អន្តរជាតិ
កូរ៉េខាងត្បូង បញ្ជាក់ជាថ្មីថាក្រុងសេអ៊ូល និងវ៉ាស៊ីនតោន កំពុងចរចាលើប្រតិបត្តិការនុយក្លេអ៊ែររួមគ្នា 
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល (ខាងឆ្វេង) និងសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព AFP
×![]()
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែមករា បានអះអាងជាថ្មីថា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន កំពុងជជែកគ្នាជុំវិញការចែករំលែកព័ត៌មាន និងផែនការអនុវត្តរួមពាក់ព័ន្ធនឹងកងកម្លាំងនុយក្លេអ៊ែរ។ ការអះអាងនេះធ្វើឡើង ក្រោយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបដិសេធមិនមានកិច្ចចរចាបែបនេះទេ។
ក្នុងកិច្ចសម្ភាសជាមួយកាសែត Chosun Ilbo ដែលចេញផ្សាយនៅថ្ងៃទី២ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានថ្លែងថា កូរ៉េខាងត្បូង កំពុងចរចាជាមួយអាម៉េរិក ក្នុងការធ្វើសមយុទ្ធយោធា ដោយមានការចូលរួមពីកងកម្លាំងនុយក្លេអ៊ែររបស់អាម៉េរិកផង ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
យ៉ាងណាមិញ កិច្ចចរចាបែបនេះ ត្រូវបានលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិកឆ្លើយបដិសេធ។ ក្នុងចម្លើយទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញកិច្ចចរចាខាងលើ នៅសេតវិមាន លោកបៃឌិន ថាប្រទេសទាំងពីរ មិនមានកិច្ចចរចាអ្វីឡើយ។ ប៉ុន្តែលោកបៃឌិន ក៏មិនបានបញ្ជាក់បន្ថែមនោះទេ។
ក្រោយការបញ្ជាក់ពីមេដឹកនាំអាម៉េរិក លោកស្រី Kim Eun-hye លេខាទទួលបន្ទុកកិច្ចការព័ត៌មាននៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងសេចក្តីថ្លែងការណ៍មួយ បានអះអាងថា នៅពេលអ្នកសារព័ត៌មានសួរសំណួរមិនច្បាស់លាស់ លោកប្រធានាធិបតីអាម៉េរិក ត្រូវតែឆ្លើយបដិសេធ។ ត្រង់ចំណុចនេះ លោកស្រី Kim បានពន្យល់ថា សមយុទ្ធនុយក្លេអ៊ែររួម ជាពាក្យប្រើប្រាស់រវាងមហាអំណាចនុយក្លេអ៊ែរ។
បើតាមមន្រ្តីការិយាល័យប្រធានាធិបតីរូបនេះ កូរ៉េខាងត្បូង និងអាម៉េរិក កំពុងចរចាលើការចែករំលែកព័ត៌មាន, ផែនការរួម និងផែនការអនុវត្តរួម ដោយមានពាក់ព័ន្ធនឹងប្រតិបត្តិការកងកម្លាំងនុយក្លេអ៊ែរ ដើម្បីឆ្លើយតបនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ការបង្ហើបពីកិច្ចចរចានេះ ស្របពេលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មី (ICBM) និងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីអាម៉េរិក និងប្រទេសជិតខាងកូរ៉េខាងត្បូង៕
Tag:
អាម៉េរិក
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com