ជាតិ
អន្តរជាតិ
WHO ជំរុញចិនឱ្យបង្ហាញតួលេខពិតនៃអ្នកជំងឺកូវីដ-១៩ ជាប្រចាំ
31, Dec 2022 , 3:59 pm        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៣០ ខែធ្នូ បានជំរុញឱ្យចិនផ្សព្វផ្សាយព័ត៌មានជាក់លាក់អំពីស្ថានភាពជំងឺកូវីដ-១៩ និងរាយការណ៍អត្រាអ្នកឆ្លង រួមទាំងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឱ្យបានទៀងទាត់រាល់ថ្ងៃ។


 
ក្រោយបន្ធូរបន្ថយការរឹតបន្តឹងក្នុងប្រទេសនៅដើមខែធ្នូ ករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅចិនបានកើនឡើងជាលំដាប់ដែលបង្កឱ្យមានការព្រួយបារម្ភជុំវិញពិភពលោក។ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ចុងក្រោយដែលអាជ្ញាធរចិនបានរាយការណ៍ មានរហូតដល់ជិត ៥ពាន់ករណី។ ប៉ុន្តែគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក៏ឈប់ចេញរបាយការណ៍អ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ តាំងពីថ្ងៃទី២៥ ខែធ្នូរហូតមក។ 
 
មន្រ្តីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣០ ខែធ្នូ បានជួបជាមួយមន្ត្រីសុខាភិបាលចិន បានជំរុញឱ្យចិនរាយការណ៍ព័ត៌មានពិតអំពីស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេស និងបង្ហាញអត្រាអ្នកជំងឺកូវីដ-១៩ ឡើងវិញឱ្យបានទៀងទាត់។ លើសពីនេះ ទីភ្នាក់ងារសុខភាពរបស់ UN ជំរុញឱ្យទីក្រុងប៉េកាំងទទួលបានការគាំទ្របន្ថែមទៀត។ 
 
«WHO បានស្នើសុំចិនរាយការណ៍ជាទៀងទាត់ចំពោះទិន្នន័យជាក់លាក់អំពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ រួមទាំងទិន្នន័យស្តីពីផលប៉ះពាល់នៃជំងឺ រួមទាំងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការសង្គ្រោះបន្ទាន់ និងការស្លាប់»។ WHO បានលើកឡើងបែបនេះមុនបន្តស្នើសុំទិន្នន័យស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសចំពោះអ្នកដែលងាយរងគ្រោះ និងអ្នកដែលមានអាយុលើសពី៦០ ឆ្នាំ។
 
ជំនួបនេះបានធ្វើឡើងបន្ទាប់ពីអគ្គនាយក WHO Tedros Adhanom Ghebreyesus បានជំរុញឱ្យទីក្រុងប៉េកាំង បង្ហាញភាពច្បាស់លាស់អំពីស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ភាគីទាំងពីរនៃជំនួបក៏បានផ្លាស់ប្តូរយោបល់លើស្ថានភាពជំងឺនាពេលបច្ចុប្បន្ន ដើម្បីសម្រួលព្យាបាល ការចាក់វ៉ាក់សាំង និងបញ្ហាបច្ចេកទេសផ្សេងៗទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កន្លងមក អង្គការសុខភាពពិភពលោក (WHO) សង្ស័យថា ការរាយការណ៍តួលេខអ្នកឆ្លង និងអ្នកស្លាប់ជាព័ត៌មានមិនពិត ដែលតិចជាងចំនួនពិតប្រាកដ ព្រោះមន្ទីរពេទ្យ និងកន្លែងដាក់សពមួយចំនួនពេញទៅដោយអ្នកកើតជំងឺកូវីដ-១៩។ តួលេខអ្នកជំងឺកូវីដ-១៩ ផ្លូវការពីចិនបានក្លាយទៅជាទិន្នន័យមិនអាចជឿទុកចិត្តបាន ព្រោះ WHO យល់ថាចាប់ពីចិនបន្ធូរវិធានការសូន្យកូវីដ ការធ្វើតេស្តរបស់ប្រជាជនមិនបានប្រព្រឹត្តទៅពេញប្រទេស ដូច្នេះករណីឆ្លងក៏ឃើញតិចទៅតាមនោះ ហើយករណីសង្គ្រោះបន្ទាន់ និងស្លាប់ក៏មានតិចផ្ទុយពីស្ថានភាពជាក់ស្ដែង។ 
 
គួរបញ្ជាក់ថា NHC មិនបានប្រាប់ពីហេតុផលបញ្ឈប់ការរាយការណ៍ទិន្នន័យអ្នកជំងឺកូវីដ-១៩ ឡើយ។ បច្ចុប្បន្ន ស្ថានភាពកូវីដ-១៩ នៅចិនកំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ហើយប្រជាជនចិនដែលធ្វើដំណើរទៅ អាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌា ជប៉ុន អ៊ីតាលី និងតៃវ៉ាន់ សុទ្ធតែតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ-១៩ ជាមុនសិន៕ 
 

Tag:
 WHO
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com