អន្តរជាតិ
រដ្ឋសមាជិក EU រំពឹងអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរមកពីចិន
04, Jan 2023 , 5:09 pm        
រូបភាព
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី៣ ខែមករា លើកឡើងថា ប្រទេសសមាជិករំពឹងអនុវត្តវិធានការដែលតម្រូវឱ្យអ្នកមកពីចិនធ្វើតេស្តកូវីដ-១៩ មុនចេញដំណើរទៅប្លុកអឺរ៉ុបនៅប៉ុន្មានថ្ងៃខាងមុខទៀត។ បណ្ដាប្រទេសសមាជិកអឺរ៉ុប (EU) ភាគច្រើនពេញចិត្តនឹងវិធានការនេះអំឡុងកិច្ចប្រជុំថ្ងៃដដែល។



ក្រោយបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ស្ថានភាពជំងឺនៅចិនហក់ឡើងយ៉ាងខ្លាំងដែលកំពុងក្លាយជាក្ដីកង្វល់របស់ពិភពលោក ហើយប្រទេសមួយចំនួនមានអាម៉េរិក អង់គ្លេស អូស្ត្រាលី  កាណាដា  ម៉ាឡេស៊ី តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា សុទ្ធបានអនុវត្តវិធានការធ្វើតេស្តកូវីដ-១៩ លើអ្នកដំណើរទាំងអស់មកពីចិន ឬតម្រូវឱ្យមានលទ្ធផលតេស្តអវិជ្ជមានមុនចូលប្រទេសទាំងនោះ។ 
 
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី៣ ខែមករា បានអះអាងថា ប្លុកអឺរ៉ុបរំពឹងដាក់វិធានការបែបនេះរួមគ្នាដែរ ដើម្បីចូលរួមទល់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ គណៈកម្មាធិការសន្តិសុខសុខភាពដែលជាស្ថាប័នប្រឹក្សារបស់អឺរ៉ុប នៅថ្ងៃទី៣ ខែមករា រដ្ឋសមាជិក EU ភាគច្រើនពេញចិត្តវិធានការបែបនេះ។
 
ក្នុងសំណើព្រាងដោយគណៈកម្មការអឺរ៉ុប វិធានការដែលអនុវត្តមានការណែនាំឱ្យអ្នកដំណើរពាក់ម៉ាស់គ្រប់ជើងហោះហើរពីចិន ការត្រួតពិនិត្យសំណល់ទឹករាល់យន្តហោះមកពីចិន តាមឃ្លាំមើលដំណើរការប្លែងខ្លួននៃវីរុស និងបង្កើនការត្រួតពិនិត្យ និងប្រុងប្រយ័ត្នចំពោះការធ្វើតេស្ត និងប្រវត្តិចាក់វ៉ាក់សាំងរបស់ប្រជាជនចិនដែលមកដល់អឺរ៉ុប។
 
​«ប្រទេស​ភាគច្រើនពេញចិត្ត​នឹង​វិធានការ​ធ្វើ​តេស្ត​មុន​ពេល​ចេញ​ដំណើរ​»។ ​​​​អ្នក​នាំពាក្យ​គណៈកម្មការអឺរ៉ុប​លើកឡើងបែបនេះ មុនបន្ថែមថា វិធានការនេះនឹងត្រូវកំណត់គោលដៅលើជើងហោះហើរ និងអាកាសយានដ្ឋានដែលសមស្របបំផុត ដើម្បីធានាបានប្រសិទ្ធភាព។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
អ្នកនាំពាក្យគណៈកម្មការ បាននិយាយដែរថា ការពេញចិត្តនឹងវិធានការនេះក៏ព្រោះ សមាជិក EU យល់ស្របថា ពួកគេត្រូវការវិធីសាស្រ្តសម្របសម្រួលមួយដែលអាចឆ្លើយតបនឹងស្ថានការណ៍នៅចិន និងដើម្បីដោះស្រាយផលប៉ះពាល់នៃការកើនឡើងអ្នកដំណើរពីចិនទៅអឺរ៉ុប ខណៈទីក្រុងប៉េកាំងនឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរលើពលរដ្ឋរបស់ខ្លួនចាប់ពីថ្ងៃទី៨ ខែមករាតទៅ។ 
 
កាលពីសប្ដាហ៍មុន អ៊ីតាលីដែលជាប្រទេសសមាជិក EU បានដាក់វិធានការធ្វើតេស្តកូវីដ-១៩ លើអ្នកដំណើរទាំងអស់មកពីចិន បានស្នើឱ្យ EU ទាំងមូលអនុវត្តវិធានការនោះដែរ តែប្រទេស EU មួយចំនួនដូចជាអាល្លឺម៉ង់ ព័រទុយហ្កាល់ អូទ្រីស ប្រកែក ដោយសង្កត់ធ្ងន់ពីផលប្រយោជន៍សេដ្ឋកិច្ចនៃភ្ញៀវទេសចរចិនដែលត្រឡប់ទៅលេងអឺរ៉ុប។ ស្របគ្នានោះ​ មជ្ឈមណ្ឌលគ្រប់គ្រងនឹងបង្ការជំងឺអឺរ៉ុប ក៏មិនណែនាំឱ្យអនុវត្តវិធានការលើអ្នកដំណើរមកពីចិនដែរ៕ 
 

Tag:
 អឺរ៉ុប
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com