ជាតិ
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Mastercard ៖ សម្ពាធអតិផរណាសកលនឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ 
រូបភាពពី AFP ។
×![]()
យោងតាម Mastercard សម្ពាធអតិផរណានឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ ប៉ុន្តែសម្ពាធអត្រាការប្រាក់ខ្ពស់កំពុងផ្លាស់ប្តូរពីរបៀបដែលអ្នកប្រើប្រាស់ទូទៅត្រូវចំណាយ។
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០២៣ ដែលទើបចេញផ្សាយដោយ Mastercard Economics Institute បានព្យាករថា សម្ពាធអតិផរណាសកលនឹងធ្លាក់ចុះបន្តិចនៅឆ្នាំក្រោយ មកត្រឹមកម្រិតមធ្យមសម្រាប់ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍ ដោយធ្លាក់ចុះពី ៧,១ភាគរយនៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំ ២០២២ មកត្រឹម ៣,១ភាគរយនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២៣។
បើតាម Mastercard អតិផរណាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកប្រើប្រាស់។ របាយការណ៍បានលើកឡើងថា ការចំណាយសំខាន់ៗត្រូវបានគេរំពឹងថានៅតែមានស្ថេរភាព ស្របពេលមានអតិផរណា ប៉ុន្តែអ្នកប្រើប្រាស់នឹងសម្លឹងរកមើលម៉ាកយីហោណាដែលមានតម្លៃសមរម្យ និងគុណភាពប្រើប្រាស់ខ្ពស់។
នៅប្រទេសអាឡឺម៉ង់ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ភាពមមាញឹកនៃការទិញទំនិញដោយផ្ទាល់នៅហាង បានកើនឡើង ២៣,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ប៉ុន្តែរាល់ការចំណាយទិញទំនិញក្នុងមួយដងគឺតិចជាង ១៤,៥ភាគរយ។
នៅក្នុងរបាយការណ៍ដដែល បានឱ្យដឹងថា នៅឆ្នាំ ២០២២ ភាពញឹកញាប់នៃការទិញទំនិញដោយផ្ទាល់របស់អ្នកប្រើប្រាស់ទូទាំងពិភពលោកបានកើនឡើង ៣១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ ប៉ុន្តែការចំណាយជាមធ្យមក្នុងការទិញដោយផ្ទាល់ បានថយចុះប្រហែល ៩ភាគរយ។
ទន្ទឹមនេះ គ្រួសារដែលមានចំណូលទាបនឹងនៅតែស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយសារតម្លៃអាហារ និងថាមពលមានចំណែកធំនៃការចំណាយលើការប្រើប្រាស់ ខណៈគ្រួសារដែលមានប្រាក់ចំណូលខ្ពស់ បានចំណាយទ្វេដងទៅលើការចំណាយដែលមិនចាំបាច់ បើធៀបគ្រួសារដែលមានចំណូលទាប។
ក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ភោជនីយដ្ឋានធំនិងតូច បានបាត់បង់ប្រាក់ចំណូលរបស់ពួកគេប្រហែល ៣១ភាគរយ ដោយសារពួកគេបានផ្លាស់ប្តូររបៀបនៃផ្តល់សេវាកម្មម្ហូបអាហារតាមទម្រង់បណ្តាញផ្សេងៗ (Omnichannel)។ ជាមួយគ្នានេះ អាជីវកម្មខ្នាតតូចបានអនុវត្តការទិញទំនិញតាមបណ្តាញផ្សេងៗ ក៏កើនឡើង ១០ភាគរយ ខណៈម៉ាកយីហោលក់តាមអនឡាញ នឹងកើន ២៦ភាគរយ បើធៀបនិងការលក់តែនៅក្នុងហាង។ នេះបើតាម Mastercard ៕
© រក្សាសិទ្ធិដោយ thmeythmey.com