អន្តរជាតិ
រងការរិះគន់លើការនាំចូលប្រេងពីរុស្ស៊ី ប្រមុខការទូតឥណ្ឌាថា អឺរ៉ុបនាំចូលប្រេងច្រើនជាងខ្លួន ៦ដង 
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S Jaishankar។ រូបភាព៖ AFP
×![]()
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S Jaishankar ក្នុងថ្ងៃទី២ មករា បាននិយាយការពារការនាំចូលប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃថោក បើទោះមានការបារម្ភពីសំណាក់ប្រទេសលោកខាងលិច។ បើតាមប្រមុខការទូតឥណ្ឌា អឺរ៉ុបបាននាំចូលប្រេងច្រើនជាងឥណ្ឌារហូតដល់៦ដង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនៅអូទ្រីស លោក S Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានផ្តល់កិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយ ORF នៅថ្ងៃទី២ ខែមករា។ ក្នុងកិច្ចសម្ភាសនោះ លោក Jaishankar បានបកស្រាយជាថ្មីពីការនាំចូលប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃទាប ដែលបង្កឱ្យមានក្តីបារម្ភពីប្រទេសលោកខាងលិចយ៉ាងខ្លាំង។
«អឺរ៉ុប បានកាត់បន្ថយការនាំចូល(ប្រេង) ពីរុស្ស៊ី ខណៈប្រទេសទាំងនោះធ្វើឡើងក្នុងកម្រិតមិនមានហានិភ័យប៉ុណ្ណោះ»។ លោក Jaishankar បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រសិនបើប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ៦ម៉ឺនដុល្លារ អឺរ៉ុបត្រូវតែយកចិត្តប្រជាជនខ្លួន ចំណែកឥណ្ឌាមានត្រឹមតែប្រាក់ចំណូលមធ្យម ២ពាន់ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌាថា ឥណ្ឌាត្រូវការប្រេងជាចាំបាច់ ដើម្បីបង្ការកុំឱ្យតម្លៃហក់ឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Indian Express។
ក្នុងកិច្ចសម្ភាសដដែលនោះ ប្រមុខការទូតរូបនេះ បានបន្តថា ប្រទេសអឺរ៉ុប បាននាំចូលប្រេងពីរុស្ស៊ីច្រើនជាងឥណ្ឌារហូតដល់៦ដង បើគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២២។ នេះមិនមែនជាលើកទីមួយឡើយ ដែលលោក Jaishankar និយាយការពារពីការនាំចូលប្រេងពីរុស្ស៊ីក្នុងតម្លៃថោក។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានដាក់សំណួរផងដែរទៅកាន់ភាគីអឺរ៉ុបថា ប្រសិនការនាំចូលប្រេងពីរុស្ស៊ី ពិតជាបញ្ហាសំខាន់មែន ហេតុអ្វីអឺរ៉ុបមិនកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ី ត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំមុន។
សូមបញ្ជាក់ថា ក្រោយពីរុស្ស៊ី បានលក់តម្លៃប្រេងឆៅក្នុងតម្លៃថោក ឥណ្ឌាបានបង្កើនការទិញយ៉ាងខ្លាំង។ ចាប់តាំងពីដើមឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីត្រឹម ០,២ភាគរយប៉ុណ្ណោះ នៃការនាំចូលសរុបរបស់ខ្លួន។ ប៉ុន្តែការនាំចូលបានកើនឡើងយ៉ាងគំហុកនៅខែបន្ទាប់។ រុស្ស៊ី បានផ្គត់ផ្គង់ប្រេងឆៅឱ្យឥណ្ឌារហូតដល់ ៩០៩៤០៣បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ចិកា ឆ្នាំ២០២២៕
Tag:
ឥណ្ឌា
អឺរ៉ុប
រុស្ស៊ី
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com