រយៈពេល២ឆ្នាំមកនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលអស់១០ម៉ឺនហិកតានៅទូទាំងប្រទេស។ មូលហេតុដែលកសិករសម្រេចកាប់ស្វាយចន្ទីចោល គឺដោយសារតែការប្រែប្រួលអាកាសធាតុ និងការឡើងថ្លៃនៃប្រេងឥន្ធនៈ ជី និងថ្នាំកសិកម្ម ឥតឈប់ឈរ។ នេះជាការលើកឡើងរបស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
ស្វាយចន្ទីប្រមាណ១០ម៉ឺនហិកតានៅទូទាំងប្រទេសត្រូវបានកសិករកាប់និងភ្ជួរចោល ហើយជំនួសដោយដាំដំឡូងមី វិញ។ ទិន្នន័យដែលសមាគមស្វាយចន្ទីកម្ពុជា បានរកឃើញក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ស្វាយចន្ទីដែលកសិករកាប់ចោលនោះ គឺមានទាំងប្រភេទដើមចន្ទីចាស់ និងកូនចន្ទីដែលមិនទាន់ផ្តល់ទិន្នផល។ ការកាប់ចោលនេះ ធ្វើឱ្យផ្ទៃដីដាំដុះចន្ទីសរុបនៅកម្ពុជា ត្រូវបានថយចុះពី៨០ម៉ឺនហិកតា មកនៅត្រឹម៧០ម៉ឺនហិកតា។
លោក អួន ស៊ីឡុត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)នារសៀលថ្ងៃទី៣មករា យ៉ាងដូច្នេះ៖ «ចន្ទីតូចៗ គឺកសិករភ្ជួរចោលតែម្តង ដោយសារគាត់[កសិករ]អស់សង្ឃឹម ព្រោះតែ ជី ថ្នាំ និងប្រេងឥន្ធនៈឡើងថ្លៃ ហើយរួមផ្សំនឹងការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់ចន្ទីខ្លាំង»។ លោកបន្ថែម ក្នុងចំណោមស្វាយចន្ទី១០ហិកតាដែលត្រូវបានកសិករកាប់ចោលនោះ គឺមាននៅខេត្តកំពង់ធំ ក្រចេះ និងព្រះវិហារ ច្រើនជាងគេ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។
បើតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យកសិករដែលដាំចន្ទីមានខាតបង់ច្រើន ដោយសារតែប្រមូលទិន្នផលបានតិចហើយមានគុណភាពទាបទៀត ដែលធ្វើឱ្យតម្លៃលក់ចេញក៏ថោកផងដែរ។ ទន្ទឹមគ្នានេះ ការចំណាយរបស់កសិករមានការកើនឡើងជាលំដាប់ចាប់តាំងពីដើមឆ្នាំ២០២១មក ទៅលើថ្លៃប្រេងឥន្ធនៈ ជី និងថ្នាំកសិកម្ម ដែលត្រូវបានប្រើប្រាស់យ៉ាងចាំបាច់នៅក្នុងវិស័យកសិកម្ម។
ដើម្បីដោះស្រាយបញ្ហានេះលោក អួន ស៊ីឡុត លើកទឹកចិត្តដល់កសិករឱ្យកាត់បន្ថយការប្រើជី-ថ្នាំកសិកម្មគីមី ហើយងាយមកប្រើប្រាស់ជី និងថ្នាំពុលកសិកម្មបែបធម្មជាតិវិញ។ «កសិករត្រូវរៀនពីរបៀបផលិតជីធម្មជាតិងាយៗដោយខ្លួនឯង ដើម្បីយកមកលាយជាមួយជីទិញគេទាំងជីទឹកនិងគោក និងរបៀបប្រើថ្នាំឲ្យត្រឹមត្រូវតាមបញ្ហា និងកាលៈទេសៈ»។ នេះការរៀបរាប់របស់លោក ស៊ីឡុត ដោយបន្ថែមយ៉ាងខ្លីថា៖ «បើដាំ[ចន្ទី]ថ្មីត្រូវរើសពូជ! បើដើមចាស់ត្រូវរៀនបញ្ជាចន្ទីឱ្យចេញមុនរដូវ»។
តែយ៉ាងណាលោក ស៊ីឡុត រំពឹងថា កម្ពុជាអាចផលិតគ្រាប់ចន្ទីស្រស់ បានចន្លោះពី៨០ម៉ឺនតោន ទៅ ១លានតោន សម្រាប់ឆ្នាំ ២០២៣ ប្រសិនបើអាកាសធាតុអំណោយផលល្អ។ លោកបន្តនិយាយដូច្នេះ៖« ឥឡូវ[ចន្ទី]កំពុងចេញក្តឹប។ ការចេញក្តឹបរដូវឆ្នាំ២០២៣នេះ លឿនជាងរដូវឆ្នាំ២០២១ មួយខែ និងលឿនជាងរដូវ ២០២២ មួយខែកន្លះ។ ការប្រមូលផលចន្ទីសម្រាប់ឆ្នាំ២០២៣ នឹងអាចចាប់ផ្តើមនាចុងខែមករា»។
របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ពេញមួយឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅទីផ្សារអន្តជាតិបាន៦៧ម៉ឺនតោន ស្មើនឹងទឹកប្រាក់១០៧៧លានដុល្លា។ ការនាំចេញនេះ គឺធ្លាក់ចុះដល់៣៤,៦៥ភាគរយ។ ប្រទេសដែលនាំចូលចន្ទីស្រស់ពីកម្ពុជាច្រើនជាងគេគឺ វៀតណាម៕