អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ថាពេលបច្ចុប្បន្ន មិនមែនជាយុគសង្រ្គាមទេ 
លោក S Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព៖ AFP
×![]()
បច្ចុប្បន្ន មិនមែនជាយុគសង្រ្គាមនោះទេ ហើយការខ្វែងគំនិតគ្នា គួរតែដោះស្រាយនៅលើតុចរចា។ ប្រមុខការទូតឥណ្ឌា លោក S Jaishankar បានយល់ឃើញបែបនេះ នៅថ្ងៃទី២ ខែធ្នូ ដោយសំដៅដល់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានជំរុញជាថ្មីឱ្យក្រុងមូស្គូ និងក្រុងកៀវចូលតុចរចាផង។
សង្រ្គាមនៅអ៊ុយក្រែន ហាក់គ្មានច្រកចេញនៅឡើយមកទល់ពេលនេះ ខណៈសង្រ្គាមបានអូសបន្លាយជាង ១០ខែហើយ។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា កងកម្លាំងខ្លួន បានបាត់បង់ជីវិត ៦៣នាក់ នៅថ្ងៃចូលឆ្នាំថ្មី ក្នុងតំបន់ដូណេត្ស ដោយសារការបាញ់ប្រហារពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ពីសំណាក់អ៊ុយក្រែន។ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយអាម៉េរិក។
ស្របពេលសង្រ្គាមនៅតែបន្តបែបនេះ និងបង្កឱ្យមានវិបត្តិជាច្រើន លោក S Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ដែលបានបំពេញទស្សនកិច្ចនៅអូទ្រីស បានទទូចឱ្យសង្រ្គាមបញ្ចប់ តាមរយៈកិច្ចចរចា។
«យើងជឿថា ពេលនេះមិនមានជាសម័យសង្រ្គាមទេ។ ការខ្វែងគំនិតគ្នា ត្រូវតែដោះស្រាយលើតុចរចា»។ ប្រមុខការទូតឥណ្ឌា បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទរួមគ្នាជាមួយសមភាគីអូទ្រីសក្នុងថ្ងៃទី២ ខែធ្នូ ដោយបន្តថា វាពិតជាសំខាន់ណាស់ ដែលភាគីជម្លោះត្រូវត្រលប់ទៅរកកិច្ចចរចា និងការទូត។ ត្រង់ចំណុចនេះ លោក Jaishankar យល់ថា ការអូសបន្លាយនៃសង្រ្គាម មិនបានបម្រើផលប្រយោជន៍ប្រទេសណាមួយឡើយ។
ក្នុងសន្និសីទដដែល រដ្ឋមន្រ្តីការបរទេសរូបនោះ បានលើកឡើងពីការចូលរួមរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែនផង។ បើតាមលោក Jaishankar នាពេលកន្លងមក លោកម៉ូឌី បានជជែកជាមួយមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងកិច្ចចរចា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន India Express។
ទន្ទឹមនេះ ប្រមុខការទូតឥណ្ឌា ក៏បានបង្ហាញពីក្តីបារម្ភជុំវិញការជះឥទ្ធិពលអាក្រក់ពីសង្រ្គាមនៅអ៊ុយក្រែន មកលើពិភពលោកផង ដោយវាបានធ្វើឱ្យកើនឡើងដល់តម្លៃប្រេង អាហារ និងជីជាដើម។
សូមបញ្ជាក់ថា មកទល់ពេលនេះ ឥណ្ឌា ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចផ្សេងទៀត ដែលមិនទាន់បានរិះគន់រុស្ស៊ីខ្លាំងៗ និងដាក់ទណ្ឌកម្មលើរុស្ស៊ីឡើយ ទាក់ទិននឹងសង្រ្គាមនៅអ៊ុយក្រែន។ ប្រទេសអាស៊ីខាងត្បូងមួយនេះ បានត្រឹមតែទទូចឱ្យភាគីជម្លោះចូលតុចរចា និងដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ៕
Tag:
ឥណ្ឌា
រុស្ស៊ី
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com