អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យអភិវឌ្ឍមីស៊ីលអន្តរទ្វីបថ្មី និងអាវុធនុយក្លេអ៊ែរបន្ថែម
02, Jan 2023 , 11:01 am        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងក្នុងពិធីអបអរឆ្នាំថ្មី។ រូបភាពយកពី KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងក្នុងពិធីអបអរឆ្នាំថ្មី។ រូបភាពយកពី KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មី (ICBM) និងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីអាម៉េរិក និងប្រទេសជិតខាងកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA​ នៅថ្ងៃទី១ ខែមករា។ 

 
មួយឆ្នាំ២០២២ ឧបទ្វីបកូរ៉េកាន់តែតានតឹង ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ រួមទាំងបញ្ជូនដ្រូនចូលដីកូរ៉េខាងត្បូងថែមទៀតនៅជិតនៅចុងឆ្នាំ។ ជាការឆ្លើយតប កូរ៉េខាងត្បូង តែងធ្វើសមយុទ្ធយោធា និងបានបញ្ជូនដ្រូនចូលដីកូរ៉េខាងជើងវិញ។ ក្នុងកិច្ចប្រជុំបក្សពលករ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានលើកឡើងពីភាពចាំបាច់នៃការរក្សាអំណាចយោធាដ៏ខ្លាំងក្លា ដើម្បីការពារសន្តិសុខ និងអធិបតេយ្យ។ 
 
«ស្ថានភាពបច្ចុប្បន្ន បានជំរុញឱ្យបង្កើនសមត្ថភាពទ្វេដង ដើម្បីពង្រឹងយោធា...ក្នុងការឆ្លើយតបនឹងសកម្មភាពយោធារបស់អាម៉េរិក រួមទាំងកម្លាំងសត្រូវផ្សេងទៀត»។ លោកគីម បានបញ្ជាក់បែបនេះ ដោយបន្តសន្យាអភិវឌ្ឍប្រព័ន្ធមីស៊ីលអន្តរទ្វីបឱ្យទំនើប ដើម្បីវាយប្រហារតបនឹងការគំរាមកំហែង។ 
 
ក្នុងកិច្ចប្រជុំដដែលនោះ លោកគីម បានហៅកូរ៉េខាងត្បូងជាសត្រូវដោយគ្មានការសង្ស័យទៀតឡើយ តាមរយៈការអភិវឌ្ឍយោធា និងសកម្មភាពយោធាបែបបង្កសត្រូវ។ បើតាមលោកគីម វាពិតជាសំខាន់ណាស់ ក្នុងការបង្កើនការផលិតអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំ និងចំនួនអាវុធនុយក្លេអ៊ែររបស់ប្រទេស។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA កូរ៉េខាងជើងនឹងបាញ់ផ្កាយរណបយោធារបស់ខ្លួនឱ្យបានមុនពេលកំណត់ រួមទាំងពន្លឿនការអភិវឌ្ឍផ្កាយរណបចារកិច្ចផង។ 
 
ក្នុងកិច្ចសម្ភាសជាមួយកាសែត Chosun Ilbo ដែលចេញផ្សាយនៅថ្ងៃទី២ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានថ្លែងថា កូរ៉េខាងត្បូង កំពុងចរចាជាមួយអាម៉េរិក ក្នុងការធ្វើសមយុទ្ធយោធា ដោយមានការចូលរួមពីកងកម្លាំងនុយក្លេអ៊ែររបស់អាម៉េរិកផង ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ លោកយូន បានបន្ថែមថា អាម៉េរិក បានបង្ហាញកាយវិការវិជ្ជមានលើសមយុទ្ធបែបនេះ។ 
 
ក្រោមហេតុផលការពង្រឹងការការពារសម្ព័ន្ធមិត្តដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងអាវុធផ្សេងទៀត ប្រធានាធិបតីកូរ៉េខាងត្បូង​យល់ថា អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់អាម៉េរិកពិតមែន ប៉ុន្តែការចែករំលែកព័ត៌មាន គម្រោង ​និងការធ្វើសមយុទ្ធ គួរតែធ្វើរួមគ្នារវាងក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល។ 
 
បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានបញ្ជាក់ពីការចង់បានជំនួបជាមួយលោកគីមផង។ បើតាមលោកយូន កូរ៉េខាងត្បូងត្រូវចាប់ផ្តើមកិច្ចចរចាលើបញ្ហាមនុស្សធម៌ និងការឈានទៅដល់កិច្ចចរចាអន្តរកូរ៉េ។ ត្រង់ចំណុចនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា វាគ្មានហេតុផលអ្វី ត្រូវច្រានចោលជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងឡើយ៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com