​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូទីន អញ្ជើញលោកស៊ី ទៅរុស្ស៊ី នៅដើមឆ្នាំ២០២៣
31, Dec 2022 , 10:20 pm        
រូបភាព
លោក ពូទីន ពិភាក្សាជាមួយលោក ស៊ី តាមប្រព័ន្ធវីដេអូ។ រូបពី AP
លោក ពូទីន ពិភាក្សាជាមួយលោក ស៊ី តាមប្រព័ន្ធវីដេអូ។ រូបពី AP
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន រំពឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ នៅដើមឆ្នាំ២០២៣ ដើម្បីបង្ហាញជាសាធារណៈអំពីសាមគ្គីភាពជាមួយទីក្រុងប៉េកាំង និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធា។



ចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ប្រទេសនេះបានបែរខ្នងដាក់មហាអំណាចលោកខាងលិចកាន់តែខ្លាំងឡើង ដោយសារការដាក់ទណ្ឌកម្មរារាំងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយផ្គត់ផ្គង់ជំនួយប្រដាប់អាវុធដល់អ៊ុយក្រែនយ៉ាងច្រើនសន្ធឹកសន្ធាប់។ រុស្ស៊ីក៏បានងាកមកស្វាគមន៍ចិនដែលជាប្រទេសមហាអំណាចពិភពលោក ដើម្បីពង្រឹងសហប្រតិបត្តិការ និងបង្ហាញពីសាមគ្គីភាពរវាងគ្នា។

នាកិច្ចប្រជុំកំពូលតាមអនឡាញ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រំពឹងថាមេដឹកនាំចិន លោក ស៊ី ជិនភីង នឹងទៅធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ នាពេលឆាប់ៗនេះ អាចនៅដើមឆ្នាំ ២០២៣តែម្ដង។

«យើង កំពុងរង់ចាំលោកប្រធានាធិបតីជាទីគោរព មិត្តជាទីស្រឡាញ់។ យើងកំពុងរំពឹងថា នៅនិទាឃរដូវក្រោយ លោកប្រធានាធិបតី អាចធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងមូស្គូ»។ លោកពូទីនបានប្រាប់លោក ស៊ី បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋចិន CCTV។

លោក ពូទីន បន្ថែមថាដំណើរទស្សនកិច្ចនោះនឹងបង្ហាញដល់ពិភពលោកទាំងមូលពីភាពរឹងមាំនៃទំនាក់ទំនងរុស្ស៊ី ចិនលើបញ្ហាសំខាន់ៗ។ មេដឹកនាំរុស្ស៊ីរូបនេះ ក៏បាននិយាយផងដែរថា លោកមានបំណងជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយចិន។

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន ក្នុងជំនួបតាមវីដេអូ រយៈពេល៨នាទី លោក ស៊ី បានហៅលោកពូទីនថាជាមិត្តសម្លាញ់ហើយអះអាងថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ និងផ្តល់ឱកាសអភិវឌ្ឍគ្នាទៅវិញទៅមក ធ្វើជាដៃគូសកលដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផលប្រយោជន៍នៃស្ថិរភាពនៅជុំវិញពិភពលោក។

យ៉ាងណា មន្ត្រីចិនម្នាក់រាយការណ៍ពីកិច្ចប្រជុំថា មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីភាពខុសគ្នានៃវិធីសាស្រ្តឆ្ពោះទៅរកការអភិវឌ្ឍសម្ពន្ធភាពរបស់ពួកគេ ហើយលោក ស៊ី មិនទាន់បាននិយាយអំពីដំណើរទស្សនកិច្ចឡើយ ទោះលោក ពូទីន បានបង្ហាញក្ដីរំពឹង។ ប្រភពដដែលសង្កត់ធ្ងន់ថាទីក្រុងប៉េកាំងដែលបានបដិសេធការគាំទ្រ ឬថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី នឹងនៅតែរក្សាគោលដៅ និងភាពយុត្តិធម៌ ព្រមទាំងឈរដើម្បីដោះស្រាយបញ្ហា។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាន់តែមានភាពរឹងមាំ ចាប់តាំងពីលោកពូទីន បានបញ្ជូនកងទ័ពរបស់លោក ចូលទៅអ៊ុយក្រែន។ កាលពីសប្ដាហ៍មុនទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅសមុទ្រចិនខាងកើត។ មកទល់ពេលនេះ ចិនមិនបានរិះគន់សកម្មភាពរបស់ទីក្រុងមូស្គូចំពោះអ៊ុយក្រែនឡើយ  តែបានបន្ទោសអាម៉េរិក និងណាតូចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី។ ចំណែករុស្ស៊ីក៏គាំទ្រចិនជុំវិញរឿងតៃវ៉ាន់ដែរ៕

Tag:
 ចិន
  ស៊ី ជិនភីង
  ពូទីន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com