ជាតិ
សង្គមជាតិ
ច្បាប់ថ្មី៖ បើកយានយន្តគ្រប់ប្រភេទ រាប់ទាំង «អ្នកបើកម៉ូតូ» មិនត្រូវស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនឡើយ
31, Dec 2022 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
មិនមែនតែអ្នកបើករថយន្តធំៗ និងរថយន្តទូទៅនោះទេ សូម្បីអ្នកបើកត្រឹមម៉ូតូ ក៏មិនត្រូវអនុញ្ញាតឲ្យបើកដែរ បើរកឃើញមានសារជាតិញៀនក្នុងខ្លួន។


  
ក្នុងពិធីជួបសំណេះសំណាលជាមួយស្ថាបត្យករ វិស្វករ និងជាងដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងដូច្នេះថា៖«ចំណុចពិសេស [ក្នុងច្បាប់ចរាចរណ៍ថ្មី គឺ] អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវស្ថិតក្រោមសារធាតុញៀន។ គ្រប់ប្រភេទនេះ ចង់និយាយតាំងពីម៉ូតូទៅ រហូតដល់ឡាន»។


សម្តេច ស ខេង ស្ថិតក្នុងពិធីជួបសំណេះសំណាលជាមួយស្ថាបត្យករ វិស្វករ និងជាងដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ 

បច្បុប្បន្ន ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បូករួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំសរសេរច្បាប់ចរាចរណ៍សាជាថ្មីឡើងវិញ។ សម្តេច ស ខេង អះអាងថា ច្បាប់ចរាចរណ៍ថ្មីនេះ អាចនឹងបញ្ជូនទៅដល់រដ្ឋសភា និងអាចដាក់ឲ្យអនុវត្ត នៅក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២៣។ 
 
សម្តេចរដ្ឋមន្រ្តី លើកឡើងម្តងទៀតថា ពេលច្បាប់ចរាចរណ៍ ត្រូវដាក់ឲ្យអនុវត្ត អ្នកបើកបររថយន្តគ្រប់ប្រភេទ នឹងត្រូវដាក់កាតព្វកិច្ចឲ្យធ្វើតេស្តរកសារជាតិញៀន។ សម្តេច បន្តថា អ្នកបើករថយន្ត ដូចជា អ្នកបើករថយន្តដឹកកម្មករ និងអ្នកបើករថយន្តដឹកភ្ញៀវ ជាដើម នឹងត្រូវដកសិទ្ធិបើកបរតែម្តង មិនមែនត្រឹមផ្អាក ឬព្យួរសិទ្ធិបើកបរនោះទេ បើពួកគេ ត្រូវរកឃើញថាមានសារជាតិញៀន។ ចំពោះអ្នកបើកម៉ូតូ នឹងត្រូវដាក់កាតព្វកិច្ចឲ្យធ្វើតេស្តរកសារជាតិញៀនដែរ ឬក៏អត់នោះ សម្តេច ពុំបានបញ្ជាក់ឡើយ។ 
 
ទន្ទឹមនឹងការសរសេរច្បាប់ចរាចរណ៍ឡើងវិញ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន កំពុងត្រូវបានរៀបចំធ្វើវិសោធនកម្ម ដោយមានក្រសួងយុត្តិធម៌ ជាបង្គោលក្នុងការធ្វើវិសធនកម្មនេះ។ សម្តេច ស ខេង ថ្លែងកន្លងមកថា ខ្លឹមសារថ្មីក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននេះ នឹងដាក់កាតព្វកិច្ចឲ្យធ្វើតេស្តរកសារជាតិគ្រឿងញៀនជាមុនសិន ចំពោះអ្នក ដែលសុំចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងតាមក្រុមហ៊ុនឯកជន។ ខ្លឹមសារថ្មី ថែមទាំងដាក់កាតព្វកិច្ចឲ្យគ្រូ បុគ្គលិកអប់រំ និងសិស្សានុសិស្សវ័យជំទង់ ធ្វើតេស្តរកសារជាតិញៀនផងដែរ៕  
 
 

Tag:
 គ្រឿងញៀន
  អ្នកបើកម៉ូតូ
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com