អន្តរជាតិ
រុស្ស៊ីថា ទាហានខ្លួនជាង៦០នាក់ស្លាប់ក្នុងការវាយប្រហារនៅភាគខាងកើតអ៊ុយក្រែន
03, Jan 2023 , 12:24 pm        
រូបភាព
រុស្ស៊ីនៅថ្ងៃទី២ ខែមករា ប្រកាសថា ទាហានរបស់ខ្លួនជាង៦០នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅទឹកដីភាគខាងកើតដែលខ្លួនកំពុងគ្រប់គ្រង។ នេះជាការវាយប្រហារគ្នាដ៏បង្ហូរឈាមមួយនៅដើមឆ្នាំ២០២៣នេះ។



សង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយពេលជាង ១០ខែមកហើយ ដោយមានការវាយប្រហារគ្នាទៅវិញទៅមកស្ទើររាល់ថ្ងៃ។ ឈានចូលឆ្នាំ២០២៣ មិនបានប៉ុន្មានម៉ោង រុស្ស៊ីបានវាយប្រហារដោយមីស៊ីលនិងដ្រូនទៅលើអ៊ុយក្រែន ហើយអ៊ុយក្រែនក៏មិនបាននៅស្ងៀមដែរ ដោយវាយបកវិញសាហាវបំផុតវិញដែរ ហើយសម្លាប់ទាហានរុស្ស៊ីដល់ទៅ៦៣នាក់។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP នេះជាសេចក្ដីប្រកាសដ៏កម្រមួយរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបង្ហាញចំនួនទាហានបាត់បង់ជីវិតក្នុងសង្គ្រាម មានរហូតដល់ ៦៣នាក់។ ការវាយប្រហារធ្វើឡើងនៅក្នុងទីក្រុង Makiivka ភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី។ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល៤គ្រាប់ តែរុស្ស៊ីបានបាញ់ទម្លាក់២គ្រាប់។ 
 
យ៉ាងណាមិញ នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅថ្ងៃដដែល បានលើកឡើងថា ទាហានរបស់រុស្ស៊ីដែលស្លាប់មានជិត៤០០នាក់ឯណោះ។ លើសពីនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយថា រុស្ស៊ីមិនត្រឹមបាត់បង់ធនធានទ័ពប៉ុណ្ណោះទេ ថែមទាំងខូចខាតឧបករណ៍យោធាផ្សេងៗរហូតដល់១០គ្រឿង។
 
ក្រោយការប្រកាសតួលេខនេះ អ្នកជាតិនិយមរុស្ស៊ី រួមទាំងសមាជិកសភាបានខឹងសម្បារ និងទាមទារឱ្យដាក់ទណ្ឌកម្មមេបញ្ជាការចំពោះការឱ្យទាហានស្នាក់នៅក្បែរកន្លែងទុកគ្រាប់រំសេវ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មហាជនសង្ស័យថាអាជ្ញាធរទីក្រុងមូស្គូរាយការណ៍មិនពិតដោយបន្ថយចំនួនអ្នកស្លាប់ ខណៈស្ថានភាពបំផ្លាញនៅកន្លែងកើតហេតុធ្ងន់ធ្ងរខ្លាំង ដែលសមនឹងមានអ្នកស្លាប់រាប់រយនាក់។
 
រយៈពេល២ថ្ងៃដើមឆ្នាំ២០២៣ អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីជាង៨០គ្រឿងទៅហើយ ដែលរុស្ស៊ីបានប្រើវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅជនស៊ីវិលនៅក្នុងទីក្រុងកៀវ និងទីក្រុងដទៃទៀត។ មន្ត្រីអ៊ុយក្រែនអះអាងថា ទីក្រុងមូស្គូនៅប៉ុន្មានខែចុងក្រោយនេះកាន់តែបរាជ័យ ដោយសាររងការបាញ់ទម្លាក់មីស៊ីល និងដ្រូនអស់ជាច្រើនគ្រឿងដោយដៃទាហានទីក្រុងកៀវ ខណៈពេលនេះទីក្រុងកៀវបានបង្កើនការការពារដែនអាកាសរបស់ខ្លួនយ៉ាងរឹងមាំ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com