កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic រីករាយបានវិលទៅប្រកួតនៅអូស្ត្រាលីជាថ្មី ដោយទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ
04, Jan 2023 , 8:29 am        
រូបភាព
កីឡាករវាយកូនបាល់ Novak Djokovic ម្ចាស់ជើងឯកពានរង្វាន់ Grand Slam ២១លើក បានបង្ហាញអារម្មណ៍រីករាយដែលបានវិលត្រលប់ទៅកាន់ការប្រកួតក្នុងប្រទេសអូស្រា្តលីជាថ្មី ដោយទទួលបានការស្វាគមន៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។



Djokovic បានប្រកួតក្នុងប្រទេសអូស្ត្រាលីលើកដំបូងនៃពានរង្វាន់ Adelaide International ថ្ងៃទី៣ ខែមករា ដោយបានយកឈ្នះលើកីឡាករវាយកូនបាល់ Constant Lestienne លទ្ធផល ២សីត ៦-៣ និង​ ៦-២​។ កីឡាករវ័យ ៣៥ឆ្នាំសញ្ជាតិស៊ែប៊ីកាលពីឆ្នាំ​ ២០២២ រូបគេត្រូវបានប្រទេសអូស្ត្រាលីហាមឃាត់មិនឱ្យចូលរួមប្រកួតពានរង្វាន់ Australia Open លំដាប់ Grand Slam ដោយមូលហេតុរូបគេមិនព្រមចាក់វ៉ាក់សាំងកូវីដ ១៩។ ​រដ្ឋាភិបាលអូស្ត្រាលីបានហាមឃាត់តារាវាយកូនបាល់មិនឱ្យចូលក្នុងប្រទេសរយៈពេល ៣ឆ្នាំក្រោយការកាត់ក្តីរួចកាលពីដើមឆ្នាំ ២០២២។
 
ការប្រកួតក្នុងកម្មវិធី Adelaide International ថ្ងៃទី៣ ខែមករាក្នុងទីក្រុង Adelaide ប្រទេសអូស្ត្រាលីទទួលបានការស្វាគមន៍ខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យវាយកូនបាល់ចំពោះការបង្ហាញខ្លួនជាថ្មីរបស់ Djokovic។ ការប្រកួតជាមួយកីឡាករ Lestienne លំដាប់ទី ៦៥ពិភពលោកនោះជាការត្រៀមខ្លួនសម្រាប់ Djokovic ចំពោះការប្រកួតប្រជែងពានរង្វាន់ Australian Open ចាប់ពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី២៩។ 
 
«ខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជារីករាយដែលបានវិលត្រលប់ក្នុងប្រទេសអូស្ត្រាលីវិញ អរគុណចំពោះការគាំទ្រដ៏កក់ក្តៅ ហើយក៏អរគុណដែលបានផ្តល់ការស្វាគមន៍សម្រាប់ខ្ញុំដែលជាអ្វីដែលខ្ញុំធ្លាប់បានស្រមៃ។ ប្រសិនបើចង់​ឱ្យខ្ញុំជ្រើសរើសប្រទេសដែលខ្ញុំទទួលជោគជ័យជាងគេ​ សម្រាប់ការប្រកួតវាយកូនបាល់ពិតណាស់គឺទីនេះ ខ្ញុំបានឈ្នះពាន Grand Slam ដំបូងក្នុងឆ្នាំ ២០០៨ ហើយខ្ញុំមានពានរង្វាន់ក្នុងប្រទេសនេះចំនួន ៩ ទីនេះជាការប្រកួតដ៏ល្អ។»។ Djokovic បាននិយាយប្រាប់អ្នកកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
ការប្រកួតបន្ទាប់ក្នុងពានរង្វានកម្មវិធី Adelaide International កីឡាករវាយកូនបាល់លំដាប់ពិភពលោក Novak Djokovic នឹងត្រូវជួបតទល់កីឡាករបារាំង ​Quentin Halys ដែលទើបទម្លាក់កីឡាករអូស្ត្រាលី ​Jordan Thompson លទ្ធផល ២សីត ៦-៣ និង​ ៦-៤៕
 
 
 

Tag:
 Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com