កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Al Nassr ថាការចុះកិច្ចសន្យាជាមួយ Ronaldo នឹងធ្វើឱ្យវិស័យបាល់ទាត់អារ៉ាប៊ីសាអូឌីតរីកចម្រើន
03, Jan 2023 , 5:39 pm        
រូបភាព
លោក Rudi Garcia គ្រូបង្វឹករបស់ក្រុម Al Nassr បាននិយាយនៅថ្ងៃទី៣ ខែមករានេះថា ការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo ជាការបោះជំហ៊ានដ៏ធំបន្ថែមទៀតទៅកាន់អនាគតនៃវិស័យបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើនទៅមុខ។ ការលើកឡើងបែបនេះបន្ទាប់ពីខ្សែប្រយុទ្ធវ័យ ​៣៧ បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ ដើម្បីត្រៀមបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រក្រុម Al Nassr។



Ronaldo ត្រូវបានផ្ទេរទៅកាន់ក្លិបនៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេបានចែកផ្លូវជាមួយក្រុមបិសាចក្រហម Manchester United កាលពីខែវិច្ឆិកាឆ្នាំ ២០២២ មុនព្រឹត្តិការណ៍ World Cup។ តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ចូលរួមជាមួយក្រុមស្ថិតនៅលីគកំពូលអារ៉ាប៊ីសាអូឌីតក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ កន្លះ ដោយទទួលបានថ្លៃពលកម្មប្រមាណ ២១៣​លានដុល្លារក្នុងមួយឆ្នាំ។
 
ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បានង្ហាញខ្លួនលើកដំបូងទៅកាន់អ្នកគាំទ្រក្រុម Al Nassr ក្នុងកីឡដ្ឋាន Mrsool Park ដែលមានវត្តមានអ្នកគាំទ្រចូលរួមប្រមាណជាង ២៥,០០០នាក់។ 
 
លើកដំបូងនៃការបញ្ចេញមតិទាក់ទងនឹងការមកដល់របស់ ​Ronaldo លោក Rudi Garcia គ្រូបង្វឹកក្រុមបាននិយាយប្រាប់អ្នកកាសែតថា លោករីករាយចំពោះការមកដល់នៃប្រធានក្រុមព័រទុយហ្កាល់។ លោក Garcia ក៏បានសង្កត់ធ្ងន់ថា នេះជាការបោះជំហ៊ានដ៏ធំបន្ថែមទៀតសម្រាប់វិស័យបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត។
 
«ការចុះកិច្ចសន្យាជាមួយកីឡាករលំដាប់កំពូលដូចជា Ronaldo គឺជារឿងមួយដែលមិនធម្មតាឡើយ ហើយនេះបានបង្ហាញអំពីការអភិវដ្ឍដ៏ខ្លាំងបន្ថែមថ្មីមួយនៃបាល់ទាត់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ យើងរីករាយចំពោះការមកដល់របស់គេ ហើយគោលដៅដំបូងរបស់យើងគឺដើម្បីធ្វើការងារជាមួយគេ ដើម្បីឱ្យគេអាចសម្របខ្លួនជាមួយក្រុម Al Nassr និងរីករាយលេងជាមួយក្រុម»។ លោក Garcia បាននិយាយបែបនេះ។
 
អ្វីដែលប្លែកលើសពីការចុះកិច្ចព្រមព្រៀងជាមួយក្លិប Al Nassr ពីសំណាក់ Ronaldo ក្លិបដែលកំពុងនាំមុខនៅលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Saudi Professional League(SPL) មួយនេះ ត្រូវបានគេមើលឃើញថាបានកើតឡើងចំនួនអ្នកតាមដានយ៉ាងកំហុគនៅលើបណ្តាញសង្គម Instagram ដែលឈានឡើងដល់ជាង ៨លានដងចាប់តាំងពីពួកគេបានប្រកាសពីការមកដល់របស់ Ronaldo។
 
ផ្លាស់ទៅទឹកដីទ្វីបអាស៊ីលើកដំបូងសម្រាប់តារាបាល់ទាត់ឆ្នើមវ័យ ៣៧ឆ្នាំ ក្រោយប្រកបអាជីពនៅតំបន់អឺរ៉ុបអស់រយៈពេលជាយូរ ហើយរកបានគ្រាប់បាល់ចំនួន ៨១៩គ្រាប់ Ronaldo អះអាងថារូបគេចង់ដកស្រង់បទពិសោធន៍ថ្មីពីតំបន់អាស៊ី។ ការមកដល់របស់ Ronaldo ក៏បានជំរុញទៅកាន់កីឡាករល្បីឈ្មោះបន្ថែមទៀតឱ្យក្រលែកមកមើលលីគបាល់ទាត់របស់អារ៉ាប់ផងដែរ៕
 
 
 

Tag:
 Al Nassr
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com