ជាតិ
សង្គមជាតិ
អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលថ្មី ជាកាតសម្គាល់ខ្លួនផង និងជាកាតដកប្រាក់ពីATM ផង 
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មីនៅសណ្ឋាគារកាណាឌីយ៉ា នារសៀលថ្ងៃទី២៨ធ្នូ ឆ្នាំ២០២២។
×![]()
អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ត្រូវបានក្រសួងមុខងារសាធារណៈ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៨ធ្នូ។ គ្រប់មន្ត្រីរាជការ មិនត្រឹមតែអាចប្រើអត្តសញ្ញាណបណ្ណនេះ សម្រាប់សម្គាល់ខ្លួននោះទេ តែក៏អាចប្រើបណ្ណនេះ ដកប្រាក់បៀវត្សពីទូATM របស់ធនាគារដៃគូនានា បានផងដែរ។
កម្ពុជាសម្រេចបាននូវជំហានថ្មីមួយទៀត ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលស្របនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់នូវអត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី។ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមានទម្រង់ជាស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់បណ្ណនេះ សម្គាល់ខ្លួនផង និងជាបណ្ណអេធីអឹម(ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង។ លើសពីនេះ បណ្ណនេះ ក៏អាចប្រើជាមធ្យាបាយសម្រាប់មុខងារចាំបាច់ឯទៀតដែរ។
«អត្តសញ្ញាណបណ្ណមន្ត្រីរាជការ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាមធ្យាបាយមួយដែលឈានទៅដល់គោលដៅរបស់យើង ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍធន ធានមនុស្ស និងកសាងអភិវឌ្ឍស្ថាប័ន»។ លោក ព្រុំ សុខា ថ្លែងបែបនេះក្នុងពិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណមន្ត្រីរាជការប្រភេទថ្មី នៅសណ្ឋាគារកាណាឌីយ៉ា នារសៀលថ្ងៃទី២៨ធ្នូ ឆ្នាំ២០២២ ដោយបន្តមានប្រសាសន៍ថា៖«ដូច្នេះ! ការបោះអត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមិនគ្រាន់បោះពុម្ព ដើម្បីប្រីប្រាស់ជាបណ្ណសម្គាល់អត្តសញ្ញាទេ ប៉ុន្តែនេះគឺជាប្រភេទបណ្ណ ដែលយើងកំពុងប្រីប្រាស់ជាកាតទំនើបមួយ ដែលដើរទាន់សម័យបច្ចេកវិទ្យាទំនើប៤.០»។

គំរូ៖អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មី ដែលអាចប្រើជាកាតសម្គាល់ខ្លួនផង ជាកាតដកប្រាក់ពីATM ផង និងប្រើបានករណីចាំបាច់មួយចំនួន។
បើតាមលោក ព្រុំ សុខា ការបោះពុម្ព និងផ្តល់ជូនអត្តសញ្ញាណបណ្ណមន្ត្រីរាជការប្រភេទថ្មីនេះ បានឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងបែ្រង និងការឆ្លើយតបមួយទៀត របស់ក្រសួងមុខងារសាធារណៈ ក្នុងការជំរុញការកសាង រដ្ឋាភិបាលឌីជីថល តាមរយៈការធ្វើទំនើបកម្ម និងនវានុវត្តន៍ ក្នុងរដ្ឋសាធារណៈ។ លោកបានបញ្ជាក់ថា ដំណាក់កាលដំបូងនៃដំណើរការអត្តសញ្ញាណបណ្ណថ្មីនេះ គឺសម្រាប់មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ ហើយបានពង្រីកដល់ថ្នាក់ក្រោមជាតិ។
បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈ កំពុងដំណើរការបោះពុម្ព និងផ្តល់ជូនអត្តសញ្ញាណបណ្ណ ជូនមន្ត្រីរាជការស៊ីវិលឡើងវិញ ដែលបច្ចុប្បន្នមានមន្ត្រីជាង២២ម៉ឺននាក់ ទាំងនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ។
យោងតាមទិន្នន័យរបស់លោក យឿន សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្ត្រីរាជការ តាមប្រព័ន្ធព័ត៌មានវិទ្យា របស់ក្រសួងមុខងារសាធារណៈ រយៈពេល៥ថ្ងៃ នៃដំណើរការសាកល្បងអត្តសញ្ញាបណ្ណថ្មី គឺមានក្រសួងចំនួន ១៧ ដែលមានមន្ត្រីសរុប ១ ៨៥៩ នាក់ បានផ្ញើទិន្នន័យដើម្បីស្នើសុំអត្តសញ្ញាបណ្ណនេះ។ ក្នុងនោះ គឺមានបណ្ណចំនួន ៤៩៧ សន្លឹកសម្រាប់ក្រសួងចំនួន ១១ ត្រូវបានបោះពុម្ពរួច ដោយធនាគារដៃគូ គឺធនាគារ អេស៊ីលីដា ធនាគារ វីង និង ធនាគារ កាណាឌីយ៉ា។ នេះទិន្នន័យដែលគិតត្រឹមថ្ងៃទី២៨ធ្នូ៕ © រក្សាសិទ្ធិដោយ thmeythmey.com