ជាតិ
សង្គមជាតិ
ស្ថាប័នការពារព្រៃឈើ ដាក់ទិសដៅបន្តដើរពិនិត្យទីតាំងដែលទិញឈើខុសច្បាប់ 
សមត្ថកិច្ច ចុះបង្ក្រាបទីតាំងស្តុកឈើក្នុងខេត្តកំពង់ធំកាលពីពេលកន្លងមក។ រូបពីហ្វេសប៊ុក៖ GRK News
×![]()
គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ បានដាក់ចេញទិសដៅបន្តក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា ដោយទិសដៅនោះ រួមទាំងការដើរត្រួតពិនិត្យឈើ តាមដេប៉ូ និងតាមទីតាំងសិប្បកម្មកែច្នៃ ដែលទិញឈើខុសច្បាប់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងទៀតថា ក្រៅពីការដើរពិនិត្យតាមទីតាំងដែលទិញឈើ គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ បួករួមទាំងក្រសួង ស្ថាប័ន កងកម្លាំង និងមន្រ្តីជំនាញពាក់ព័ន្ធ នឹងបន្តពង្រឹងការទប់ស្កាត់ការកាប់ឈើ ទប់ស្កាត់ឈើ និងធ្យូង ដែលឆ្លងកាត់ព្រំដែន។ លើសពីនេះ សេចក្តីប្រកាសព័ត៌មាន សង្កត់ធ្ងន់ថា ស្ថាប័នពាក់ព័ន្ធទាំងអស់នេះ ត្រូវបង្ក្រាបមេខ្លោង ដែលផ្តល់ធនធាន មធ្យោបាយក្នុងការកាប់ឈើនិងការដឹកឈើ ហើយប្រមូលទិញឈើដោយខុសច្បាប់។
នៅចុងខែធ្នូ ឆ្នាំ២០២២ កន្លងនៅ គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ដែលមានលោកនាយឧត្តមសេនីយ៍ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានបើកកិច្ចប្រជុំ និងធ្វើរបាយការណ៍អំពីលទ្ធផលការងារក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ចាប់ពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២២ ជូនទៅរដ្ឋាភិបាល។ បើយោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ កិច្ចប្រជុំ បានវាយតម្លៃថា បទល្មើសធនធានធម្មជាតិ នៅបន្តកើតមានឡើង ប៉ុន្តែបានផ្លាស់ប្តូរពីទ្រង់ទ្រាយធំ ទៅជារូបភាពតូចៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com