ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពីភាពល្បីល្បាញផ្នែកចម្លាក់ដ៏ល្អឯក ប្រាសាទបន្ទាយស្រី ក៏មានរឿងទេវកថាដ៏ល្បីខ្ចរខ្ចាយ
21, Oct 2023 , 9:39 pm        
រូបភាព
ស្រុកបន្ទាយស្រី ខេត្តសៀមរាប៖ ជាប្រាសាទប្រើប្រាស់ថ្មភក់ ពណ៌ផ្កាឈូកដ៏ពិចិត្រ ប្រាសាទបន្ទាយស្រី កសាងក្នុងរាជរបស់ព្រះបាទរាជេន្ទ្រវម៌្មទេវ-ទី២ (រាជេន្រ្ទវរ្ម័ន) និងព្រះបាទជយវម៌្មទេវ-ទី៥ (ជយវរ្ម័ន) នៅសតទី១០ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរនិងព្រះនរាយណ៍។ ប្រាសាទនេះ មានភាពល្បីល្បាញផ្នែកចម្លាក់ ដែលមានក្បាច់រចនាល្អដាច់គេ។ ទឹកដៃដ៏វិចិត្ររបស់ជាងចម្លាក់ តែងតែត្រូវបានទេសចរមកពីគ្រប់ទិសទីកោតសរសើរ។



 
 
បន្ទាយស្រី មិនមែនជាឈ្មោះដើមរបស់ប្រាសាទបន្ទាយស្រីឡើយ។ លោក ខៀវ ច័ន្ទ មន្រ្តីនៃអាជ្ញាធរជាតិអប្សរា ប្រាប់ ThmeyThmey25 ថា ការហៅប្រាសាទដោយមានពាក្យ «បន្ទាយ» មានន័យថា សំណង់បុរាណដែលមានកំពែងថ្មដ៏រឹងមាំព័ទ្ធជុំវិញបែបនេះ ជាបន្ទាយ។ ប៉ុន្តែ អ្វីដែលត្រូវយកមកគិត ដោយផ្អែកលើសិលាចារឹក គឺពាក្យ «ស្រី» ព្រោះ «ស្រី» (ឝ្រី)នៅទីនេះមិនមែនមានន័យថានារីឬស្ត្រីភេទឡើយ។ «ស្រី» (ឝ្រី) ក្នុងភាសាសំស្ក្រឹត មានន័យថា សិរី មង្គល ឬតេជះ។ 
 
ជាប្រាសាទ ដែលល្បីល្បាញផ្នែកចម្លាក់ឆ្ងាយជាងដែនអាណាចក្ររបស់ខ្លួន ក្បាច់រចនានៅប្រាសាទបន្ទាយស្រី ត្រូវបានឆ្លាក់លើថ្មភក់។ បើពិនិត្យឱ្យល្អិតល្អន់ ក្បាច់ទាំងនោះ មានភាពល្អិតៗ នៅជ្រៅខ្លាំង ដែលងាយខូចខាត។ ប៉ុន្តែហេតុអ្វីបានជាថ្មភក់នេះ ជាប់បានយូរយ៉ាងនេះ?
 
ប្រាសាទក្នុងរមណីយដ្ឋានអង្គរ មានច្រើនណាស់ ដែលប្រើប្រាស់ថ្មភក់។ ប៉ុន្តែថ្មភក់ ដែលមានពណ៌ផ្កាឈូកដូចប្រាសាទបន្ទាយស្រីនេះ មានតែប្រាសាទបន្ទាយស្រីមួយនោះទេ។ ថ្មភក់ នៅប្រាសាទបន្ទាយស្រីនេះ មិនមានប្រភពថា យកមកពីទីតាំងណានោះទេច្បាស់នោះទេ។ ប៉ុន្តែបើតាមការស្រាវជ្រាវ អ្នកជំនាញ បានសន្និដ្ឋានថា ថ្មភក់ ពណ៌ផ្កាឈូកនេះ យកចេញពីជើងភ្នំគូលែន។ 


 
ថ្មភក់ពណ៌ផ្កាឈូក ត្រូវបានប្រើជាសសរ គ្រោងទ្វារ បង្អួច តាមផ្ដែរ ហោជាង និងស្រទាប់ខាងក្រៅនៃតួប៉មទាំងបី ប្រាសាទបន្ទាយស្រី។ ក្រៅពីនេះ ថ្មបាយក្រៀម ក៏ត្រូវបានប្រើប្រាស់សម្រាប់សាងសង់កំពែង  ខ្លោងទ្វារ អគាររណប និងស្រទាប់ទីពីរនៃតួប៉មទាំងបីផងដែរ។ ប្រាសាទបន្ទាយស្រី ក៏ប្រើឈើនៅក្នុងគ្រឿងបង្គំដំបូលនៃអគាររណបផ្សេងៗនិងថែវដែលនៅអមខាងផ្លូវចូល។ តែថា ថែវដែលនៅអមខាងផ្លូវចូលនេះ នៅសល់តែជញ្ជាំងនិងសសរខ្លះៗតែប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ក្រៅពីថ្មភក់ និងថ្ម បាយក្រៀម ប្រាសាទបន្ទាយស្រី ក៏ត្រូវបានប្រើឥដ្ឋនៅតាមកំពែង និងតាមដំបូលនៃប៉មនីមួយៗ។ 
 
ក្រៅពីភាពល្បីល្បាញផ្នែកចម្លាក់ដ៏ល្អឯក ប្រាសាទដ៏ស្រស់ស្អាតនេះ ក៏មានរឿងព្រេងដ៏ល្បីផងដែរ។  ទេវកថាធំៗនៃព្រហ្មញ្ញសាសនានៅតាមផ្ដែរនិងហោជាងនៃតួប៉ម និងតាមខ្លោងទ្វារ។ ការតុបតែងទៀតសោត ក៏មានការបែងចែកជាពីរផ្នែកដូចការតម្កល់ទេពនៅក្នុងតួប៉មទាំងបី។ 
 
នៅតួប៉មខាងត្បូងនិងកណ្ដាលសង់ឧទ្ទិសថ្វាយចំពោះព្រះឥសូរ រីឯតួប៉មខាងជើងឧទ្ទិសថ្វាយដល់ព្រះនរាយណ៍។ ចម្លាក់ដែលលម្អតាមហោជាងនិងផ្ដែរ តាំងពីអគាររណបនៅអមខាងផ្លូវចូលរហូតដល់តួប្រាសាទ គឺប៉ែកខាងត្បូងនិងកណ្ដាល ភាគច្រើន រៀបរាប់អំពីទេវកថាទាក់ទងនឹងអង្គព្រះឥសូរ ឯប៉ែកខាងជើងលើកបង្ហាញពីទេវកថាដែលទាក់ទងព្រះនរាយណ៍៕
 

Tag:
 បន្ទាយស្រី
  ប្រាសាទបន្ទាយស្រី
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com