អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន នឹងលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងក្នុងទស្សនកិច្ចផ្លូវរដ្ឋនៅចិន
03, Jan 2023 , 4:10 pm        
រូបភាព
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
មុនចាកចេញពីប្រទេស ដើម្បីឆ្ពោះទៅចិន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅថ្ងៃទី៣ ខែមករា បានលើកឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មានគោលបំណងផ្លាស់ប្តូរទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំង ទៅកម្រិតខ្ពស់។ ការអះអាងបែបនេះ ធ្វើឡើងស្របពេលហ្វីលីពីន និងចិន កំពុងមានជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។

 
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ត្រូវធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ ដោយផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា។ ទស្សនកិច្ចនេះ លោក Marcos Jr. នឹងជួបជាមួយសមភាគីចិន លោកស៊ី ជិនភីង និងនាយករដ្ឋមន្រ្តីជិតផុតអាណត្តិចិន លោក លី ខឹឈាំងផង។ ថ្លែងពីក្រុង Pasay មុនចាកចេញពីប្រទេស ប្រធានាធិបតីហ្វីលីពីន បានអះអាងថា ទស្សនកិច្ចនេះ មានបំណងផ្លាស់ប្តូរទំនាក់ទំនងឱ្យល្អប្រសើរជាងមុន។ 
 
«ខ្ញុំរំពឹងពីជំនួបជាមួយប្រធានាធិបតីស៊ី ដោយយើងនឹងកែលម្អទំនាក់ទំនងរបស់យើងទៅកម្រិតខ្ពស់ ដែលអាចនាំមកនូវវិបុលភាព និងឱកាសដ៏សម្បូរសម្រាប់ប្រជាជនទាំងពីរ»។ លោក Marcos​ បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា លោកនឹងលើកបញ្ហាសន្តិសុខនយោបាយនៃប្រទេសទាំងពីរ និងតំបន់ទៅពិភាក្សាផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ABS CBN News។ 
 
បើតាមប្រធានាធិបតី ហ្វីលីពីននឹងស្វះស្វែងរកការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ និងបញ្ហាតំបន់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ បើទោះមិនបានបញ្ជាក់ពីបញ្ហាទាំងនោះឱ្យបានច្បាស់លាស់ ប៉ុន្តែវិវាទនៅក្នុងសមុទ្រចិនខាងត្បូង ទំនងជាមាននៅក្នុងកិច្ចពិភាក្សាដែរ។ 
 
បន្ថែមពីនេះ ក្នុងទស្សនកិច្ចនេះ ចិន និងហ្វីលីពីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់លើវិវាទពាក់ព័ន្ធនឹងសមុទ្រហ្វីលីពីនខាងលិច ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា និងការយល់ខុសផ្សេងៗ។ 
 
មិនតែប៉ុណ្ណោះ ភាគីទាំងពីរត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១០ផ្សេងទៀត ពាក់ព័ន្ធនឹងការវិនិយោគ ភ្ញៀវទេសចរ និងនិស្សិតនៅហ្វីលីពីន។ 
 
មុនពេលដំណើរចាកចេញទៅចិន អ្នកនេសាទហ្វីលីពីនមួយក្រុម បានជំរុញឱ្យលោក Marcos រក្សាអាទិភាពលើការការពារសិទ្ធិរបស់ហ្វីលីពីននៅសមុទ្រហ្វីលីពីនខាងលិច និងឱ្យចិនទទួលខុសត្រូវរាល់ផលប៉ះពាល់ ដែលបង្កចេញពីសកម្មភាពឈ្លានពានរបស់ខ្លួនមកលើហ្វីលីពីន។ បើតាមក្រុមអ្នកនេសាទនោះ លោក Marcos មិនត្រូវយកវិវាទនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ទុកនៅដោយឡែកឡើយ ដើម្បីទទួលបានការវិនិយោគ និងកម្ចីពីចិនមកវិញ៕
 
 

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com