អន្តរជាតិ
ក្រោយចិនផ្ទុះជំងឺកូវីដ-១៩ឡើងវិញ មេដឹកនាំតៃវ៉ាន់ ប្រកាសបោះដៃជួយ
02, Jan 2023 , 3:09 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី១ ខែមករា បានប្រកាសបោះដៃជួយចិន ដែលកំពុងផ្ទុះជំងឺកូវីដ-១៩ ឡើងវិញនៅក្នុងប្រទេស។ ទន្ទឹមនេះ មេដឹកនាំតៃវ៉ាន់ បានអះអាងជាថ្មីថា សង្រ្គាមមិនមែនជាជម្រើសដ៏ល្អក្នុងការដោះស្រាយបញ្ហានោះទេ ហើយទទូចឱ្យដោះស្រាយតាមរយៈកិច្ចចរចា និងសហប្រតិបត្តិការរវាងដែនដីទាំងពីរ។



 
ក្នុងសារឆ្នាំថ្មី ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen បានលើកឡើងពីករណីឆ្លងជំងឺកូវីដ-១៩ នៅចិន ក្រោយមហាអំណាចសេដ្ឋកិច្ចមួយនេះ បានប្រកាសលុបចោលគោលនយោបាយ «គ្មានជំងឺកូវីដ-១៩» នាពេលកន្លងមក។ 
 
«យើងមានឆន្ទៈក្នុងការផ្តល់ជំនួយដ៏ចាំបាច់ ដើម្បីជួយប្រជាជនឱ្យរួចផុតពីជំងឺកូវីដ-១៩ និងមានសុខភាពល្អ រួមទាំងសុវត្ថិភាពក្នុងឆ្នាំថ្មី»។ លោកស្រី Tsai បានបញ្ជាក់បែបនេះ នៅថ្ងៃទី១ ខែមករា ដោយបន្តថា ដែនដីទាំងពីមានបញ្ហាប្រឈមស្រដៀងគ្នា ដោយមានបញ្ហាចាប់តាំងពីជំងឺឆ្លងសកល ដល់ការផ្លាស់ប្តូរនយោបាយសកល និងសេដ្ឋកិច្ច។ 
 
បន្ថែមពីនេះ ប្រធានាធិបតីតៃវ៉ាន់ ក៏បានអំពាវនាវឱ្យស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ផង។ ត្រង់ចំណុចនេះ លោកស្រី Tsai បានសង្កត់ធ្ងន់ថា សង្រ្គាមមិនមែនជាជម្រើសល្អ ក្នុងការដោះស្រាយបញ្ហាឡើយ ហើយមានតែកិច្ចសហប្រតិបត្តិការ និងការចរចា រួមទាំងការរក្សាស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ប៉ុណ្ណោះ ទើបអាចឱ្យប្រជាជនមានភាពរីករាយ និងសុភមង្គល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
បើទោះមានការទទូចឱ្យស្វែងរកសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ក្តី លោកស្រី Tsai ក៏បានបន្តជំរុញឱ្យសាធារណជនគាំទ្រកម្លាំងប្រដាប់អាវុធលើដែនកោះមួយនេះផង។ កន្លងមក តៃវ៉ាន់ បានធ្វើកំណែទម្រង់ ដោយបន្ថែមរយៈពេលបម្រើយោធារបស់ប្រជាជន ដល់១ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៤។ 
 
ក្នុងសារឆ្នាំថ្មីរបស់លោកស្រី Tsai នេះ បានធ្វើឡើងក្រោយសារឆ្នាំថ្មីរបស់ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ ពីក្រុងប៉េកាំង លោកស៊ី បានថ្លែងថា ប្រជាជនរបស់ចិន និងតៃវ៉ាន់ ជាសមាជិក និងគ្រួសារតែមួយ ហើយប្រជាជនដែនដីទាំងពីរ នឹងធ្វើការជាមួយគ្នា ក្នុងគោលបំណងពង្រឹងវិបុលភាពនៃប្រជាជាតិចិន។ 
 
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក នៅថ្ងៃទី ៣០ ខែធ្នូ បានជំរុញឱ្យចិនផ្សព្វផ្សាយព័ត៌មានជាក់លាក់អំពីស្ថានភាពជំងឺកូវីដ-១៩ និងរាយការណ៍អត្រាអ្នកឆ្លង រួមទាំងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសឱ្យបានទៀងទាត់រាល់ថ្ងៃ។ ការអំពាវនាវនេះ ធ្វើឡើងក្រោយ គណៈកម្មការសុខាភិបាលជាតិចិន ឈប់ចេញរបាយការណ៍អ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ ពីថ្ងៃទី២៥ ខែធ្នូមក៕
 

Tag:
 តៃវ៉ាន់
  កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com