កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយបរាជ័យ គ្រូ Liverpool ចោទក្រុម Brentford បំពានច្បាប់ប្រកួត 
×![]()
លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានចោទក្រុម Brentford ថាបានលេងដោយបំពានច្បាប់ បន្ទាប់ពីក្រុមរបស់លោកប្រកួតចាញ់ក្នុងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ៣-១ ក្នុងជំនួប Premier League សប្តាហ៍ទី១៧ នៅរាត្រីថ្ងៃ២ ខែមករា ឆ្នាំ ២០២៣។
បរាជ័យជំនួបទល់ Brentford ធ្វើឱ្យក្រុមហង្សក្រហមខកចិត្ត ដ្បិតខាតបង់ពិន្ទុ ធ្វើឱ្យមានគម្លាត់ខិតចេញពីតំបន់ Top 4 នៃក្របខណ្ឌ Premier League។ ៣គ្រាប់យកឈ្នះលើ Liverpool ស៊ុតបញ្ចូលទីដោយកីឡាករ Ibrahima Konate ខ្សែការពារ Liverpool ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯងគ្រាប់ទីមួយ ចំណែកគ្រាប់ទី២ ដោយ Yoane Wissa នាទី៤២ និង Bryan Mbeurno នាទី៨៤។ រីឯ ១គ្រាប់របស់ Liverpool ស៊ុតដោយ Alex Oxlade-Chamberlain នាទី៥០។ បរាជ័យដ៏អាម៉ាស់របស់ Liverpool ដោយសារតែពួកគេមិនអាចរារាំងការបង្កព្យុះភ្លៀងនៃការបញ្ជូនបាល់ Free Kick របស់ក្រុម Brentford ដែលកើតចេញពីការលេងបាល់ជ្រុង។
ជាក់ស្តែងនៅត្រឹមដើមវគ្គទីពីរ ហង្សក្រហមបានផ្លាស់ប្តូរកីឡាករសំខាន់ៗចំនួន ៣រូប ក្នុងនោះក៏រួមមានខ្សែការពាររឹងមាំ Virgil van Dijk ប៉ុន្តែមិនអាចកែប្រែស្ថានកាលអ្វីបានឡើយគឺត្រឹមទទួលបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះតែប៉ុណ្ណោះ។ ឈ្នះ ៣-១ ក្នុងទឹកដីបានជួយឱ្យ Brentford បំបែកកំណត់ត្រាខ្លួនរកបានជ័យជម្នះលើ Liverpool លើកដំបូងចាប់តាំងពីឆ្នាំ ១៩៣៨ មក។
លោក Klopp វិញបានបង្ហាញអារម្មណ៍ខកចិត្តក្នុងសន្និសីទកាសែត ដោយលោកបានចោទប្រកាន់ក្រុម Brentford ថាបានបំពានច្បាប់។ អ្នកចាក់ការ Liverpool ក៏បានចោទប្រកាន់ទៅកាន់លោក Stuart Attwell អាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតថាមិនព្រមមានវិធានការលើអាកប្បកិរិយារបស់កីឡាករ Brentford អំឡុងបាល់ជ្រុង។
«ខ្ញុំមិនប្រាកដទេថា អ្នកនឹងអាចគ្រប់គ្រងពេលវេលាបានគ្រប់ពេលនោះ ពិព្រោះតែការទាត់បាល់ជ្រុងម្តងៗគឺជារឿងដ៏គួរឱ្យគ្រោះថ្នាក់ ហើយពួកគេបានបំពានច្បាប់ដោយភាសាកាយវិការរបស់ពួកគេនៅលើទីលាន។ […] គ្រាប់បាល់២គ្រាប់ដែលពួកគេរកបានពីការលើកបាល់ជ្រុងគឺជាបាល់ Off-side ទាំងពីរ ហើយអាកប្បកិរិយារបស់ពួកគេពិតជាធ្វើបានល្អដែលពួកគេក្លែងបន្លំនិងបំពានច្បាប់។ គ្រាប់បាល់ទី៣ ខ្ញុំរិតតែមិនអាចទទួលយកបាន ព្រោះថាជាការបង្កកំហុស ប៉ុន្តែ VAR មិនព្រមបញ្ជាក់ ហើយអាជ្ញាកណ្តាលគួរតែពន្យល់ពីរឿងទាំងនេះ។»។ លោក Klopp បង្ហាញអារម្មណ៍មិនសប្បាយចិត្ត ក្រោយចប់ការប្រកួត។
បច្ចុប្បន្ន Liverpool កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាងពិន្ទុក្របខណ្ឌលីគកំពូលអង់គ្លេស ដោយមាន ២៨ពិន្ទុ ឈរពីក្រោមក្រុម Tottenham Hotspur ដែលនៅលេខ ៥មាន ៣០ពិន្ទុ និងមានគម្លាតពិន្ទុពីតំបន់កំពូលទាំង៤ ចំនួន ៤ពិន្ទុ។ ការប្រកួតបន្ទាប់របស់ Liverpool ក្នុងក្របខណ្ឌ Premier League នឹងត្រូវធ្វើដំណើរទៅជួប Brighton & hove Albion ថ្ងៃទី១៤ ខែមករា៕
Tag:
Jurgen Klopp
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com