អន្តរជាតិ
លោក វ៉ាង យី៖ ចិន និងអាម៉េរិក គួរមានការសន្ទនាជាជាងការប្រឈមមុខ
02, Jan 2023 , 8:29 pm        
រូបភាព
អ្នកការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នៅថ្ងៃទី១ ខែមករា បានលើកឡើងថា ចិន និងអាម៉េរិក គួរតែបង្កើតកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា និងគួរចៀសវាងការបង្កកំហុសដដែលដូចពេលកើតឡើងក្នុងសង្គ្រាមត្រជាក់។



នៅក្នុងការធ្វើអធិប្បាយលើកដំបូងក្រោយឡើងតំណែងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនីស្តចិន លោក វ៉ាង នៅថ្ងៃទី១ ខែមករា បានជំរុញឱ្យអាម៉េរិកបើកការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយចិន ជាជាងការបង្កើនភាពតានតឹងដាក់គ្នា ព្រមទាំងផ្ដល់អនុសាសន៍ឱ្យចៀសវាងការបង្កកំហុសច្រំដែល។ 
 
កាលពីសប្ដាហ៍មុន សារព័ត៌មានរដ្ឋចិនបានប្រកាសថា តំណែងរដ្ឋមន្ត្រីការបរទេសចិនរបស់លោក វ៉ាង យី ត្រូវបានផ្លាស់ទៅឱ្យលោក ឈិន កាង ដែលជាអគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិកកាន់ជំនួសវិញ។ 
 
«ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានរិះរកវិធីត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរ ចិន និងអាម៉េរិកដើម្បីឱ្យចុះសម្រុងជាមួយគ្នា។ ប្រទេសទាំងពីរគួរតែបង្កើតវិធីសាស្ត្រធ្វើឱ្យចុះសម្រុងគ្នាជាមួយនឹងការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយធ្វើឱ្យទំនាក់ទំនងចិន អាម៉េរិកត្រឡប់មកដើរលើផ្លូវត្រឹមត្រូវដែលមានស្ថិរភាព»។ លោក វ៉ាង រៀបរាប់បែបនេះក្នុងសំណេរចុះផ្សាយក្នុងព្រឹត្តប័ត្ររដ្ឋ Seeking Truth ។ 
 
លោក វ៉ាង បានអះអាងដែរថា រឿងតៃវ៉ាន់ នៅតែជាចំណុចស្នូលនៃផលប្រយោជន៍សំខាន់របស់ចិន និងជាមូលដ្ឋានគ្រឹះនៃការកសាងទំនាក់ទំនងនយោបាយរវាងចិន និងអាម៉េរិក។ 
អ្នកការទូតជាន់ខ្ពស់ដដែល ក៏បានជំរុញឱ្យបណ្ដាប្រទេសធំៗក្នុងពិភពលោកដើរតួជាគំរូដូចចិន នៅពេលប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើន ដែលសំដៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ។ ជាក់ស្ដែងដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការវាងចិន និងរុស្ស៊ីកាលពីឆ្នាំ២០២២ ដែលរុញច្រានការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយនឹងសមិទ្ធិផលថ្មីៗក្នុងវិស័យថាមពល ការវិនិយោគ និងវិស័យផ្សេងៗទៀត។
 
ក្នុងពេលលោក វ៉ាង យី កាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិន ចាប់ពីឆ្នាំ ២០១៣ ភាពតានតឹងស្ទើរគ្រប់វិស័យបានកើនឡើងជាលំដាប់រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន សូម្បីតែបញ្ហាពាណិជ្ជកម្ម រហូតដល់បញ្ហាភូមិសាស្ត្រនយោបាយរបស់តៃវ៉ាន់។ 
 
ចំណែកលោក ឈិន ក៏ជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ដែរ មុនធ្វើដំណើរទៅប៉េកាំងដើម្បីកាន់តំណែង។ អតីតអគ្គរដ្ឋទូតចិនសរសេរ​លើ Twitter ថា លោកទន្ទឹងបន្តធ្វើការជាមួយប្រមុខការទូតអាម៉េរិកដើម្បីអនាគតទ្វេភាគីល្អប្រសើរ។ ចំណែកលោក ប្លីងខិន បញ្ជាក់ថា លោកក៏ជជែកពីទំនាក់ទំនងចិន-អាម៉េរិក ហើយរក្សាការបើកចំហបណ្ដាញទំនាក់ទំនងទៅវិញទៅមក៕  
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com