កីឡាអន្តរជាតិ
អន្តរជាតិ
Ligue 1៖ Lens ផ្តល់បរាជ័យលើកដំបូងឱ្យ ម្ចាស់ការពារជើងឯក PSG
02, Jan 2023 , 2:18 pm        
រូបភាព
ក្រុម Paris Saint Germain រងបរាជ័យលើកដំបូងបំផុតក្នុងក្របខណ្ឌ Ligue 1 រដូវកាល ២០២២-២៣ នេះ ដោយចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ RC Lens ក្នុងលទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Stade Bollaert-Delelis។ ក្រុមឡើងជើង Lens ដែលស្ថិតនៅលេខ២ បន្តក្តីសង្ឃឹមប្រជែងពានទល់ក្រុមកំពូលតារាង PSG ដោយមានគម្លាតចំនួន៤ពិន្ទុ។



PSG លេងដោយអវត្តមានកីឡាករប្រយុទ្ធសំខាន់ Neymar ដែលរូបគេបានជាប់បម្រាមក្រោយទទួលបានកាតក្រហមពេលប្រកួតទល់ក្រុម Strasbourg កាលសប្តាហ៍មុន ចំណែកឯ Lionel Messi កំពុងបន្តសម្រាកយកកម្លាំងក្រោយបញ្ចប់ការប្រកួត World Cup នៅកាតា។ 
 
ជ័យជម្នះ ៣-១ របស់ RC Lens ធ្វើបានដោយកីឡាករ Przemyslaw Frankowski ដែលស៊ុតគ្រាប់បើកឆាកតាំងពីនាទី៥ និងខ្សែប្រយុទ្ធ ​Lois Openda នាទី២៨ ដែលជាគ្រាប់ទីពីរក្នុងវគ្គទីមួយ និង Alexis Claude-Maurice នាទី៤៨ ដើមវគ្គទីពីរតែម្តង។ ចំណែក ១គ្រាប់របស់ PSG កើតឡើងនៅក្នុងនាទី៨ ដែលរកបានដោយកីឡាករ Hugo Ekitike។
 
ទោះបរាជ័យ ប៉ុន្តែក្រុមដែលដឹកនាំដោយលោក Christophe Galtier បន្តស្ថិតនៅកំពូលតារាងមាន ៤៤ពិន្ទុ ក្រោយឆ្លងកាត់ាការប្រកួត ១៧លើក នាំមុខ Lens ចំនួន៤ពិន្ទុ។ នេះក៏ជាបរាជ័យលើកដំបូងក្នុងពានរង្វាន់ Ligue 1 សម្រាប់ក្រុមអ្នកមាន PSG ផងដែរនៅរដូវកាល ២០២-២៣នេះ។ 
 
Lens បញ្ចប់ភាពមិនដែលចាញ់របស់ PSG នៅក្រៅទឹកដីចំនួន ១២ប្រកួតនៃក្របខណ្ឌកំពូលបារាំងមួយនេះ ត្រឹមសប្តាហ៍ទី១៧។ បរាជ័យដដែលនេះបានធ្វើឱ្យ PSG បញ្ចប់ភាពមិនចាញ់របស់ខ្លួន ២៥ប្រកួតជាប់គ្នា ដោយគិតចាប់តាំងពីពួកគេបានប្រកួតចាញ់ AS Monaco លទ្ធផល ៣-០ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២២។ 
 
ការប្រកួតបន្ទាប់របស់ PSG នឹងត្រូវបន្តដំណើរទៅកាន់ទឹកដីរបស់ក្រុម Chateauroux សម្រាប់ជំនួប Coupe de France ខណៈ RC Lens នឹងត្រូវទៅជួបក្រុម Linas-Montlhery នៃជំនួបពានរង្វាន់ដូចទៅនឹង PSG ដែរ៕
 
 
 

Tag:
 Ligue 1
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com