កីឡាជាតិ
ជាតិ
សិង្ហបុរី វៀតណាម និងម៉ាឡេស៊ី ប្រជែងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រីឯ មីយ៉ាន់ម៉ា និងឡាវ ហាលហាវ ត្រឹមវគ្គចែកពូល
31, Dec 2022 , 5:39 pm        
រូបភាព
ការប្រកួតរវៀងជម្រើសជាតិវៀតណាម និងសិង្ហបុរី រូបពី AFF Mitsubishi Electric Cup
ការប្រកួតរវៀងជម្រើសជាតិវៀតណាម និងសិង្ហបុរី រូបពី AFF Mitsubishi Electric Cup
នៅក្នុងពូល B នៃការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុមជម្រើសជាតិវៀតណាម មាន៧ពិន្ទុ ស្មើជាមួយ សិង្ហបុរី បន្ទាប់ពីជំនួបរវាងក្រុមទាំងពីរនេះ បានបញ្ចប់ទៅក្នុងលទ្ធផល ០-០ នៅកីឡដ្ឋាន Jalan Besar នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ចំណែក មីយ៉ាន់ម៉ា ប្រកួតស្មើជាមួយ ឡាវ ក្នុងលទ្ធផល ២-២ នៅកីឡដ្ឋាន Thuwunna។


 
ក្រុមសិង្ហបុរី ម្ចាស់ជើងឯក៤សម័យកាល បានបញ្ចប់ការប្រកួតទី៣ ក្នុងវគ្គចែកពូល ដោយស្មើជាមួយវៀតណាមក្នុងលទ្ធផលដែលមិនមានគ្រាប់បាល់បញ្ចូលទីឡើយ។ ក្នុងការប្រកួតនេះ ម្ចាស់ផ្ទះសិង្ហបុរី ត្រូវបានក្រុមភ្ញៀវដាក់សម្ពាធជាខ្លាំង ប៉ុន្ដែ ដោយមើលទៅលើការគ្រប់គ្រងបាល់ច្រើនជាង និងការសុតចំគោលដៅចំនួន ៥លើក ខណៈសិង្ហបុរី ស៊ុតចំគោលដៅតែ១លើកប៉ុណ្ណោះ។
 
អ្វី ដែលជាការព្រួយបារម្ភសម្រាប់សិង្ហបុរី គឺជាការប្រកួតចុងក្រោយ នៅក្នុងវគ្គចែកពូល ព្រោះត្រូវជួបជាមួយ ម៉ាឡេស៊ី ជើងឯកឆ្នាំ២០១០ និងជាក្រុមដែលធ្លាប់ឈ្នះជើងឯករង និងចំណាត់ថ្នាក់លេខ៣ ច្រើនជាងគេ។ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នា ៧លើករួចមកហើយ ក្នុងព្រឹត្តិការណ៍ AFF Championship ក្នុងនោះសិង្ហបុរី ឈ្នះ ៣លើក ស្មើ១ និងចាញ់៣។ មើលទៅលើកំណត់ត្រាជួបគ្នានេះ ម៉ាឡេស៊ី គឺជាឧបសគ្គ ដ៏ធំសម្រាប់សិង្ហបុរី ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ការប្រកួតរវៀងជម្រើសជាតិមីយ៉ាន់ម៉ា និងឡាវ រូបពី AFF Mitsubishi Electric Cup

ដោយឡែក វៀតណាម បន្ទាប់ពីឆ្លងកាត់ជំនួបជាមួយសិង្ហបុរី ប្រៀបដូចជាឆ្លងផុតឧបសគ្គធំមួយ។ វៀតណាម គឺជាក្រុមដែលមានសង្ឃឹមទៅវគ្គបន្ទាប់ច្រើនជាងគេ ព្រោះមានគ្រាប់បាល់ច្រើន ម្យ៉ាងវិញទៀត ក៏នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមមីយ៉ាន់ម៉ាផងដែរ។ ការជួបគ្នា ៦លើកក្នុងព្រឹត្តិការណ៍នេះ មីយ៉ាន់ម៉ា មិនដែលឈ្នះ វៀតណាមទេ ប៉ុន្ដែធ្លាប់ស្មើ២ប្រកួត។ សម្រាប់ជំនួបនេះ ក្រុមម្ចាស់ផ្ទះ វៀតណាម ត្រូវការលទ្ធផល ស្មើ ឬក៏ឈ្នះ ទើបអាចឡើងទៅវគ្គបន្ទាប់បាន ដូច្នេះហើយជាហេតុធ្វើឲ្យ ក្រុមនេះ មានសង្ឃឹមខ្ពស់។
 
ក្នុងការប្រកួតនាថ្ងៃទី៣០ ខែធ្នូ មីយ៉ាន់ម៉ា ប្រកួតស្មើជាមួយឡាវនៅកីឡដ្ឋាន Thuwunna ក្នុងលទ្ធផល ២-២។ ឡាវ បានបញ្ចប់បេសកកម្ម ត្រឹមវគ្គចែកពូល និងមានត្រឹម១ពិន្ទុ។ ចំណែក មីយ៉ាន់ម៉ា នៅសល់ ១ប្រកួតទៀត។ ចំពោះប្រកួតក្រោយ របស់ក្រុមនេះ ទោះជាលទ្ធផលឈ្នះ ឬចាញ់ មីយ៉ាន់ម៉ា ក៏ត្រូវហាលអាវ ដូចជាក្រុមឡាវផងដែរ។
 
ការប្រកួតចុងក្រោយនៅពូល B នឹងធ្វើនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដោយក្រុមវៀតណាម ស្វាគមន៍ មីយ៉ាន់ម៉ា នៅកីឡដ្ឋាន My Dinh វេលាម៉ោង ៧:៣០ យប់ ទន្ទឹមពេលដែល ម៉ាឡេស៊ី ទទួល សិង្ហបុរី នៅកីឡដ្ឋាន Burkit Jalil National៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com