អន្តរជាតិ
យន្តហោះចិនដែលហោះចូលដែនអាកាសតៃវ៉ាន់កើនឡើងទ្វេដង ក្នុងឆ្នាំ២០២២ 
យន្តហោះចម្បាំង J-20 របស់ចិន។ រូបភាព៖ AFP
×![]()
ចំនួនយន្តហោះចម្បាំងចិន ដែលបានហោះចូលដែនអាកាសតៃវ៉ាន់កើនឡើងទ្វេដង នៅក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ កំណើនដ៏ច្រើនបែបនេះ កើតឡើងស្របពេលប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេនឡូស៊ី ធ្វើទស្សនកិច្ចនៅតៃវ៉ាន់នាពេលកន្លងមក។
តៃវ៉ាន់ ដែលជាដែនកោះតូចមួយ តែងរងការគំរាមកំហែងពីសំណាក់ចិន។ ជាញយៗ ចិនតែងបញ្ជូនយន្តហោះចម្បាំង ចូលក្នុងដែនអាកាសកោះមួយនេះ ឬធ្វើសមយុទ្ធយោធានៅក្បែរ។ មិនតែប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ចិនបានធ្វើសមយុទ្ធយោធាទាំងអាកាស និងជើងទឹក នៅជុំវិញកោះតៃវ៉ាន់ជាច្រើនថ្ងៃ ដោយយន្តហោះចម្បាំងមួយចំនួន បានហោះចូលតំបន់កំណត់ការពារដែនអាកាស (ADIZ) ថែមទៀត។
តាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើក្រសួងការពារជាតិតៃវ៉ាន់ កំណើនយន្តហោះចិន ហោះចូលដែនអាកាសតៃវ៉ាន់ បានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២១។ នៅក្នុងឆ្នាំ២០២២ យន្តហោះចិន បានហោះចូលតំបន់កំណត់ការពារដែនអាកាសចំនួន ១៧២៧គ្រឿង ខណៈឆ្នាំ២០២១ មានត្រឹម៩៦០ គ្រឿង ហើយឆ្នាំ២០២០ មានចំនួន ៣៨០គ្រឿងប៉ុណ្ណោះ។
នៅក្នុងឆ្នាំ២០២២ យន្តហោះចម្បាំងមានចំនួន ១២៤១គ្រឿង ដោយកើនពី ៥៣៨គ្រឿង ហើយយន្តហោះទម្លាក់គ្រាប់បែក រួមទាំងយន្តហោះប្រភេទ H6 មានចំនួន ១០១គ្រឿង ដោយកើនពី ៦០គ្រឿង។
នៅឆ្នាំ២០២២ ចិន ក៏បានបញ្ជូនដ្រូនចំនួន ៧១គ្រឿងចូលក្នុងដែនអាកាសតៃវ៉ាន់ផង ក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក។ នេះជាលើកដំបូង ដែលចិនបញ្ជូនដ្រូនចូលទៅក្នុងដែនអាកាសតៃវ៉ាន់។
នាពេលកន្លងមក ដោយមានការគំរាមកំហែងពីសំណាក់ចិន តៃវ៉ាន់ បានពង្រឹងសមត្ថភាពរបស់ខ្លួនលើផ្នែកយោធាយ៉ាងខ្លាំង។ លើសពីនេះ ក្រុងតៃប៉ិ បានបន្ថែមរយៈពេលបំពេញកាតព្វកិច្ចយោធាដល់ ១ឆ្នាំថែមទៀត ដោយចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៤៕
© រក្សាសិទ្ធិដោយ thmeythmey.com