ជាតិ
CDC អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន​១០ បោះទុនជិត ៥០លានដុល្លារនៅកម្ពុជា នាចុងឆ្នាំ២០២២
04, Jan 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន១០ ដែលភាគច្រើនជារោងចក្រកាត់ដេរ វិនិយោគទឹកប្រាក់ជិត៥០លានដុល្លារ ក្នុងខែធ្នូ ឆ្នំាំ ២០២២។ ក្រុមហ៊ុនវិនិយោគទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋជាង ៩ ០០០ នាក់ផងដែរ។

 
បើតាម CDC ក្រុមហ៊ុនទាំង១០ ដែលវិនិយោគនៅកម្ពុជានោះមានដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD វិនិយោគទឹកប្រាក់ប្រមាណ ៥, ១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៨៧ កន្លែង ដែលមានទីតាំងនៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចំណែក រោងចក្រកាត់ដេរចំនួន២ ដែលមានទីតាំងនៅ ស្រុកបាទី ខេត្តតាកែវ នោះគឺ រោងចក្រ PHOENIX FASHION (CAMBODIA) GARMENT CO., LTD បានវិនិយោគប្រមាណ ៦,៣ លានដុល្លារ និងបង្កើតការងារបាន ៣ ៣៥៨ កន្លែង។ រីឯ ក្រុមហ៊ុនមួយទៀតគឺ AW CASHMERE (CAMBODIA) CO., LTD បានវិនិយោគប្រមាណ ៥, ៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ១១៧ កន្លែង។
 
ដោយឡែក ​រោងចក្រ SUPERCAN (CAMBODIA) CO., LTD ដែលមានទីតាំងនៅ ខណ្ឌដង្កោ បានបោះទុនទឹកប្រាក់ប្រមាណ ៥, ២ លានដុល្លារ បានផ្តល់ឱកាសការងារដល់ពលរដ្ឋចំនួន ១ ១១៧ កន្លែង។ ចំពោះ រោងចក្រ XN FU INDUSTRIAL CO., LTD ផលិតសម្ភារៈ ក្នុងខេត្តកំពង់ចាម ត្រូវបាន CDC អនុម័តឱ្យវិនិយោគប្រមាណ ៥,១ លានដុល្លារ និងបង្កើតការងារបានចំនួន ៦៤១ កន្លែង។ ក្រុមហ៊ុនបន្ទាប់គឺ DAY SEN PACKAGE CO., LTD ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល បានបោះទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៧៨ កន្លែង។ 
 
លើសពីនេះ កាលពីថ្ងៃទី២៦ ខែធ្នូ CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ ក្នុងខេត្តព្រះសីហនុ វិនិយោគទុនមានដូចជា QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD​ បោះទុ​នប្រមាណ ៦,៦ លានដុល្លារ បង្កើតការងារចំនួន ៣០០ កន្លែង។ រោងចក្រ CHUANGJU PLASTICS (CAMBODIA) CO., LTD. បោះទុនប្រមាណ ៦,១ លានដុល្លារ ផ្តល់ការងារចំនួន ៣០០នាក់។ រោងចក្រ TB PACKAGING (CAMBODIA) CO., LTD. វិនិយោគទុនចំនួន ២ លានដុល្លារ បង្កើតការងារចំនួន ៨០ នាក់។
 
ចំពោះ ក្រុមហ៊ុនចុងក្រោយ ក្នុងខែធ្នូ  គឺរោងចក្រ VP PRINTING AND PACKAGING CO., LTD. ផលិតផលវិចខ្ចប់ ក្នុងរាជធានីភ្នំពេញ បានបោះទុនវិនិយោគប្រមាណ ១,៦លានដុល្លារ និងបង្កើតការងារដល់ពលរដ្ឋបានប្រមាណ ៦០កន្លែង។
 
គួរឱ្យដឹងដែរ កាលពីខែវិចិ្ឆកា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តក្រុមហ៊ុនចំនួន១៣ ដែល​វិនិយោគទុនជាង ៤០០ លានដុល្លារ ដើម្បីបើកអាជីវកម្មសណ្ឋាគារ រោងចក្រផលិតប្លាស្ទិក និងគ្រឿងបរិក្ខារ រួមទាំងរោងចក្រកាត់ដេរជាច្រើនទៀត។ ការអនុម័តរបស់ CDC ដល់ក្រុមហ៊ុននេះ គឺ អាចផ្តល់ការងារដល់ពលរដ្ឋជាង ១ម៉ឺនកន្លែងផងដែរ៕
 
 

Tag:
 ThmeyThmey25
  CDC
  ក្រុមហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com