ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន៖ យកកុមារអាយុ៥ឆ្នាំ រងការបំពានឡើងតុលាការ ស្មើបំបាក់ស្មារតីបន្ថែម 
សម្តេច ហ៊ុន សែន បានសួរសុខទុក្ខដល់កុមារី និងយុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
×![]()
លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប (AFESIP) បានស្នើសុំនាយករដ្ឋមន្រ្តី កុំឲ្យយកកុមាររងគ្រោះ ដែលមានអាយុ៥ឆ្នាំ ទៅតុលាការទៀត។ សម្ដេច ហ៊ុន សែន បានឯកភាព និងស្នើឱ្យមេធាវីការពារក្ដីជាអ្នកជំនួស។
សម្ដេច ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នតុលាការឱ្យមានការយោគយល់ ក្នុងករណីយកក្មេងរងគ្រោះឡើងតុលាការ។ សម្ដេច ហ៊ុន សែន ថ្លែងថា ការធ្វើបែបនេះ ស្មើនឹងបំបាក់ស្មារតីបន្ថែម ការភ័យខ្លាចកាន់តែធ្ងន់។ «តុលាការ គឺជាកន្លែងដែលក្មេងរងគ្រោះភ័យខ្លាច»។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះក្នុងពីធីសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ដែលស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣។

ប្រធានអង្គការអាហ្វេស៊ីប (AFESIP) បានស្នើសុំនាយករដ្ឋមន្រ្តី កុំឲ្យយកកុមាររងគ្រោះ ដែលមានអាយុ៥ឆ្នាំ ទៅតុលាការ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
សម្ដេច ហ៊ុន សែន បានអំពាវនាវដល់ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឲ្យតុលាការមានការយោគយល់។ កន្លងមក មេធារីរបស់សម្ដេច ហ៊ុន សែន ក៏បានការពារក្ដីជូនជនរងគ្រោះ។ នាយករដ្ឋមន្រ្តី សង្ឃឹមថា តុលាការ នឹងយោគយល់ករណី យកកុមាររងការរំលោភបំពានទៅតុលាការនេះ។
លើសពីនេះ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងការលោភបំពាន និងការជួញដូរផ្លូវភេទសម្រាប់ស្ត្រី និងកុមារី។ ជាពិសេស សម្ដេច ហ៊ុន សែន បានអំពាវនាវដល់បុរសៗដែលគ្មានចិត្តជាមនុស្ស ត្រូវបញ្ឈប់នូវសកម្មភាពអសីលធម៌។
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះ៖ «ថ្ងៃនេះ លោកជំទាវ ជូ ប៊ុនអេង ដែលទទួលខុសត្រូវទៅលើបញ្ហា ការប្រឆាំងការជួញដូរមនុស្ស ក៏មានវត្តមាននៅទីនេះ។ យើងត្រូវចាប់ផ្តើមរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយអំពើទាំងឡាយដែលបំពាន ជាពិសេសភាពតិរច្ឆាន ដែលបានកើនឡើង ដោយសារមនុស្សប្រុសមួយចំនួនដែលបានបង្កើត»។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៦មក អង្គការអាហ្វេស៊ីប (AFESIP) បានជួយដល់កុមារី និងយុវតីរងការរំលោភបំពាន និងជួញដូរផ្លូវភេទសរុបប្រមាណជា ១ម៉ឺននាក់៕ Tag:
សម្ដេច ហ៊ុន សែន
កុមាររងគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com