ជាតិ
សេដ្ឋកិច្ច
លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម គ្រោង​រៀបចំ​ឃុំ​ចំនួន​១០ ជា​ឃុំ​កសិកម្ម​គំរូ​
03, Jan 2023 , 9:25 pm        
រូបភាព
លោក យ៉ង សាំងកុមារ និងជំនួយការ។ រូបភាពពីហ្វេសប៊ុក លោក យ៉ង សាំងកុមារ។
លោក យ៉ង សាំងកុមារ និងជំនួយការ។ រូបភាពពីហ្វេសប៊ុក លោក យ៉ង សាំងកុមារ។
​ភ្នំពេញ​៖ លោក យ៉ង សាំង​កុមារ បណ្ឌិត​កសិកម្ម​មកពី​ប្រទេស​អាល្លឺម៉ង និង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​គម្រោង​រៀបចំ​ឃុំ​ចំនួន​១០ ទៅជា​ឃុំ​កសិកម្ម​គំរូ​។ តាមរយៈ​ការកសាង​ឃុំ​កសិកម្ម​គំរូ​នេះ លោក យ៉ង សាំង​កុមារ ក៏​ប្រកាស​ជ្រើសរើស​អ្នកជំនាញ​សម្របសម្រួល​ការអភិវឌ្ឍ​កសិកម្ម​ចំនួន ១០​នាក់​ផងដែរ​។​

 
​គិត​ចាប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​៣ មករា​នេះ មាន​រយៈពេល​២៦​ថ្ងៃ​ហើយ ដែល​លោក យ៉ង សាំង​កុមារ ចូល​បម្រើ​ការងារ​ក្នុង​មុខតំណែង​រដ្ឋលេខាធិការ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ មិន​ដល់​មួយខែ​នោះទេ បណ្ឌិត​កសិកម្ម​រូបនេះ បានធ្វើ​ការងារ​ជាច្រើន​ពាក់ព័ន្ធ​លើ​បញ្ហា​ស្រូវ​អង្ករ និង​បាន​ចុះ​ជួប​ប្រជាកសិករ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​យ៉ាង​ហូរហែ​។ 
 
​ក្រឡេក​មក​មើល​សកម្មភាព​នៅ​ដើមឆ្នាំ​២០២៣​នេះ លោក យ៉ង សាំង​កុមារ បាន​បង្ហើប​គម្រោង​កសាង​ឃុំ​ចំនួន ១០ ឱ្យក្លាយ​ជា​ឃុំ​កសិកម្ម​គំរូ​។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ថ្មី​រូបនេះ បានបង្ហាញ​រូបភាព​មួយ​សន្លឹក​ជាមួយ​ជំនួយការ នៅក្នុង​បន្ទប់​របស់លោក ដោយ​បញ្ជាក់ថា​៖ «​ជួប​ជាមួយ​ក្រុម​ជំនួយការ​ទាំង​៤​រូប ដើម្បី​បែងចែក​ការងារ និង​ការទទួលខុសត្រូវ ជាពិសេស​ផ្តោតលើ​ការកសាង​ឃុំ​កសិកម្ម​គំរូ​ចំនួន​១០​ឃុំ​ជូន​សង្គមជាតិ​»​។​
 
​តាមរយៈ​គម្រោង​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន ក៏បាន​សាទរ និង​ខ្លះទៀត ចង់ឱ្យ​ធ្វើ​នៅ​ខេត្ត​នេះ​ឬ​ខេត្ត​នោះ​។ តើ​ឃុំ​កសិកម្ម​គំរូ​នេះ មាន​សារសំខាន់ និង​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​កសិករ និង​សង្គមជាតិ​? សារព័ត៌មាន Thmey Thmey 25 មិនអាច​សួរ​លម្អិត​ពី​គម្រោង​នេះ​បានឡើយ ដោយសារ​លោក​បណ្ឌិត យ៉ង សាំង​កុមារ មិន​ទទួល​ទូរ​សព្ទ​។ 
 
​ជាមួយគ្នានេះ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​កសិកម្ម និង​អាច​ដំណើរការបាន​ដោយ​រលូន បណ្ឌិត​កសិកម្ម យ៉ង សាំង​កុមារ ក៏​ប្រកាស​ជ្រើសរើស​អ្នកជំនាញ​សម្របសម្រួល​ការអភិវឌ្ឍ​កសិកម្ម​១០​នាក់​ផងដែរ​។ 
 
​សូមបញ្ជាក់ថា លោក យ៉ង សាំង​កុមារ ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​ល​ខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី​លោក​បានប្រកាស​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២២ លោក យ៉ង សាំង​កុមារ បានទទួល​តំណែង​ថ្មី​មួយទៀត ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​៕ 
 
 

Tag:
 កសិកម្ម​
  ឃុំ​កសិកម្ម​គំរូ​
© រក្សាសិទ្ធិដោយ thmeythmey.com