កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal, Barca, Napoli, Bayern Munich​ និង PSG ឈរកំពូលតារាងរៀងខ្លួន គិតត្រឹមពាក់កណ្តាលរដូវកាល
02, Jan 2023 , 7:29 pm        
រូបភាព
Arsenal, Barcelona, Napoli, Bayern Munich និង Paris Saint-Germain ស្ថិតនៅកំពូលតារាងនៃលីគកីឡាបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុបរៀងខ្លួន ក្រោយឆ្លងកាត់ការប្រកួតបានពាក់កណ្តាលរដូវកាល ២០២២-២៣។



Arsenal នាំមុខគូប្រជែងចាប់តាំងពីដើមរដូវកាលមក បន្ទាប់ពីក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Mikel Arteta បង្ហាញភាពលេចធ្លោខុសពីរដូវកាលមុខៗ។ ជំនួបចុងក្រោយក្នុងក្របខណ្ឌ Premier League ក្រុមកាំភ្លើងធំយកឈ្នះ Brighton & Hove Albion ក្នុងលទ្ធផល ៤-២។
 
ឆ្លងកាត់ការប្រកួត១៦លើក Arsenal ចាញ់តែមួយលើកគត់ ក្រៅពីនោះឈ្នះ១៤លើក និងស្មើមួយ មាន៤៣ពិន្ទុស្ថិតនៅកំពូលតារាងលីគកំពូលអង់គ្លេស នាំមុខម្ចាស់ការពារតំណែងជើងឯក Manchester City ចំនួន៧ពិន្ទុ។ Newcastle United ជាក្រុមគួរចាប់អារម្មណ៍ដែរនោះ ស្ថិតនៅលេខ៣មាន៣៤ពិន្ទុ ក្រោយប្រកួត១៧លើក នាំមុខ Manchester United ដែលប្រកួត១៦លើក ចំនួន២ពិន្ទុ។ Nottingham Forest Wolverhampton Wanderers និង Southampton ស្ថិតនៅតំបន់គ្រោះថ្នាក់។
 
Arsenal ខនកាន់ឈ្នះជើងឯកលីគកំពូលអង់គ្លេស ជិត២០ឆ្នាំមកហើយ ពោលគឺឈ្នះលើកចុងក្រោយនៅរដូវកាល ២០០៣-០៤។ តាមរយៈទម្រង់លេងដ៏អស្ចារ្យ របស់លោក Arteta ក្រុមកាំភ្លើងធំទំនងជាអាចដណ្តើមបានជើងឯកជាថ្មីនៅរដូវកាល ២០២២-២៣នេះ។
 
Barcelona បើទោះជាបើករដូវកាលធ្វើមិនបានល្អ និងថែមទាំងធ្លាក់ពី UEFA Champions League ត្រឹមវគ្គចែកពូល ប៉ុន្តែក្រុមដឹកនាំដោយលោក Xavi Hernandez នៅឈរកំពូលតារាង La Liga ក្រោយឆ្លងកាត់ការប្រកួត១៥លើក។ ឈរកំពូលតារាងលីគកំពូលអេស្ប៉ាញ ប៉ុន្តែក្រុមរហស្សនាមអ្នកមានបុណ្យ មានពិន្ទុស្មើម្ចាស់ការពារជើងឯក Real Madrid ៣៨ពិន្ទុដូចគ្នា។
 
Barca និង Real Madrid ឈ្នះ១២លើក ចាញ់១ និងស្មើ២ដូចគ្នា ដោយខុសតែចំនួនគ្រាប់ស៊ុតបញ្ចូលទីប៉ុណ្ណោះ។ Real Sociedad ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន២៩ពិន្ទុ ខណៈ Atletico Madrid ឈរលេខ៤ រកបាន២៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១៥លើកដូចគ្នា។ Sevilla, Cardiz និង Elche ស្ថិតនៅតំបន់ត្រូវកាត់ចោល។
 
នៅលីគកំពូលអ៊ីតាលី Serie A ឯណោះវិញ Napoli បានបង្ហាញភាពខ្លាំងរបស់ខ្លួននៅរដូវកាលនេះ ដោយឈរនៅកំពូលតារាង និងនាំមុខគូប្រជែងចំនួន៨ពិន្ទុ ពីការប្រកួត១៥លើក។
Napoli ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Luciano Spalletti មិនទាន់ស្គាល់ចាញ់នោះឡើយនៅ១៥ប្រកួតក្នុងលីគ ក្នុងនោះឈ្នះ១៣លើក និងស្មើ២ មាន៤១ពិន្ទុ នាំមុខគូប្រជែង AC Milan ដែលស្ថិតនៅលេខពីរដែលរកបាន៣៣ពិន្ទុ។ Juventus ឈរលេខ៣មាន៣១ពិន្ទុ នាំមុខក្រុមលេខ៤ Lazio មួយពិន្ទុ។ Cremonese, Sampdoria និង Verona ប្រឈមត្រូវកាត់ចេញទៅលីគទីពីររដូវកាលក្រោយ។
 
ក្រុមខ្លាំង Bayern Munich និងជាក្រុមត្រូវការពារតំណែងជើងឯក Bundesliga កំពុងនាំមុខគេក្នុងតារាងពិន្ទុ រដូវកាល ២០២២-២៣នេះ។ ឆ្លងកាត់១៥ប្រកួតរួចមក ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Julian Nagelsmann បរាជ័យតែមួយលើកគត់ ក្រៅពីនោះឈ្នះ១០ និងស្មើ៤លើក រកបាន៣៥ពិន្ទុ នាំមុខគូប្រជែង Freiburg ចំនួន៤ពិន្ទុ។
 
RB Leipzig ឈរលេខ៣មាន២៨ពិន្ទុ និងក្រុមលេខ៤ Eintracht Frankfurt មាន២៧ពិន្ទុ។ VfB Stuttgart ស្ថិតននៅតំបន់ជម្រុះ play-off ខណៈ Bochum និង Schalke 04 នៅតំបន់ត្រូវកាត់ចេញ។
 
Paris Saint-Germain ដែលបរាជ័យលើកដំបូងក្រោមថ្វីជើង Lens ក្នុងការប្រកួតលីគកំពូលបារាំងរដូវកាល ២០២២-២៣នេះ នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងដដែល។ 
ឆ្លងកាត់ការប្រកួត១៧លើក ម្ចាស់ការពារតំណេងជើងឯក Ligue 1 រកបាន៤៤ពិន្ទុ តាមពីក្រោយដោយ Lens ដែលមាន៤០ពិន្ទុ។ Marseille ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន៣៣ពិន្ទុ ស្មើក្រុមលេខ៤ AS Monaco។ Brest, Auxerre, Strasbourg និង Angers ស្ថិតនៅតំបន់គ្រោះថ្នាក់៕
 

Tag:
 Arsenal
  Barcelona
  Napoli
  Bayern Munich
 Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com