អន្តរជាតិ
តាលីបង់ ជំរុញឱ្យអាហ្វហ្កានីស្ថានពឹងផ្អែកលើខ្លួនឯង
03, Jan 2023 , 9:29 pm        
រូបភាព
រដ្ឋបាលតាលីបង់ជំរុញឱ្យអាហ្វហ្កានីស្ថានមានសេដ្ឋកិច្ចរឹងមាំគ្រប់គ្រាន់ដើម្បីពឹងផ្អែកលើខ្លួនឯង តែក៏ចង់លើកកម្ពស់ពាណិជ្ជកម្ម រួមទាំងទទួលបានការវិនិយោគពីអន្តរជាតិ។ រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្មអាហ្វហ្កានីស្ថានលើកឡើងបែបនេះ។



ចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់អំណាចជាថ្មីកាលពីខែសីហា ឆ្នាំ២០២១ អាហ្វហ្កានីស្ថានចាប់ផ្តើមក្លាយជាប្រទេសឯកោ មិនមានការធ្វើពាណិជ្ជកម្មទូលាយជាមួយបរទេសឡើយ ហើយពឹងផ្អែកយ៉ាងខ្លាំងលើជំនួយមនុស្សធម៌។ ថ្មីៗនេះ ជំនួយមនុស្សមនុស្សធម៌របស់អង្គការអន្តរជាតិនានាក៏ត្រូវបានផ្អាកថែមទៀត ដែលឆ្លើយតបនឹងការប្រកាសរបស់ពួកតាលីបង់ហាមស្ត្រីបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល (NGO)។ 
 
ដោយប្រទេសកំពុងបាត់បង់ជំនួយជាទីពឹងសំខាន់ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងពាណិជ្ជកម្មអាហ្វហ្កានីស្ថាន លោក Haji Nooruddin Azizi  លើកឡើងថា រដ្ឋបាលតាលីបង់គាំទ្រឱ្យមានការពឹងផ្អែកលើខ្លួនឯង និងលើកទឹកចិត្តចំពោះការប្រើប្រាស់ផលិតផលក្នុងស្រុកនានា។ លើសពីនេះ លោក Azizi ក៏ជំរុញឱ្យមានពាណិជ្ជកម្មទូលំទូលាយ និងការវិនិយោគពីបរទេសឱ្យបានច្រើនផងដែរ។ 
 
«យើងនឹងចាប់ផ្តើមកម្មវិធីពឹងផ្អែកខ្លួនឯងក្នុងប្រទេស។ យើងនឹងលើកទឹកចិត្តឱ្យស្ថាប័នទាំងអស់ឱ្យប្រើប្រាស់ផលិតផលក្នុងស្រុក យើងក៏នឹងព្យាយាមលើកទឹកចិត្តប្រជាជនឱ្យគាំទ្រផលិតផលក្នុងស្រុករបស់យើង»។ លោក Haji Nooruddin Azizi ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះមុនបន្តថា រដ្ឋបាលតាលីបង់នឹងគាំទ្រទំនិញក្នុងស្រុកគ្រប់ប្រភេទដែលអាចជំរុញយុទ្ធសាស្ត្រពឹងលើខ្លួនឯង។ 
 
លើសពីនេះ លោក Azizi លើកឡើងពីការ​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់បរទេសដែលជាផ្នែកមួយទៀតនៃផែនការរបស់ពួកតាលីបង់។ លោក Azizi ថ្លែងថាប្រទេសដែលនាំចូលទំនិញមកអាហ្វហ្កានីស្ថានកំពុងស្នើសុំឱ្យប្រទេសអាស៊ីមួយនេះផ្តល់ឱកាសឱ្យពួកគេបានមកវិនិយោគផ្ទាល់ក្នុងប្រទេសជំនួសឱ្យការនាំចូល។ 
 
ប្រទេស​នាំចូលទំនិញមកអាហ្វហ្កានីស្ថាន ​រួម​មាន​អ៊ីរ៉ង់ រុស្ស៊ី និង​ចិន ហើយទាំងនេះក៏ជាប្រទេស​​ចាប់​អារម្មណ៍​លើ​ការធ្វើពាណិជ្ជកម្ម និង​ការ​វិនិយោគជាមួយតាលីបង់។ ​ជាក់ស្ដែង គម្រោង​វិនិយោគមួយ​ចំនួនដែល​​កំពុងស្ថិតក្នុងដំណាក់កាល​ពិភាក្សាមានសួន​ឧស្សាហកម្ម​ចិន ​និង​រោងចក្រ​ផលិតអគ្គិសនីដើរដោយថាមពល​កម្ដៅដែល​​ចូល​រួមគាំទ្រ​ពី​រុស្ស៊ី​ និង​អ៊ីរ៉ង់។
 
យ៉ាងណាមិញ ការណ៍ដែលអន្តរជាតិមិនទាន់ទទួលស្គាល់រដ្ឋបាលតាលីបង់ជាផ្លូវការ ការដាក់ទណ្ឌកម្ម រួមទាំងបញ្ហាសន្តិសុខក្នុងប្រទេស បានជំរុញឱ្យវិនិយោគិនបរទេសរារែកក្នុងការសម្រេចចិត្តវិនិយោគក្នុងប្រទេសនេះ ទោះបីលោក Azizi ធ្លាប់បានធានាពីបញ្ហាសន្តិសុខហើយក៏ដោយ។ 
 
កាលពីខែកញ្ញារដ្ឋបាលតាលីបង់បានចុះហត្ថលេខាលើកិច្ចសន្យាសំខាន់មួយជាមួយរុស្ស៊ី ស្ដីពីការផ្គត់ផ្គង់ឧស្ម័ន ប្រេង និងស្រូវសាឡី ហើយរំពឹងថានឹងដឹកជញ្ជូនមកអាហ្វហ្កានីស្ថាននៅប៉ុន្មានថ្ងៃខាងមុខ៕ 
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com