កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ស៊ីហ្គេម នឹងដង្ហែចេញពីខេត្តសៀមរាប ឆ្លងប្រទេស១០ក្នុងតំបន់អាស៊ាន រយៈពេល៣ខែ
03, Jan 2023 , 9:59 pm        
រូបភាព
វីរកីឡាការិនីតេក្វាន់ដូ ស៊​ន សៀវម៊ី  កាន់ភ្លើងគប់រត់ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣
វីរកីឡាការិនីតេក្វាន់ដូ ស៊​ន សៀវម៊ី កាន់ភ្លើងគប់រត់ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣
ដោយ:
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (​CAMSOC) បានកំណត់យកថ្ងៃចេញដំណើរនៃពិធីដង្ហែភ្លើងគប់ស៊ីហ្គេម ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ភ្លើងគប់ នឹងចាប់ផ្តើមហែចេញពីខេត្តសៀមរាប ឆ្លងតាមខេត្តជាប់ដងទន្លេសាប និងប្រទេសតំបន់អាស៊ាន១០ផ្សេងទៀត មុនត្រឡប់មកកម្ពុជាវិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ។



ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គិកីឡា» ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា។
  

ការតម្កល់ភ្លើងគប់ នៅលើស្តូបក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១
 
មុននឹងពិធីដង្ហែភ្លើងគប់ចេញដំណើរទៅតាមបណ្តាប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន គណៈកម្មាធិការជាតិ CAMSOC នឹងប្រារព្ធពិធីបួងសួងទទួលព្រះភ្លើងអាទិទេពកីឡា ហើយប្រតិភូកម្ពុជា ដែលត្រូវដង្ហែភ្លើងគប់នឹងចាប់ចេញដំណើរនៅថ្ងៃទី២២ ខែមីនា ពីខេត្តសៀមរាប ទៅទីក្រុងហាណូយ ប្រទេសវៀតណាម។
 
នៅថ្ងៃទី២៥ ខែមីនា ពិធីដង្ហែភ្លើងគប់ នឹងដង្ហែរជុំវិញទីក្រុងហាណូយ ដើម្បីបន្តដំណើរទៅកាន់ទីក្រុង ម៉ានីល ប្រទេសហ្វីលីពីន មុនចេញទៅទីក្រុងបានដាសេរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ នៅថ្ងៃទី២៨ ខែមីនា។ នៅថ្ងៃទី៣១ ខែមីនា ដង្ហែចេញពីប្រទេសព្រុយណេ ឆ្ពោះទៅកាន់ទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បន្តឆ្ពោះទៅកាន់ទីក្រុង ឌីលី ប្រទេសទីម័រខាងកើត នៅថ្ងៃទី៧ ខែមេសា។
 
បន្ទាប់ពីដង្ហែក្នុងទីក្រុងឌីលី ហើយនឹងបន្តឆ្ពោះទៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១១ ខែមេសា រួចបន្តទៅកាន់ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមេសា។ ៣ថ្ងៃបន្ទាប់ទៀត ពិធីដង្ហែភ្លើងគប់ នឹងបន្តឆ្ពោះទៅ ទីក្រុងបាងកក ប្រទេសថៃ មុនបន្តដំណើរ ទៅទីក្រុងយ៉ាំងហ្គូន ឬទៅកាន់ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែមេសា ។ នៅថ្ងៃទី២២ ខែមេសា ពិធីដង្ហែនឹងបន្តទៅទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមេសា តាមខេត្តស្ទឹងត្រែង។
 
ថ្ងៃទី២៨ ខែមេសា នឹងចេញដំណើរពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញ និងនៅថ្ងៃទី៣០ ខែមេសា ចេញពីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង។ មួយថ្ងៃបន្ទាប់ក្បូនដង្ហែត្រូវចេញពីកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ មុនបន្តទៅខេត្តបាត់ដំបង នៅថ្ងៃទី២ ខែឧសភា។ នៅថ្ងៃទី៣ ខែឧសភា ដង្ហែពីបាត់ដំបង ទៅខេត្តសៀមរាប និងបន្តដំណើរចេញពីខេត្តសៀមរាប ទៅខេត្តកំពង់ធំ នៅថ្ងៃទី៤ និងនៅថ្ងៃទី៥ ដង្ហែពីខេត្តកំពង់ធំ ទៅកាន់ពហុកីឡដ្ឋានមរតកតេជោតែម្តង។
 
ការប្រារព្ធពិធីប្រគល់ភ្លើងគប់ នឹងមានការប្រទានដោយព្រះមហាក្សត្រខ្មែរ ព្រះបរមនាថនរោត្តម សីហមុនី មុនប្រគល់បន្តទៅសម្តេច ហ៊ុន សែន បញ្ជូនបន្តទៅសម្តេច ទៀ បាញ់ លោក ថោង ខុន និងជូនបន្តទៅ លោក ហង់ជួន ណារ៉ុន។ នេះប្រសិនបើមិនមានអ្វីប្រែប្រួលទៅតាមកាលវិភាគរៀបចំ៕
 
 
 

Tag:
 ស៊ីហ្គេម២០២៣
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com