កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជំនួបចុងក្រោយ! តើវៀតណាម ម៉ាឡេស៊ី ឬសិង្ហបុរី ឡើងទៅជួបថៃ និងឥណ្ឌូណេស៊ី វគ្គ១/២ផ្តាច់ព្រ័ត្រ?
03, Jan 2023 , 1:59 pm        
រូបភាព
លោក Antoine Hey គ្រូជម្រើសជាតិមីយ៉ាន់ម៉ា រូបពី VFF
លោក Antoine Hey គ្រូជម្រើសជាតិមីយ៉ាន់ម៉ា រូបពី VFF
ជំនួបចុងក្រោយពូល B រវាងវៀតណាម ទល់មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ជាមួយសិង្ហបុរី ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នឹងធ្វើឡើងនៅថ្ងៃទី៣ ខែមករា នៅម៉ោង ៧:៣០នាទី [ម៉ោងនៅកម្ពុជា]។ ចំណោម៤ក្រុមនេះ មានតែវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរីប៉ុណ្ណោះ នៅសល់ឱកាសប្រជែងយកពីក្រុមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោក Park Hang Seo គ្រូវៀតណាម ចាត់ទុកការរៀបចំខ្លួនបានល្អ ជាផ្លូវនាំទៅរកជ័យជំនះ ស្របពេលលោក Antoine Hey គ្រូជម្រើសជាតិមីយ៉ាន់ម៉ា ប្តេជ្ញាធ្វើជាឧបសគ្គ វៀតណាមឡើងទៅវគ្គផ្ដាច់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន My Dinh ទោះខ្លួនហាលអាវហើយក្តី។



លោក Park Hang Seo បានបង្ហាញជំនឿចិត្តយ៉ាងមាំចំពោះកូនក្រុមវៀតណាម ដោយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវមីយ៉ាន់ម៉ា នៃការប្រកួតចុងក្រោយវគ្គក្នុងពូល។ គ្រូសញ្ជាតិកូរ៉េនេះ ចាត់ទុកជំនួបទល់មីយ៉ាន់ម៉ាជាការប្រកួតបើកឆាកដំបូងសម្រាប់ឆ្នាំ២០២៣។ ដូចនេះ វៀតណាម ត្រូវតែ​យកជ័យជំនះ ដើម្បីឆ្នាំថ្មី។
 

   លោក Kim Pan Gon គ្រូជម្រើសជាតិម៉ាឡេស៊ី រូបពី Football Association of Malaysia

«នេះ គឺជាការប្រកួតបើកឆាក ការប្រកួតទី១ ក្នុងឆ្នាំ២០២៣។ ខ្ញុំ​ជឿថា ជាមួយការត្រៀមខ្លួនល្អបំផុត យើង នឹងទទួលបានជោគជ័យ។ ដូច្នេះ ឆ្នាំ២០២៣ នឹងមានរឿងជោគជ័យជាច្រើនទៀត។»។ លោក Park Hang Seo បាននិយាយដូច្នេះ។
 
ឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិវៀតណាម បើទោះជាឈរលេខ១ មាន៧ពិន្ទុ ក្នុងពូល B ក្រោយឆ្លងកាត់៣ប្រកួត ប៉ុន្ដែក៏ត្រូវការឈ្នះនៅជំនួបចុងក្រោយនេះ ព្រោះសិង្ហបុរីមាន៧ពិន្ទុដូចគ្នា ចំណែកម៉ាឡេស៊ីតាមពីក្រោយតែ១ពិន្ទុប៉ុណ្ណោះ។
  

លោក Park Hang Seo គ្រូ ជម្រើសជាតិវៀតណាម រូបពី VFF

យ៉ាងណាក៏ដោយ ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត លោក Antoine Hey គ្រូជម្រើសជាតិមីយ៉ាន់ម៉ា ថានឹងរារាំងវៀតណាម មិនឱ្យឡើងទៅវគ្គខ្វែងបានឡើយ បើទោះក្រុមខ្លួនអស់ឱកាសប្រជែងកៅអីនេះក្តី។
 
ដោយឡែក ជំនួបកាត់ក្តីរវៀងម៉ាឡេស៊ី និងសិង្ហបុរី នឹងធ្វើឡើងនៅកីឡដ្ឋានអន្ដរជាតិ Bukit Jalil។ លោក Takayuki Nishigaya គ្រូជម្រើសជាតិសិង្ហបុរី យល់ថាម៉ាឡេស៊ី មានប្រៀបច្រើនជាង ព្រោះជាការប្រកួតនៅក្នុងទឹកដីរបស់គេ។ 
 
«សរុបសេចក្ដីទៅ ខ្ញុំដឹងពីស្ថានការណ៍របស់ក្រុមម៉ាឡេស៊ី។ ក្រុមគេ ក៏ចង់ឈ្នះដែរ។ ពួកគេ ល្អទាំង២ គឺផ្នែកប្រយុទ្ធ និងការពារ។ វា នឹងក្លាយជាការប្រកួតតានតឹង ​សម្រាប់យើង ប៉ុន្ដែ យើងត្រូវតែផ្ដោតទៅលើអ្វី ដែលយើងត្រូវធ្វើ។»។ នេះជាការបញ្ជាក់របស់លោក Nishigaya។
 


លោក Takayuki Nishigaya គ្រូជម្រើសជាតិសិង្ហបុរី ថ្លែងក្នុងសន្និសីទ មុនការប្រកួត រូបពី Football Association of Singapore

ចំណែក លោក Kim Pan-gon គ្រូជម្រើសជាតិម៉ាឡេស៊ី ជឿថាការប្រកួតក្នុងដីនេះ ធ្វើឲ្យកូនក្រុមមានស្មារតីកាន់តែខ្លាំង ហើយអាចគ្រប់គ្រងការប្រកួតបានច្រើនជាងក្រុមភ្ញៀវ។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖«យើង ចង់គ្រប់គ្រងការប្រកួត ឲ្យកាន់តែស្វាហាប់ ជាមួយនិងថាមពលរបស់កីឡាករ។ ឥឡូវ យើងមានស្មារតីជាក្រុមដ៏ល្អ នៅពេលដែលយើងចូលប្រកួត។ វា គឺជាការប្រកួត ដែលគួរឲ្យចាប់អារម្មណ៍ រវាងសិង្ហបុរី និងម៉ាឡេស៊ី ប៉ុន្ដែអ្វី ដែលសំខាន់ គឺយើងមានគោលដៅនៅក្នុងឆន្ទៈរបស់យើង នោះគឺកៅអីវគ្គបន្ទាប់។»។
 
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែមករា ដោយលេខ១ ពូល A ត្រូវជួបជាមួយក្រុមលេខ២ ពូល B រីឯ លេខ២ ពូល A ជួបលេខ១ ពូល B៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com