កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
ភាពជោគជ័យរបស់ Ronaldo ពីវ័យក្មេងនិងដំណើរអាជីពចុងក្រោយ
01, Jan 2023 , 8:59 pm        
រូបភាព
Cristiano Ronaldo កីឡាករដ៏ឆ្នើមមួយរូបក្នុងអាជីពជាតារាបាល់ទាត់កំពូលនៅលើពិភពលោក ត្រូវបានផ្តល់ឈ្មោះឱ្យថាជាកីឡាករព័រទុយហ្កាល់ល្អបំផុតប្រចាំប្រវត្តិសាស្ត្រសហព័ន្ធកីឡាបាល់ទាត់ប្រជាជាតិមួយនេះ។ ដ្បិត Ronaldo ជោគជ័យអាជីពបាល់ទាត់តាំងពីក្មេង តែរូបគេមិនជោគជ័យដូចបំណង នៅវ័យជិតចូលនិវត្តន៍សោះឡើយ។


 
Ronaldo ត្រូវបានអ្នកគាំទ្រ ចាត់ទុកគេជាកីឡាករម្នាក់ដ៏ល្អអស្ចារ្យបំផុតប្រចាំពិភពលោក និងពិភពបាល់ទាត់ ក្នុងអាជីពរបស់គេ ជាង២០ឆ្នាំមកនេះ ។ មិនត្រឹមតែជាកីឡាករអាជីពប៉ុណ្ណោះទេ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ជាអ្នកជំនួញដ៏ជោគជ័យផងដែរ។ ប៉ុន្តែពេលវេលាចុងក្រោយនៃអាជីពកីឡាកររបស់ម្ចាស់ពាន Ballon d’Or ៥សម័យបែរជាមិនស្រស់បំព្រងដូចកាលពីជាង ១០ឆ្នាំមុនឡើយ។
 
បង្កើតភាពល្បីល្បាញសម្រាប់ខ្លួនឯង
 
តាំងពីមានវ័យក្មេងមកម្ល៉េះទាក់ទងនឹងអាជីពបាល់ទាត់ដំបូងនេះ កើតចេញពីកត្តាគ្រួសារ ដែលបានធ្វើឱ្យ Ronaldo ខិតខំរហូតឈានដល់ចំណុចកំពូលដូចសពថ្ងៃ។
កាលពីនៅវ័យកុមារ Ronaldo រស់នៅក្នុងផ្ទះជាមួយគ្រួសារដ៏ក្រីក្រមួយ ដែលរួមរឹតដោយបញ្ហាហិរញ្ញវត្ថុមិនល្អកាលនោះ ហើយក្នុងបន្ទប់គេងរបស់គេ ត្រូវចែករំលែកឱ្យបងប្អូនបង្កើតចំនួន ៣នាក់ផ្សេងទៀតគេងជាមួយគ្នា។
 
បើទោះបីជារូបគេមកពីគ្រួសារដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុក៏ដោយ តែ Ronaldo មិនដែលបោះបង់កីឡាបាល់ទាត់ ដែលជាក្តីស្រលាញ់របស់គេម្តងណាឡើយ។ ក្តីសុបិនរបស់ Ronaldo ចាប់ផ្តើមដូចបំណងដំបូង ដោយរូបគេបានឈានជើងចូលលេងនៅក្រុមបាល់ទាត់មួយមានឈ្មោះថា Madeira នៅលើកោះ ដែលជាតំបន់ស្វ័យតនៃព័រទុយហ្កាល់ ។ ទីនោះហើយជាទីកន្លែង ដែលរូបគេបានចាប់កំណើត និងលេងកីឡាបាល់ទាត់។ 


 
Cristiano មិនបានកើតមកជាវីរបុរសឡើយ ។ តែរូបគេបានកែប្រែវាសនាខ្លួនឯងឱ្យក្លាយទៅជាវីរបុរស សម្រាប់ប្រជាជនព័រទុយហ្កាល់ទាំងមូល រួមទាំងអ្នកគាំទ្រជុំវិញពិភពលោក។ បើទោះបីកើតក្នុងគ្រួសារដែលមានភាពក្រីក្រនៅលើកោះ Madeira ប្រទេសព័រទុយហ្កាល់ , បើទោះបីមានឪពុកជាមនុស្សប្រមឹកនិងញៀនស្រា ក៏ Ronaldo បានសម្រេចចិត្តតាំងពីក្មេង ដើម្បីក្លាយខ្លួនទៅជាបុគ្គលដ៏អស្ចារ្យមួយរូបក្នុងពិភពលោក។ បាល់ទាត់ក្នុងកោះ Madeira គឺជារឿងដ៏ធំសម្រាប់គេ ដូចទៅតំបន់អឺរ៉ុប ដែល Ronaldo បានលះបង់ទាំងកម្លាំងកាយចិត្ត ដូច្នេះដែរ។ 
 
អំឡុងពេលនោះ Ronaldo និងមិត្តភក្កិគ្មានលទ្ធភាពទិញសូម្បីតែបាល់មួយលេង។ បាល់ដែលពួកគេបានលេងកាលពីនៅវ័យក្មេង គឺសុទ្ធសឹងតែកែច្នៃចេញដបទឹកស៊ុត និងក្តីស្រលាញ់ពីបេះដូង។
 
សមត្ថភាពនៃបាល់ទាត់របស់ Ronaldo ត្រឹមវ័យ ១០ឆ្នាំពិតជាកើនឡើងលឿនហួសពីការស្មាន ជាមួយបច្ចេកទេសនៃជើងដ៏រហ័សរហួនរបស់គេផ្ទាល់ ដែលបានធ្វើឱ្យរូបគេក្លាយជាកុមារតែម្នាក់ លេងបាល់ទាត់ល្អជាងគេនៅលើកោះ Madeira ។ 
 
ការលះបង់ទៅលើបាល់ទាត់ទទួលបានផ្លែផ្កាយ៉ាងឆាប់រហ័ស។  ត្រឹមវ័យ ១១ឆ្នាំ Ronaldo បានកែប្រែជីវិតថ្មីក្នុងវិស័យបាល់ទាត់ដោយត្រូវបានក្រុមដ៏ល្បីឈ្មោះ Sporting CP ក្នុងលីគកំពូលប្រចាំព័រទុយហ្កាល់ បានសម្លឹងឃើញសមត្ថភាពដ៏អស្ចារ្យ របស់រូបគេដែលបានប្រកួតឱ្យក្រុមស្ថិតនៅលើកោះកំណើត។ 
 
Sporting CP បាននាំយក Ronaldo ទៅហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិបនាឆ្នាំ១៩៩៧ ដល់២០០២ ។ ក្រោយមកបានបញ្ចូលទៅឈុតធំ នៅឆ្នាំ២០០២ ដល់២០០៣។ ត្រឹមតែរយៈពេល ៦ឆ្នាំ ដែលចាកចេញពីស្រុកកំណើត ហើយផ្តល់ជីវិតទៅលើបាល់ទាត់ អមជាមួយការលះបង់ពេលវេលា និងការយកចិត្តទុកដាក់ហ្វឹកហាត់ រូបគេបានបង្ហាញសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើទីលាន។
 
ញើសឈាមនៃការលះបង់បានផ្តល់ផលឱ្យ Ronaldo ក្លាយជាកីឡាករវ័យក្មេងបំផុតនៅតំបន់អឺរ៉ុប ដែលបានចុះកិច្ចសន្យាជាមួយក្រុមដែលមានឈ្មោះល្បីល្បាញខ្លាំងនៅអង់គ្លេស អឺរ៉ុបនិងពិភពលោក Manchester United ក្នុងឆ្នាំ ២០០៣។ គ្រានោះហើយ ដែលរូបគេក្លាយជាកីឡាករម្នាក់ ដែលមានតម្លៃផ្ទេរថ្លៃជាងគេ។ 
 
ភាពល្បីល្បាញដំបូងរបស់ Cristiano Ronaldo ជាមួយ Manchester United
 
ផ្ទេទៅកាន់ Man United ក្នុងឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០០៩ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដែលជាអ្នកបណ្តុះបណ្តាលនោះ តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់រូបនេះ បានកសាងកេរិ៍្តឈ្មោះល្បីល្បាញខ្លាំងជាមួយក្រុមយក្សអង់គ្លេស ដែលតែងក្រសោបយកពានរង្វាន់ Premier league ជារឿយៗកាលនោះ។ លេងនៅ Man United ទាំងលើកទីមួយ និងលើកទីពីរ Ronaldo រកបានគ្រាប់បាល់សរុបចំនួន ១៤៥ ពីការបង្ហាញវត្តមានសរុប ៣៤៥ប្រកួត។ 


 
ក្នុងអំឡុងរយៈពេល ៦ឆ្នាំស្ថិតនៅជាមួយបិសាចក្រហមជាអាជីពជោគជ័យខ្លាំងដំបូងរបស់ Ronaldo ដោយរូបគេបានសម្រេចសមិទ្ធផលជាច្រើន ដូចជាឈ្នះពានរង្វាន់ Premier League ៣លើក ពីឆ្នាំ ២០០៧, ២០០៨, ២០០៩, Champions league រដូវកាល ២០០៧-០៨, FA Cup ១លើក, EFL Cup ២លើក, FA Community Shield ២លើក, FIFA Club World Cup ១លើក និង UEFA Super Cup ១លើក។ 
 
ជាពិសេសក្នុងរដូវកាល ២០០៧-០៨ Ronaldo ជាកីឡាករឈ្នះស្បែកជើងមាសដោយស៊ុតបាល់បានច្រើនជាងគេដល់ទៅ ៣១គ្រាប់ក្នុងមួយរដូវកាល និងក្នុងឆ្នាំ ២០០៨ រូបគេបានឈ្នះបានរង្វាន់បាល់មាស ឬ Ballon d’Or លើកដំបូងក្នុងអាជីព។ ភាពលេចធ្លោរនិងជោគជ័យជាមួយក្រុម បានធ្វើឱ្យ Ronaldo ទទួលបានការចាប់អារម្មណ៍ពីក្រុមខ្លាំងៗ ក្នុងតំបន់អឺរ៉ុប ជាពិសេសនោះគឺ Real Madrid។
 
ផ្លាស់ទៅ Real Madrid ១០ឆ្នាំ Ronaldo ជោគជ័យខ្លាំង ដោយឈ្នះBallon d’Or ៤លើកថែមទៀត
 
ការប្រឹងប្រែងរបស់ Ronaldo បានជួយគេឱ្យសម្រេចបានសមិទ្ធផលជាច្រើនបន្ថែមទៀត នៅក្លិប អធិរាជស Real Madrid ។ ខ្សែប្រយុទ្ធរូបនេះ តែងតែជាកីឡាករ រកគ្រាប់បាល់ច្រើនជាងគេបង្អស់នៅក្នុងការប្រកួត UEFA Champions League។ ចំណាយពេល ១០ឆ្នាំ ជាមួយ Real Madrid, Ronaldo រកបានគ្រាប់បាល់ដ៏ច្រើនប្រចាំក្លិប ក្នុងនាមជាកីឡាករកំពូលដោយមានចំនួន ៤៥០គ្រាប់ពីការបង្ហាញខ្លួន ៤៣៨ប្រកួត។ 


 
Real Madrid ជាទីកន្លែងដែលជួយឱ្យ Ronaldo បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ចំនួន ៤បន្ថែមទៀត ក្នុងអាជីពរបស់គេ រួមតាំងពីពានរង្វាន់ Champions league ចំនួន ៤បន្ថែមផងដែរ និង FIFA Club World Cup ៣លើកបន្ថែម។ នៅទឹកដីអេស្ប៉ាញរូបគេបានជួយក្រុមឈ្នះពានរង្វាន់ដូចជា La Liga ២លើក, Spanish Cup ២លើក, Spanish Super Cup ២លើក ។ ក្នុងនោះរូបគេ ក៏ជួយក្រុមជម្រើសជាតិព័រទុយហ្កាល់ ឈ្នះពាន UEFA Euro 2016 អំឡុងពេលប្រកបអាជីពនៅ Real Madrid ។
 
អាជីពដ៏ល្បីល្បាញចាប់ផ្តើមប្រែប្រួលក្រោយផ្ទេរទៅ Juventus 
 
ក្រោយរួមរស់ជាមួយ Real Madrid បង្កើតស្នាដៃរយៈពេល ១០ឆ្នាំ Ronaldo បានផ្លាស់ទៅ Juventus ពីឆ្នាំ ២០១៨ ដល់ ២០២០។ ទោះបីផ្លាស់ទៅកាន់ទឹកដីអ៊ីតាលីហើយ បន្តធ្វើបានល្អយ៉ាងណាក៏ដោយ ក៏ Ronaldo មិនសូវទទួលបានជោគជ័យខ្លាំងប៉ុន្មានឡើយ ក្នុងការជួយក្រុមប្រជែងពានរង្វាន់អឺរ៉ុប Champions League ដែលជាបំណងធំបន្ថែមរបស់គេ ក្រោយចាកចេញពី Real ។ នៅ Juventus រយៈពេលជិត ៣រដូវកាល Ronaldo បានត្រឹមឈ្នះបានរង្វាន់ក្នុងស្រុកដូចជា Serie A ២លើក, Italy Cup ១លើក, Italy Super Cup ១លើក ពីការបង្ហាញខ្លួនចំនួន ១៣៤ប្រកួត និងស៊ុតបាល់បញ្ចូលទីចំនួន ១០១គ្រាប់។ យ៉ាងណាមិញក្រោយរយៈពេលជិត ៣ឆ្នាំ មិនអាចជួយក្រុមឈ្នះពានអឺរ៉ុបបាន Ronaldo បានចែកផ្លូវជាមួយ Juventus ទៅកាន់ទឹកដី Old Traford របស់Man Utd វិញ ដែលជាក្លិបចាស់ ដែលរូបគេចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះដំបូង។
 
អាជីពចុងក្រោយរបស់ Ronaldo ពោរពេញដោយភាពស្មុគស្មាញ
 
វិលមក Man United ក្នុងរដូវកាល ២០២១-២០២២ នៅរដូវកាលដំបូង Ronaldo បានត្រឹមភាពសោកសៅ ដោយសារតែក្រុមគ្មានកៅអីលេងក្នុងពានរង្វាន់ Champions league ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ ៦ក្នុង Premier League។ រដូវកាលដំបូងក្រោយការវិលមកជាថ្មី Ronaldo រកបានគ្រាប់បាល់ចំនួន ២០គ្រាប់នៅគ្រប់ការប្រកួត ប៉ុន្តែមិនសមល្មមជួយក្រុមប្រកួតប្រជែង នៅកម្រិតខ្ពស់បានឡើយ ហើយក៏មិនមានឈ្នះពានរង្វាន់អ្វីមួយទាល់តែសោះ។ 


 
ភាពជោគជ័យជាមួយជីវិតដ៏ស្រស់បំព្រងរបស់កីឡាករវ័យ ៣៧ឆ្នាំ ជួបរឿងរ៉ាវដ៏អួរអាប់បានកើតឡើង ជុំវិញអាជីពជាកីឡាករបាល់ទាត់នាពេលចុងក្រោយនេះ ដោយរូបគេហាក់បីធ្លាក់ទម្រង់លេងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ រួមទាំងធ្លាក់បច្ចេកទេសផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល ដែលធ្លាប់តែជាកីឡាករជាប់ជម្រើស ១១នាក់ដំបូង ក្លាយជាកីឡាករអង្គុយកៅអីបម្រុងក្នុងរដូវកាល ២០២២-២៣ នេះ។
 
មិនតែប៉ុណ្ណោះ អំឡុងពេលចាប់ផ្តើមរដូវកាលថ្មីនេះ រឿងរ៉ាវរកាំរកូសរវាង Ronaldo និង Man United បានកើតឡើងស្របពេលក្លិបបានតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការថ្មី។ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ តែងបង្ហាញអារម្មណ៍ចង់ចាកចេញពីក្លិបមុនពេលចាប់ផ្តើមការប្រកួតរដូវកាលថ្មី តែបិសាចក្រហមមិនព្រមឱ្យរូបគេចាកចេញដោយងាយឡើយ។ 
 
ចាប់ផ្តើមការប្រកួតរដូវកាលថ្មី Ronaldo ត្រូវបានគេមើលឃើញថាតែង ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករអង្គុយកៅអីបម្រុង និងមិនសូវទទួលបានពេលលេង ដូចការមកចូលរួមក្រុមដំបូងៗឡើយ។ ប្រឈមនឹងបញ្ហាជារឿយៗ ដោយមិនទទួលបានពេលវេលាលេងគ្រប់គ្រាន់ វាបានធ្វើឱ្យ Ronaldo ធ្លាក់ទម្រង់លេងខ្លាំង មិនធ្លាប់មានពីមុនមក ។ តែរូបគេត្រូវបានក្រុមជម្រើសជាតិព័រទុយហ្កាល់ កោះហៅដដែលសម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ ២០២២ ក្នុងនាមជាប្រធានក្រុមដ៏សំខាន់។ ជាក់ស្តែងមុនពេលធ្វើដំណើរទៅកាន់ World Cup ខ្សែប្រយុទ្ធ ៣៧ឆ្នាំរូបនេះ បានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលដោយបាននិយាយរិះគន់ចំៗទៅកាន់ក្លិប និងអ្នកចាត់ការ ព្រមទាំងរ៉ាយរ៉ាបពីបំណងនៃការចាកចេញរបស់គេផ្ទាល់។ Man Utd ក៏យយល់ព្រមបញ្ចប់កុងត្រាជាមួយ Ronaldo ក្រោយរូបគេបានរិះគន់ក្លិបនេះ។ 
 
Ronaldo អស់ឱកាសឈ្នះ World Cup ដែលជាក្តីស្រមៃដ៏ធំរបស់ខ្លួន
 
អំឡុង World Cup 2022 នេះ Ronaldo បង្ហាញវត្តមានបានត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ ក្នុងជម្រើស ១១នាក់ដំបូង និង២ប្រកួតចុងក្រោយក្នុងវគ្គជម្រុះ ដោយរូបគេត្រូវបានលោក Fernando Santos ជាគ្រូបង្វឹកដាក់ឱ្យស្ថិតនៅកៅអីបម្រុង។ នេះអាចជាការបង្ហាញពីភាពមិនទុកចិត្ត លើការលេងរបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ។ Ronaldo រកបានតែ ១គ្រាប់ប៉ុណ្ណោះ សម្រាប់ព័រទុយហ្កាល់នៅ World Cup ជាមួយកម្រិតស្ថិតិនៃការលេងគិតជាមធ្យម ៥,៥ ក្នុងក្រុមព័រទុយហ្កាល់ ហើយក៏ជា World Cup ដ៏សោកសៅសម្រាប់រូបគេ។ 


 
ព័រទុយហ្កាល់ធ្លាក់ចេញត្រឹមវគ្គ ៨ក្រុមចុងក្រោយ ចាញ់ម៉ារ៉ុក ១-០ ដែលធ្វើឱ្យRonaldo មិនអាចសម្រេចក្តីស្រមៃឈ្នះពាន World Cup លើកដំបូង។ រងបរាជ័យនេះសបង្ហាញថាក្តីស្រមៃរបស់តារាបាល់ទាត់មួយរូបនេះ កាន់តែបាត់បង់ ខណៈRonaldo មានវ័យកាន់តែជ្រេ ហើយអាជីពនាពេលចុងក្រោយជួបបញ្ហាមិនចេះចប់ទៀត។
 
រយៈពេល ២ឆ្នាំចុងក្រោយមកនេះ Ronaldo មិនទទួលបានជោគជ័យឡើយ ដោយគ្មានឈ្នះពានរង្វាន់អ្វីបន្ថែមទៀតនោះទេ។ ក្រោយតែពីបញ្ចប់កុងត្រាជាមួយ Man United តារាបាល់ទាត់វ័យ ៣៧ឆ្នាំរូបនេះ រយៈពេលជាង ២ខែ និងក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup ជាង ២សប្តាហ៍ រូបគេបានសម្រេចចិត្តទោចូលរួមជាមួយក្លិប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយមិនមានក្លិបស្ថិតនៅក្នុងតំបន់អឺរ៉ុបណាមួយទាក់ទងរូបគេឡើយ។ ទៅកាន់ក្លិបក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត ទទួលបានតម្លៃប្រាក់ឈ្នួល ៧៥លានដុល្លារក្នុងមួយរដូវកាល ហើយតារាបាល់ទាត់ដែលជាប្រធានក្រុមព័រទុយហ្កាល់រូបនេះនឹងបង្ហាញខ្លួនលេងក្នុងក្របខណ្ឌពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League ឱ្យក្រុម Al Nassr ដែលក្នុងរដូវកាល ២០២៣-២៤។
 
នេះបានក្លាយជារឿងមួយដ៏គួរសោកស្តាយសម្រាប់ Ronaldo ដែលគេធ្លាប់ទទួលបានជោគជ័យខ្លាំងកាលពីជាង ១៦ឆ្នាំមុន។ តែមកដល់ពេលនេះ បែរជាមិនអាចរកបានភាពភ្លឺស្វាងនៃអាជីព នៅដំណាក់កាលវ័យចុងក្រោយរបស់គេ ក្នុងនាមជាកីឡាករបាល់ទាត់ដ៏អស្ចារ្យមួយរូបទៅវិញ៕

Tag:
 Cristiano Ronaldo
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com