អន្តរជាតិ
ប្រមុខ IMF៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងកាន់តែដុនដាបនៅឆ្នាំ២០២៣
02, Jan 2023 , 9:29 pm        
រូបភាព
ប្រមុខមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី១ ខែមករា ព្រមានថា សេដ្ឋកិច្ចសកលឆ្នាំ២០២៣ នឹងកាន់តែយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ ព្រោះតួអង្គធំៗដែលជំរុញសេដ្ឋកិច្ចកន្លងមកដូចជាអាម៉េរិក អឺរ៉ុប និងចិន សុទ្ធតែមានបញ្ហាដូចគ្នា។



នៅក្នុងខែតុលា ឆ្នាំ២០២២ IMF បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ មកនៅត្រឹម២,៧ភាគរយ ធ្លាក់ចុះពី២,៩ភាគរយក្នុងខែកក្កដា។ នេះដោយសារ IMF បានមើលឃើញពីការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន សម្ពាធអតិផរណា និងការកើនឡើងអត្រាការប្រាក់ខ្ពស់ជាដើម។ 
 
ក្នុងកម្មវិធីព័ត៌មាន Face the Nation​ របស់ទូរទស្សន៍ CBS នៅថ្ងៃទី១ ខែមករា អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva និយាយថា ស្ថានភាពសេដ្ឋកិច្ចឆ្នាំថ្មីនេះ នឹងមានភាពដុនដាបជាងឆ្នាំចាស់។ បើតាមលោកស្រី Georgieva ប្រទេសប្រហែលមួយភាគបីនៃពិភពលោកអាចនឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣។
 
«ហេតុអ្វី? ពីព្រោះមហាអំណាចទាំង៣ក្នុងពិភពលោក ដូចជាអាម៉េរិក អឺរ៉ុប និងចិន សុទ្ធតែមានសេដ្ឋកិច្ចថយចុះក្នុងពេលដំណាលគ្នា»។ លោកស្រី Georgieva លើកឡើងបែបនេះ ជាការបកស្រាយហេតុផលដែលនាំឱ្យសេដ្ឋកិច្ចឆ្នាំ២០២៣ កាន់តែយ៉ាប់យ៉ឺនឡើងលើសឆ្នាំ ២០២២។
 
អគ្គនាយិកា IMF អះអាងថា វាជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ដែលចិនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងពិភពលោក មានអត្រាកំណើនសេដ្ឋកិច្ចក្នុងប្រទេសស្មើ ឬអាចទាបជាងកំណើនសេដ្ឋកិច្ចពិភពលោកទៅទៀត។ ចាប់ពីចិនបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ចចិនមានភាពវឹកវរ ខណៈស្ថានភាពឆ្លងនៅតែបន្តកើនឡើង។ 
 
លោកស្រី Georgieva ដែលបានទៅទស្សនកិច្ចនៅចិនកាលពីខែមុន បានព្រមានថាស្ថានភាពកូវីដ-១៩ ទំនងជានឹងប៉ះពាល់សេដ្ឋកិច្ចចិនបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ ហើយវានឹងអូសទាញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោកឱ្យរងគ្រោះទៅជាមួយ។ 
 
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅថ្ងៃទី៣១ ខែធ្នូ ក៏បានអំពាវនាវឱ្យប្រជាជនប្រឹងប្រែង រួបរួមគ្នាបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ស្របពេលប្រទេសកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃវិបត្តិនេះ។  
 
ចំណែកអឺរ៉ុបក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសង្រ្គាមនៅអ៊ុយក្រែន ដោយប្រទេសពាក់កណ្តាលនៃប្លុកនេះត្រូវរំពឹងថានឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣។ ប្រមុខ IMF បញ្ជាក់ដូច្នេះ ខណៈលើកឡើងវិជ្ជមានចំពោះសេដ្ឋកិច្ចអាម៉េរិកដែលមានភាពធន់នឹងវិបត្តិគួរឱ្យកត់សម្គាល់ បើទោះអាចមានកំណើនសេដ្ឋកិច្ចយឺតជាងមុន៕
 

Tag:
 IMF
© រក្សាសិទ្ធិដោយ thmeythmey.com