ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​រោគសញ្ញា​១២​យ៉ាង​នៃ​ជំងឺ​តម្រងនោម​ដែល​អ្នក​មិន​គួរ​ធ្វេសប្រហែស
05, Jan 2023 , 6:59 am        
រូបភាព
មាន​មនុស្ស​ជាច្រើន មិន​បាន​ដឹង​ការពិត​ដែលថា ជំងឺ​តម្រងនោម​គឺ​ជា​ឃាតករ​ដ៏​ស្ងៀមស្ងាត់​មួយ​នោះ​ទេ​។  ពួកវា អាច​នឹង​មិន​បង្ហាញ​រោគសញ្ញា​អ្វីមួយ​សោះ ក្នុង​រយៈពេល​ដ៏​យូរ​មួយ រហូតដល់​ពេល​ដែល​ស្ថានភាព នៃ​ជំងឺ​នេះ ស្ថិត​ក្នុង​ដំណាក់​ការគ្រោះថ្នាក់​។

 
វា​ជា​ការចាំបាច់ ដែល​យើង​រាល់គ្នា ត្រូវតែ​ដឹង​ពី រោគសញ្ញា នៃ​ជំងឺ​តម្រង​នោម ដែល​អាច​អោយ​អ្នក​ចាត់វិធានកា​រណ៍ ដោះស្រាយ​វា​បាន​ជា​មុន​។​
​ខាងក្រោម​នេះ គឺជា​រោគសញ្ញា​ទាំង ១២​ចំណុច ដែល​អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន ៖
 
១. មាន​ការប្រែប្រួល​ចំពោះ​មុខងារ​របស់​ប្រព័ន្ធ​ផ្លូវ​បង្ហូរ​របស់​អ្នក​
​រោគសញ្ញា​ដំបូង នៃ​ជំងឺ​តម្រង​នោម នោះ​គឺ​បម្រែបម្រួល នៃ​បរិមាណ និង ភាព​ញឹកញាប់​នៃ​ការ​បត់ជើង​តូច​របស់​អ្នក ជាពិសេស គឺ​នៅក្នុង​ពេល​យប់​។ វា​អាច​នឹង​មាន​ពណ៌​ឌិ​តជាង​មុន ហើយ​អ្នក​អាច​នឹង​មាន អារម្មណ៍​ហាក់​នឹង​ចង់​លេច​នោម តែ​បែរជា​មិន​អាច​នោម​ចេញ​វិញ ពេល​បាន​ទៅដល់​បន្ទប់ទឹក​។​
 
២. មាន​ភាព​ពិបាក ឬ មាន​ការឈឺចាប់​ក្នុងពេល​បត់ជើងតូច​
​នា​ពេល​ខ្លះ អ្នក​អាច​នឹង​មាន​ភាព​ពិបាក ឬ មាន​អារម្មណ៍​ថា​មាន​សម្ពាធ ឬ ការឈឺចាប់ ខណៈពេល​កំពុង បត់ជើង ។ ការ​ចម្លងរោគ​នៅក្នុង​បំពង់​បង្ហូរទឹក​នោម អាច​បណ្តាលអោយមាន​រោគសញ្ញា​ដូចជា ៖ ឈឺចាប់ ឬ ក្តៅ​ផ្សា​ពេល​កំពុង​នោម​។ នៅពេល​ដែល​ការបង្ក​រោគ​នេះ រាលដាល​ដល់​តម្រងនោម នោះ​វា​អាច​នឹង​ធ្វើអោយ​អ្នក មាន​គ្រុនក្តៅ និង ចុក​ចង្កេះ​។​
 
៣. ឈាម​នៅ​ក្នុង​ទឹកនោម​
​នេះ​គឺជា​រោគសញ្ញា នៃ​ជំងឺ​តម្រង​នោម ដែល​ជា​ការ​គួរអោយ​ព្រួយបារម្ភ​មួយ​។ វា​អាច​មក​ពី​មូលហេតុ​ផ្សេង​ទៀត ប៉ុន្តែ​ជា​ការល្អ​អ្នក គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ​អោយបាន​ត្រឹមត្រូវ ។​
 
៤. មានការ​ហើមប៉ោង​
​តម្រងនោម​ធ្វើការ យក​ចេញ​នូវ​កាក​សំណល់ និង សារធាតុ​រាវ ដែល​លើស​ចេញពី​រាងកាយ ។ នៅពេលដែល ពួក​វា​មិន​មាន​សម្តត្ថភាព​នឹង​ធ្វើ​ការងារ​មួយ​នេះ នោះ​សារធាតុ​រាវ​ដែល​លើស​ទាំងនេះ នឹង​កកស្ទះ នៅក្នុង​រាងកាយ ដែល​វា​នឹង​ធ្វើអោយ​អ្នកជំងឺ ហើមប៉ោង ដៃ​,​ជើង ភ្នែក​គោល ឬ ផ្ទៃមុខ​។​
 
៥. អស់កម្លាំង​ខ្លាំង និង រាងកាយ​ទាំងមូល​ចុះខ្សោយ​
​តម្រងនោម​របស់​អ្នក ធ្វើ​ការផលិត​អរ​ម៉ូ​ន​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ហៅថា erythropoietin ដែល​ជួយ​បង្កើត កោសិកា​គ្រាប់​ឈាម​ក្រហម ដែល​ជា​អ្នកដឹកនាំ​អុកស៊ីសែន​។ ចំពោះ​ជំងឺ​តម្រង​នោម ការធ្លាក់ចុះ​នៃ​អរ​ម៉ូ​ន ប្រភេទ​នេះ នឹង​ធ្វើអោយ​កោសិកា​គ្រាប់​ឈម​ក្រហម​ធ្លាក់ចុះ ហើយ​ជា​លទ្ធផល​វា​នឹង​ធ្វើអោយ អ្នកជំងឺ​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម បាន​ផង​ដែរ​។ ទន្ទឹមនឹងនេះ កម្រិត​អុកស៊ីសែន​ដែល​ត្រូវ ធ្វើការ​បញ្ជូន​ទៅ​កាន់​កោសិកា ក៏​មាន​ការធ្លាក់ចុះ ដែល​នឹង​បណ្តាល​អោយ​រាងកាយ​ទាំងមូល​ចុះខ្សោយ និង អស់កម្លាំង​ជាខ្លាំង ។​
 
៦. វិលមុខ និង មិន​អាច​ផ្តោតអារម្មណ៍​ទៅលើ​ការងារ​អ្វី​មួយ​បាន​
​ការខ្វះ​គ្រាប់​ឈាម​ក្រហម ដែល​មាន​ទំនាក់ទំនង​ទៅនឹង ជំងឺ​តម្រងនោម ក៏​អាច​កាត់បន្ថយ នូវ​កម្រិត​អុកស៊ីសែន ក្នុង​ខួរក្បាល ដែល​អាច​នឹង​ធ្វើអោយ​អ្នក​វិលមុខ និង មិន​អាច​ផ្តោតអារម្មណ៍​បាន​ល្អ​ជា​ដើម ។​
 
៧. មាន​អារម្មណ៍​ថា​ត្រជាក់​គ្រប់ពេល​
​ប្រសិនបើ​អ្នក​មាន​ជំងឺ​តម្រងនោម នោះ​អ្នកនឹង​ហាក់​មាន​អារម្មណ៍​ថា​ត្រជាក់រ​ងារៗ បើ​ទោះ​ជា​អ្នក ស្ថិត​ក្នុង​មជ្ឈដ្ឋាន​កក់ក្តៅ​មួយ​ហើយ​ក៏​ដោយ នេះ​គឺ​ដោយសារ​តែ​ស្ថានភាព​ខ្វះ​គ្រាប់​ឈាម​របស់​អ្នក​។ ការ​ចម្លងរោគ​នៅក្នុង​តម្រង​នោម ក៏​អាច​ធ្វើអោយ​អ្នក​មាន​គ្រុនក្តៅ និង​គ្រុន​រងារ​បានដែរ​។​
 
៨. ឡើង​កន្ទួល​ក្រហម និង រមាស់​នៅលើ​ស្បែក​
 ការ​ខ្សោយតម្រងនោម អាច​ធ្វើអោយ​កាកសំណល់​មាន ការកើនឡើង​នៅក្នុង​ឈាម​។ មូលហេតុ​នេះ នឹង​ធ្វើអោយ​អ្នក​មាន​ភាព​រមាស់ និង ស្នាម​កន្ទួល​នៅលើ​ស្បែក​។​
 
៩. មាន​ខ្យល់​ដង្ហើម​ក្លិន​ដូចជា អា​ម៉ូ​ញាក់ និង មាន​រសជាតិ​លោហធាតុ​
​ការ​ខ្សោយតម្រងនោម នឹង​បង្កើន​កម្រិត​នៃ​ជាតិ​អ៊ុយ​រ៉េ នៅក្នុង​ឈាម​។ ជាតិ​អ៊ុយ​រ៉េ​ទាំងនេះ​នឹង​ធ្វើការ បំបែក​ខ្លួន​ទៅជា អា​ម៉ូ​ញាក់ នៅក្នុង​ទឹកមាត់ ធ្វើអោយ​ខ្យល់​ដង្ហើម​អ្នកធុំ​ក្លិនឆ្អេសៗ ដូចជា​ទឹក​អា​ម៉ូ​ញាក់ ។ ជាធម្មតា វា​មាន​ទំនាក់ទំនង​ផងដែរ ទៅ​នឹង​ការ​មាន​រសជាតិ​ដូចជា​លោហធាតុ​នៅក្នុង​មាត់ របស់​អ្នកជំងឺ​ផងដែរ ។​
 
១០. ចង្អោ​រ ឬ ក្អួត​
​ការប្រមូលផ្តុំ​នៃ កាកសំណល់​នៅក្នុង​ឈាម ចំពោះ​ជំងឺ​តម្រង​នោម ក៏​អាច​ធ្វើអោយ​អ្នកជំងឺ​មាន​ចង្អោ​រ និង ក្អួត​បាន​ផង​ដែរ ។​
 
១១. ខ្យល់​ដង្ហើម​ខ្លីៗ​
​ជំងឺ​តម្រងនោម ធ្វើអោយ​សារធាតុ​ប្រមូលផ្តុំ​នៅ​ក្នុង​សួត ។ ហើយ​ភាព​កង្វះ​ឈាម​ក្រហម ក៏​ជា ផល​រំខាន​នៃ​ជំងឺ​តម្រង​នោម ដែល​នឹង​រារាំង​នូវ អុកស៊ីសែន​ពី​រាងកាយ​អ្នក​បាន​ផងដែរ ។ អ្នក​អាច​នឹង មាន​ភាព​ពិបាក ក្នុង​ការដកដង្ហើម ដោយសារ​តែ​ស្ថានភាព​ទាំងនេះ ។​
 
១២. មាន​ការឈឺចាប់​នៅ​ខ្នង ឬ ចង្កេះ​
​ក្នុង​ករណី​ខ្លះ​នៃ​ជំងឺ​តម្រងនោម អាចធ្វើអោយ​អ្នក​មាន​ការឈឺចាប់ ។ អ្នក​អាច​នឹង​មាន​អារម្មណ៍ ឈឺ​រមួល ដែល​នឹង​រាលដាល​ទៅ​ដល់ ចង្កេះ​ផ្នែក​ខាងក្រោម ឬ ទៅកាន់​ក្រលៀន ប្រសិនបើ​មាន​គ្រួស​នៅក្នុង​បំពង់​បង្ហួរនោម​។​
 
​វា​ជា​ការចាំបាច់​បំផុត ដែល​អ្នក​គួរ​ធ្វើ​ការកំណត់​ពី​ស្ថានភាព​នៃ​ជំងឺ​តម្រងនោម​នេះ អោយបាន​ឆាប់រហ័ស ដើម្បី​អោយ​លទ្ធភាព​នៅក្នុង​ព្យាបាល អាច​មាន​ប្រសិទ្ធិភាព​ខ្ពស់ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

 

© រក្សាសិទ្ធិដោយ thmeythmey.com