ជាតិ
សម្ដេច ហ៊ុន សែន ចង់ឱ្យអភិបាលខេត្តដទៃដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការដូចលោក ម៉ៅ ធនិន
31, Dec 2022 , 3:19 pm        
រូបភាព
សម្ដេច ហ៊ុន  សែន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
សម្ដេច ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
សម្ដេច ហ៊ុន សែន បានបន្តជំរុញឱ្យអភិបាលខេត្តនានា ដោះស្រាយទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការ ដោយប្រកាន់ជំហរអព្យាក្រឹត្យ ដើម្បីរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានសរសើរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ និងទទួលបានការគាំទ្រច្រើនពីសាធារណជន។

 
 
«បើសិនជាអភិបាលខេត្តគ្រប់ខេត្ត ធ្វើត្រឹម ម៉ៅ ធនិន ធ្វើនៅខេត្តពោធិ៍សាត់ ហើយបន្ដមកធ្វើនៅកំពត ខ្ញុំគិតថា ជម្លោះដីធ្លីនឹងស្ងប់ឯង ព្រោះមិនមានអីច្រើនទេ»។ សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។ 
 
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ជាអ្វីដែលនាយករដ្ឋមន្រ្តីចង់ឃើញ ចៀសជាង ការដោះស្រាយទំនាស់ដីធ្លី ក្នុងប្រព័ន្ធតុលាការ។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ក៏បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។
 
សម្ដេច ហ៊ុន សែន បានថ្លែងថា ជម្លោះដីធ្លីភាគច្រើន មាននៅក្នុងក្រុមគ្រួសារប៉ុណ្ណោះ។ ទំនាស់ខ្លះ កើតឡើងរវាងម្ដាយ ឪពុកជាមួយកូន ហើយខ្លះទៀត ជាទំនាស់រវាងបងប្អូនបង្កើត។ ករណីវិវាទឈានដល់តុលាការ មិនអាចកាត់ឲ្យស្មើគ្នាបានទេ ច្បាស់ជាមានអ្នកឈ្នះ និងអ្នកចាញ់។
 
លោក ម៉ៅ ធនិន បានដោះស្រាយទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការបានជោគជ័យ និងមានការគាំទ្រតាមបណ្ដាញសង្គមខ្លាំង អំឡុងពេលលោកធ្វើជាអភិបាលខេត្តពោធិ៍សាត់។ លោក ម៉ៅ ធនិន បានចូលកាន់តំណែងជាអភិបាលខេត្តកំពតជាផ្លូវការ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ មិនខុសពីរបៀបធ្វើការចាស់ អភិបាលខេត្តរូបនេះ បានបន្តដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធ ហើយចាក់ផ្សាយតាមបណ្ដាញសង្គម។ 
 
ចំណុចនេះហើយ ដែលសម្ដេច ហ៊ុន សែន បានពេញចិត្តលោក ម៉ៅ ធនិន យ៉ាងខ្លាំង ក្នុងកិច្ចការដោះស្រាយជម្លោះជូនប្រជាពលរដ្ឋក្នុងខេត្ត។ សម្ដេច ហ៊ុន សែន បានហៅលោក ម៉ៅ ធនិន ថា កូន ថែមទៀតផង។ 
 
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ៖ «ខ្ញុំសូមលើកទឹកចិត្ត! ខេត្តកំពត ប្រជាពលរដ្ឋបានស្ងប់ចិត្តច្រើនហើយ។ (ម៉ៅ ធនិន) ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងមិចឲ្យខេត្តកំពត ទៅជាខេត្តសុវត្ថិភាពបំផុត ជាខេត្តគ្មានជម្លោះដីធ្លី ជាខេត្តដែលចៅហ្វាយខេត្តឈរដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ។ កូន (ម៉ៅ ធនិន) ត្រូវបន្ដធ្វើទៅ»។
 
មិនមែនតែ នាយករដ្ឋមន្រ្តីទេ ដែលសរសើរលោក ម៉ៅ ធនិន! កន្លងមក សម្ដេច ស ខេង ក៏បានសរសើរអតីតអភិបាលខេត្តពោធិ៍សាត់រូបនេះដែរ នាពេលលោកចូលកាន់តំណែងជាអភិបាលខេត្តកំពត  ជំនួសលោក ជាវ តាយ ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់ ។
 
នាពេលនោះ សម្ដេច ស ខេង បានថ្លែងដូច្នេះ៖ « «អភិបាលខេត្តទាំងអស់អាចពិចារណា និងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន» ៕ 

Tag:
 ម៉ៅ ធនិន
  កំពត
  ទំនាស់ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com