច្រើនរូបក្តី ក៏លោក Deschamps នៅតែដឹកនាំក្រុមធ្វើបានល្អក្នុងការប្រកួតជាមួយតំបន់ប្រយុទ្ធដ៏មុតស្រួច ជាមួយខ្សែការពារដ៏រឹងមាំ។ បារាំងខកខានឈ្នះពានក្រោយចាញ់ក្រោមថ្វីជើងក្រុមអាហ្សង់ទីនដោយការស៊ុតបាល់កាតសេចក្តី ១១ម៉ែត្រ ៤-២ ក្រោយលទ្ធផល ១២០នាទីស្មើ ៣-៣។
 
មកកាន់ព្រឹត្តិការណ៍ World Cup 2022 បារាំងបាននាំក្រុមកីឡាករវ័យក្មេងជាច្រើន លាយឡំជាមួយក្រុមកីឡាករចាស់ៗមួយចំនួន ដែលមានបទពិសោធន៍នៅ World Cup ស្រាប់ក្នុងនោះរួមមានអ្នកចាំទី Hugo Lloris, Raphael Varane, Antoine Griezmann, Olivier Giroud និង Kylian Mbappe ទោះវ័យក្មេងតែសមត្ថភាពខ្លាំងមិនធម្មតា។ ក្នុងចំណោមការប្រកួតទាំង ៣២ក្រុម ហ្កាណាមានកីឡាករវ័យក្មេងជាងគេអាយុមធ្យម ២៤ឆ្នាំ, អ៊ីរ៉ងមានកីឡាករវ័យចំណាស់ជាងគេដោយអាយុមធ្យម ២៨ឆ្នាំ។
 
នៅការប្រកួត World Cup 2022 ភាគច្រើននៃកីឡាករបារាំងដែលបានចូលលេងជម្រើស ១១នាក់ដំបូងគឺសម្បូរដោយកីឡាករវ័យក្រោម ២៦ឆ្នាំ លាយឡំជាមួយកីឡាករជើងចាស់មានបទពិសោធន៍ ៣ ឬ ៤រូបក្នុងនោះ។ ចាប់ផ្តើមពី Kylian Mbappe ដែលមានទេពកោសល្យដ៏គួរឱ្យភ្ញាក់ផ្អើលត្រឹមវ័យ ២៤ឆ្នាំ នៅមានកីឡាករវ័យប្រហែលរូបគេដែលនៅក្រុមជម្រើសជាតិបារាំងនឹងមានសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើល។ 
 
ខ្សែការពារ Ibrahima Konate ២៣ឆ្នាំ, Jules Koundem ២៣ឆ្នាំ, William Saliba ២១ឆ្នាំ, Youssouf Fofana ២៣ឆ្នាំ, Eduardo Camavinga ១៩ឆ្នាំ, Metteo Guendouzi ២៣ឆ្នាំ, Aureliem Tchouameni ២២ឆ្នាំ និង Randal Kolo Muani វ័យ ២៣ឆ្នាំ ស៊ុតសឹងជាកីឡាករកំពុងពេញសមត្ថភាពរបស់បារាំង ខណៈកីឡាករមួយចំនួនមានវ័យចាប់ពី ២៥ឡើងទៅនៅមានពេលវេលាជាមួយក្រុមបន្ត។ 
 
មិនខុសពីអាហ្សង់ទីនដែលទើបគ្រងតំណែងជើងឯកបាល់ទាត់ពិភពលោកលើកទី៣ កាលពីថ្ងៃទី១៨ ខែធ្នូ ឡើយ ពួកគេធ្វើដំណើរមក World Cup 2022 ជាមួយធនធានកីឡាករវ័យក្មេងមានទេពកោសល្យជាច្រើន ដើម្បីប្រកួតប្រជែងនឹងអភិវឌ្ឍអនាគតឱ្យបានកាន់តែល្អបន្ថែមទៀត។ បារាំងក៏ដូចគ្នា។ ឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្រ បើទោះមិនឈ្នះពានក្តី ក៏វាបានក្លាយជាបទពិសោធន៍បន្ថែម សម្រាប់កីឡាករវ័យក្មេងទាំងនោះ របស់ក្រុមបារាំងដែរ៕
 

Tag:
 World Cup
  France
© រក្សាសិទ្ធិដោយ thmeythmey.com