អន្តរជាតិ
អាម៉េរិក និងកូរ៉េខាងត្បូង រៀបផែនការតបត បើកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជាមួយសមភាគីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AP
×![]()
អាម៉េរិក និងកូរ៉េខាងត្បូង រៀបផែនការតបត បើកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ
ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល កំពុងរៀបចំផែនការដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានព្រមានបែបនេះ នៅថ្ងៃទី៣ ខែមករា។ ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនលើក។
មួយរយៈចុងក្រោយ ឧបទ្វីបកូរ៉េ ហាក់កាន់តែកើនកម្តៅខ្លាំង ស្របពេលកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនលើក។ មិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឱ្យអភិវឌ្ឍមីស៊ីលបាលីស្ទីកថ្មី រួមទាំងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសំណាក់អាម៉េរិក និងកូរ៉េខាងត្បូង។
ទាក់ទិននឹងបញ្ហានេះ អាម៉េរិកបានព្រមានចាត់វិធានការតប។ អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែមករា បានអះអាងថា ប្រធានាធិបតីកូរ៉េខាងត្បូង និងអាម៉េរិក បានដាក់កិច្ចការឱ្យក្រុមការងាររបស់ប្រទេសទាំង២ រៀបចំផែនការសម្រាប់ការឆ្លើយតបដ៏មានប្រសិទ្ធភាពលើរាល់ហេតុការណ៍ទាំងអស់ រួមទាំងការប្រើប្រាស់នុយក្លេអ៊ែរពីសំខាន់កូរ៉េខាងជើងផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ទន្ទឹមនេះ អ្នកនាំពាក្យរូបសេតវិមាន ក៏បានបកស្រាយពីការធ្វើសមយុទ្ធកម្លាំងនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូងដែរ។ បើតាមមន្រ្តីអាម៉េរិក សមយុទ្ធកម្លាំងនុយក្លេអ៊ែរ មិនអាចកើតឡើងបានទេ ដោយសារកូរ៉េខាងត្បូង មិនមាននុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់សេតវិមាន បានបន្តថា ក្រុងវ៉ាស៊ីនតោន ប្តេជ្ញាចំពោះសម្ព័ន្ធមិត្ត និងការពារសម្ព័ន្ធមិត្តដោយរួមទាំងការប្រើអាវុធនុយក្លេអ៊ែរផង។
ក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price ក៏បានប្រកាសការពារសម្ព័ន្ធមិត្តដែរ ហើយថាកូរ៉េខាងជើងជ្រើសយកភាពបង្កសត្រូវ ជាជាងកិច្ចចរចា។ មន្រ្តីក្រសួងការបរទេសរូបនេះ បានថ្លែងថា អាម៉េរិកបានរៀបចំរួចហើយក្នុងការចរចា និងសម្រេចគោលដៅរបស់ខ្លួន ដើម្បីឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕
Tag:
អាម៉េរិក
កូរ៉េខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com