ជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍សំខាន់ៗកើតឡើងនៅក្នុងឆ្នាំ២០២២
31, Dec 2022 , 9:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្នុងឆ្នាំ២០២២ រឿងរ៉ាវសំខាន់ៗ បានកើត ក្រោយពីជំងឺកូវីដ-១៩ ហាក់ស្ងៀមស្ងាត់។ បញ្ហាសំខាន់ៗទាំងនេះ ត្រូវបានពិភពលោកតាមដានយ៉ាងដិតដល់ ខណៈបញ្ហាខ្លះ បានធ្វើឱ្យពិភពលោកឈឺក្បាលយ៉ាងខ្លាំង។ ខាងក្រោមនេះ ជាព្រឹត្តិការណ៍សំខាន់ៗកើតឡើងនៅក្នុងឆ្នាំ២០២២។

 
១.សង្រ្គាមនៅអ៊ុយក្រែន
 
ក្នុងថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបញ្ជូនទ័ពទៅក្នុងដីអ៊ុយក្រែន ដើម្បីវាយប្រហារ ក្រោមហេតុផលជួយសង្រ្គោះប្រជាជនខ្លួន ក្រោមការដឹកនាំរបស់ពួកណាហ្ស៊ី។ បើទោះការវាយប្រហារនេះ ត្រូវបានបណ្តាប្រទេសជាច្រើន រួមទាំងការដាក់ទណ្ឌកម្មផង រុស្ស៊ី នៅតែបន្តបេសកកម្មរបស់ខ្លួន។ មិនតែប៉ុណ្ណោះ នៅក្នុងខែកញ្ញារុស្ស៊ី បានប្រកាសដាក់បញ្ចូលដែនដីអ៊ុយក្រែនចំនួន ៤ ដូចជា តំបន់ Donetsk, តំបន់ Luhansk, តំបន់ Kherson, និងតំបន់ Zaporizhzhia ជារបស់ខ្លួនថែមទៀត។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ី នឹងប្រើគ្រប់មធ្យោបាយទាំងអស់របស់ខ្លួន ដើម្បីការពារដែនដីដែលខ្លួនយកមកពីអ៊ុយក្រែនថែមទៀត។ 
 
២.កិច្ចប្រជុំអាស៊ាន
 
ក្នុងឆ្នាំ២០២២ កម្ពុជាបានធ្វើជាប្រធានអាស៊ានផ្លាស់វេនលើកទី៣ ក្រោយក្លាយជាសមាជិកនៅក្នុងឆ្នាំ ១៩៩៩។ ក្នុងឆ្នាំនេះ កម្ពុជាបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាជាច្រើន ជាពិសេសសង្រ្គាមនៅអ៊ុយក្រែន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ការស្តារសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកឡើងវិញក្រោយជំងឺកូវីដ-១៩ ផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ ទន្ទឹមនេះ អាស៊ាន បានឯកភាពជាគោលការណ៍ទទួលយកទីម័រខាងកើតជាសមាជិកទី១១ រួមទាំងបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ថែមទៀត។ 
 
៣. កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20)
 
ស្របគ្នានេះ ឥណ្ឌូណេស៊ីឯណោះវិញ បានធ្វើជាប្រធានផ្លាស់វេនកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០។ ក្នុងអំឡុងកិច្ចប្រជុំនេះ នៅខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន បានជួបគ្នាជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាម៉េរិកចូលកាន់តំណែង។ បញ្ហាសំខាន់ៗដូចជា អ៊ុយក្រែន កោះតៃវ៉ាន់ ការបម្រែបម្រួលជារបៀបវារៈដ៏សំខាន់។ 
 
៤. កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក
 
សម្រាប់ឆ្នាំនេះ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក ត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក។ ក្នុងពេលថៃរៀបចំកិច្ចប្រជុំក្នុងខែវិច្ឆិកា ប្រជាជនថៃជាច្រើននាក់ បានចេញមកតវ៉ា និងបានប៉ះទង្គិចជាមួយប៉ូលិសថៃថែមទៀត ក្រោយការហាមឃាត់របស់ប៉ូលិសមិនឱ្យក្រុមអ្នកតវ៉ាធ្វើដំណើរឆ្ពោះទៅកន្លែងរៀបចំកិច្ចប្រជុំ APEC។ ការប៉ះទង្គិចបានឈានទៅដល់ការបាញ់គ្រាប់កាំភ្លើងជ័រថែមទៀត។ 
 
៥. សមាជបក្សកុម្មុយនីស្តចិន 
 
បក្សកុម្មុយនីស្តចិន បើកសមាជបក្សលើកទី២០ របស់ខ្លួន នៅក្នុងខែតុលាកន្លងទៅ។ ក្នុងសមាជបក្សនេះលោក ស៊ី ជិនភីង ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សលើកទី ៣ បន្តទៀត។ មិនតែប៉ុណ្ណោះ សមាសភាពគណៈអចិន្ត្រៃយ៍ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏មានអំណាចចំនួន ៧នាក់ ក៏ត្រូវបានរៀបចំថ្មីផងដែរ។ 

៦. ការដោះដូរនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី
 
ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តីបានជាង ៤០ថ្ងៃ លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងប្រធានបក្សអភិរក្សនិយម នៅក្នុងខែតុលាកន្លងទៅ។ នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស។ ក្រោយការបោះឆ្នោតតាមនីតិវិធីរបស់បក្សអភិរក្សនិយម លោក Rishi Sunak បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី។ 
 
៧. ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកទៅតៃវ៉ាន់
 
នៅក្នុងខែសីហា លោកស្រីណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ។ ទស្សនកិច្ចមួយនេះ បានធ្វើឱ្យចិនផ្ទុះកំហឹងយ៉ាងខ្លាំង ហើយថែមទាំងប្រកាសដាក់ទណ្ឌកម្មលើលោកស្រី និងក្រុមគ្រួសារថែមទៀត។ ក្រោយដំណើរទស្សនកិច្ចនេះ ចិនបានធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមាន៕ 

Tag:
 ចិន
  រុស្ស៊ី
  អ៊ុយក្រែន
  អាស៊ាន
  កម្ពុជា
  ថៃ
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com