ជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីត្រូវរ៉ាប់រងការងារសំខាន់ៗអ្វីខ្លះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៣?
01, Jan 2023 , 10:29 pm        
រូបភាព
ឥណ្ឌូណេស៊ីដែលត្រូវបានចាត់ទុកជាបងធំអាស៊ាន នឹងកាន់តំណែងប្រធានអង្គការតំបន់នេះនៅឆ្នាំ២០២៣។ គោលនយោបាយការបរទេស និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាននៅពេលខាងមុខ ក៏បង្ហាញពីមហិច្ឆតារបស់ប្រទេសមួយនេះក្នុងការដើរតួជាតួអង្គសំខាន់មួយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាប្រទេសអំណាចកណ្ដាលក្នុងនយោបាយអន្តរជាតិ និងតំបន់ដែរ។ បញ្ហាអ្វីខ្លះដែលឥណ្ឌូណេស៊ី នឹងត្រូវរ៉ាប់រងពេលធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា?

 
ក្នុងភាពជាប្រធានអាស៊ាន ឥណ្ឌូណេស៊ី ប្រើគោលការណ៍ «អាស៊ានគឺសំខាន់៖ ចំណុចកណ្ដាលនៃការលូតលាស់»។ ឥណ្ឌូណេស៊ី ក៏មានគោលបំណងក្នុងការកសាងសមត្ថភាពស្ថាប័ននិងប្រសិទ្ធភាពរបស់អាស៊ានក្នុងការធានាកំណើនលឿន បរិយាបន្ន និងចីរភាពនៃសេដ្ឋកិច្ចតំបន់។ ទីក្រុងហ្សាការតា នឹងបន្តដោះស្រាយបញ្ហាតាមរយៈមាគ៌ាអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់ច្បាប់ទម្លាប់នៃកិច្ចសហប្រតិបត្តិការដែលស្របតាមធម្មនុញ្ញអាស៊ាន។
 
ជាមួយការប្តេជ្ញាចិត្តទាំងអស់នេះ ឥណ្ឌូណេស៊ីត្រូវរ៉ាប់រងបញ្ហាសំខាន់ៗមួយចំនួនទៀត។
 
បញ្ហាមីយ៉ាន់ម៉ា
 
វិបត្តិមីយ៉ាន់ម៉ាច្បាស់ណាស់ ជាបន្ទុកដ៏ធ្ងន់មួយដែលឥណ្ឌូណេស៊ីត្រូវដោះស្រាយបន្តពីកម្ពុជា។ រយៈពេលជិត២ឆ្នាំទៅហើយដែលមីយ៉ាន់ម៉ាបានធ្លាក់ខ្លួនក្នុងវិបត្តិនយោបាយ ព្រមទាំងវិបត្តិសេដ្ឋកិច្ចក្រោយយោធាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២១។ យោធា មីយ៉ាន់ម៉ានៅតែបន្តការវាយប្រហារយ៉ាងឃោរឃៅលើជនស៊ីវិល រដ្ឋាភិបាលស្រមោល និងក្រុមប្រឆាំងផ្សេងៗទៀត។ សម្រាប់អាស៊ាននេះ ជាបញ្ហាមួយដែលមានការគំរាមកំហែងច្រើនថ្នាក់ និងច្រើនផ្នែកលើភាពជឿជាក់របស់អាស៊ាន និងសន្តិសុខប្រជាជនក្នុងតំបន់។ 
 
ខណៈវិបត្តិមីយ៉ាន់ម៉ានៅមិនទាន់ដោះស្រាយឱ្យបានធូរស្រាលនៅឡើយ ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយអាចនឹងចាត់វិធានការក្ដៅជាងមុនដើម្បីដាក់កំហិតមីយ៉ាន់ម៉ាដើម្បីឱ្យសម្រេចបានផែនការ៥ចំណុច។ 
 
សមាជិកភាពរបស់ទីម័រខាងកើត
 
ការសម្រេចបានសមាជិកភាពរបស់ទីម័រខាងកើត ជាបន្ទុកមួយដែលឥណ្ឌូណេស៊ីត្រូវជំរុញទៅមុខ ព្រោះប្រទេសសមាជិកទើបតែបានព្រមព្រៀងគ្នាជាគោលការណ៍តែប៉ុណ្ណោះ។ ប្រធានាធិបតីទីម័រ លោក Jose Ramos-Horta ក្នុងជំនួបជាមួយប្រធានធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ កាលពីខែកក្កដា សង្ឃឹមថា លោក ចូកូ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ នឹងពង្រីកតួនាទីក្នុងការទទួលយកទីម័រឡេស្ដេជាសមាជិកទី១១។ 
 
តាំងពីដើមមក ឥណ្ឌូណេស៊ីក៏បានបង្ហាញការគាំទ្រចំពោះទីម័រខាងកើតខ្លាំងក្លាផងដែរ។ កិច្ចការសំខាន់ៗដូចជា ការសិក្សា និងតាមដានពីស្ថានភាពនយោបាយផ្ទៃក្នុង និងគោលនយោបាយទីម័រខាងកើតនិងការចូលរួមក្នុងសកម្មភាពអាស៊ានទាំងមូល សុទ្ធតែជាអ្វីដែលឥណ្ឌូណេស៊ីត្រូវជួយជំរុញ។ ក្រៅពីនេះ ការបង្កើតការយល់ដឹង ការសម្របទៅភាពខុសគ្នា និងការបង្កើនការភាពជឿជាក់គ្នា ក៏ជាកត្តាចាំបាច់សម្រាប់សមាជិកភាពនេះដូចគ្នា។ 
 
ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
 
ដ្បិតជាបញ្ហាក្រៅតំបន់ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង តែងជារបៀបវារៈសំខាន់មួយរបស់អាស៊ាន។ អាស៊ានមានទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េទាំងពីរ។ យ៉ាងណាមិញ ស្ថានភាពបច្ចុប្បន្នដែលកូរ៉េខាងជើងបន្តការតេស្តមីស៊ីលឡើងវិញ ជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក។ បន្ថែមពីនេះ អាស៊ានត្រូវពង្រឹងតួនាទី និងជំហររឹងមាំប្រឆាំងទង្វើបង្ករឿងរបស់កូរ៉េខាងជើងដែរ។ 
 
ខណៈមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង ឥណ្ឌូណេស៊ីក៏អាចប្រើឥទ្ធិពលការទូតក្នុងការបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឱ្យអត់ធ្មត់ និងរក្សាស្ថិរភាព ព្រមទាំងសន្តិសុខតំបន់។
 
ជម្លោះសមុទ្រចិនខាងត្បូង
 
បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាមួយដ៏ធ្ងន់សម្រាប់អាស៊ាននិងជាពិសេសសម្រាប់ ឥណ្ឌូណេស៊ីនៅឆ្នាំក្រោយនេះ ខណៈដែលចិនបង្កើនកម្លាំងនៅក្នុងតំបន់។ ឥណ្ឌូណេស៊ី ត្រូវជំរុញឱ្យមានកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីការពារកុំឱ្យច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាផ្នែកផ្សេងៗទៀតនៃសមុទ្រចិនខាងត្បូងធ្លាក់ចូលជម្លោះ និងអស្ថិរភាព។
 
ការសម្រេចឱ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ក៏ជារឿងសំខាន់ដែរក្នុងការធានាស្ថិរភាព និងសន្តិភាពក្នុងដែនទឹកដ៏សំខាន់នេះ៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com