អន្តរជាតិ
ក្រុងប៉េកាំង ព្រមានចាត់វិធានការតបលើប្រទេសដែលរឹតត្បិតអ្នកដំណើរចិន ក្រោមហេតុផលជំងឺកូវីដ-១៩ 
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
×![]()
ក្រសួងការបរទេសចិន នៅថ្ងៃទី៣ ខែមករា បានរិះគន់ប្រទេសមួយចំនួន ដែលតម្រូវឱ្យអ្នកដំណើរចិន ត្រូវតែមានលទ្ធផលអវិជ្ជមាន មុននឹងចូលប្រទេសខ្លួន។ ក្រោមវិធានរឹតត្បិតនេះ ក្រសួងការបរទេស បានព្រមានចាត់វិធានការឆ្លើយតបវិញ។
មួយរយៈចុងក្រោយ ចិន មានករណីផ្ទុះជំងឺឆ្លងកូវីដ-១៩ យ៉ាងខ្លាំង ក្រោយលុបចោលគោលការណ៍គ្មានជំងឺកូវីដ-១៩។ ក្រោមហេតុផលនេះ ប្រទេសមួយចំនួនដូចជា អាម៉េរិក កាណាដា បារាំង និងជប៉ុន បានតម្រូវឱ្យអ្នកដំណើរមកពីចិនត្រូវមានលទ្ធផលអវិជ្ជមានជាមុនសិន មុននឹងមកដល់ប្រទេសខ្លួន។ យ៉ាងណាមិញ ចំណាត់ការបែបនេះ ត្រូវបានក្រសួងការបរទេសចិនប្រតិកម្ម និងព្រមានចាត់វិធានការតប។
«ប្រទេសខ្លះ បានដាក់វិធានការរឹតត្បិតលើអ្នកដំណើរចិនប៉ុណ្ណោះ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបន្តថា ចំណាត់ការដែលខ្វះមូលដ្ឋានលើវិទ្យាសាស្រ្ត និងការអនុវត្ត គឺមិនអាចទទួលយកបានឡើយ។
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានថា ចិនអាចនឹងចាត់វិធានការឆ្លើយតប ដោយផ្នែកលើគោលការណ៍ទៅវិញទៅមក។
សូមបញ្ជាក់ថា គណៈកម្មការសុខាភិបាលជាតិចិន បានឈប់ចេញរបាយការណ៍អ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ ពីថ្ងៃទី២៥ ខែធ្នូមក។ បញ្ហានេះ បានធ្វើឱ្យអង្គការសុខភាពពិភពលោកជំរុញឱ្យចិនផ្សព្វផ្សាយព័ត៌មានជាក់លាក់អំពីស្ថានភាពជំងឺកូវីដ-១៩ និងរាយការណ៍អត្រាអ្នកឆ្លង រួមទាំងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឱ្យបានទៀងទាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com