អន្តរជាតិ
តៃវ៉ាន់ ឱ្យលុយជិត២០០ដុល្លារ សម្រាប់ប្រជាជនម្នាក់នាឱកាសចូលឆ្នាំថ្មី 
×![]()
កោះតៃវ៉ាន់គ្រោងនឹងផ្ដល់ប្រាក់ប្រមាណ២០០ដុល្លារក្នុងម្នាក់សម្រាប់ប្រជាជនទាំងអស់ក្នុងការអបអរឆ្នាំថ្មី។ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang ប្រកាសបែបនេះនៅថ្ងៃទី៤ ខែមករា ដោយបញ្ជាក់ថា កំណើនសេដ្ឋកិច្ច នឹងត្រូវបានចែករំលែកជាមួយប្រជាជនគ្រប់ៗគ្នា។
សេដ្ឋកិច្ចកោះតៃវ៉ាន់ដែលពឹងផ្អែកលើការនាំចេញ និងការផ្គត់ផ្គង់បច្ចេកវិទ្យាសកលសម្រាប់ផលិតផលរួមមានបន្ទះឈីប បានកើនឡើង៦,៤៥ភាគរយក្នុងឆ្នាំ២០២១ ដែលជាអត្រាលឿនបំផុតចាប់តាំងពីឆ្នាំ២០១០។ ខណៈកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងយឺតក្នុងឆ្នាំ២០២២ និង២០២៣ រដ្ឋាភិបាល ចាក់បញ្ចូលប្រាក់៣៨០ពាន់លានដុល្លារតៃវ៉ាន់ទៅក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ២០២២។ រដ្ឋាភិបាលបានឧបត្ថម្ភថ្លៃអគ្គិសនី ការធានារ៉ាប់រងកម្លាំងពលកម្ម និងការថែទាំសុខភាពជាដើម។
ថ្លែងក្នុងសន្និសីទកាសែតមួយ នាយករដ្ឋមន្ត្រី Su លើកឡើងថា ថវិកាសរុប១៤០ពាន់លានដុល្លារតៃវ៉ាន់ ដែលជាផ្នែកមួយនៃប្រាក់ចំណូលពន្ធ នឹងត្រូវចាយសម្រាប់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដែលក្នុងម្នាក់នឹងទទួលបានប្រាក់ចំនួន៦ពាន់ដុល្លារតៃវ៉ាន់ ឬ១៩៥,៦១ដុល្លារអាម៉េរិក។
«ផ្លែផ្កានៃការសម្រេចបាននៃលទ្ធផលសេដ្ឋកិច្ចនឹងត្រូវបានចែករំលែកទៅកាន់ប្រជាជនទាំងអស់ ទាំងចាស់ទាំងក្មេង»។ លោក Su ប្រាប់អ្នកសារព័ត៌មានបែបនេះរួចបន្ដថា ការផ្ដល់ប្រាក់ នេះត្រូវការការអនុម័តពីសភាដែរ។
នាយករដ្ឋមន្ត្រីតៃវ៉ាន់ ក៏ជូនពរប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលប្រជាជននឹងបានសម្រាកមួយសប្ដាហ៍ចាប់ពីថ្ងៃទី២០ ខែមករា។ យ៉ាងណាមិញ លោក Su មិនបានផ្ដល់ព័ត៌មានលម្អិតពីមធ្យោយបាយដែលរដ្ឋាភិបាលនឹងចែកជូនថវិកាចូលឆ្នាំថ្មីនេះឡើយ។
គួរបញ្ជាក់ថា តៃវ៉ាន់ ជាអ្នកផលិតបន្ទះឈីបដ៏ធំមួយដែលត្រូវបានយកទៅប្រើប្រាស់ក្នុងឡាន ទូរស័ព្ទដៃ និងរួមទាំងយន្តហោះចម្បាំងទៀតផង។ សេដ្ឋកិច្ចរបស់កោះមួយនេះចាប់ផ្ដើមកើនឡើងអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ដោយសារមានកំណើនតម្រូវការឧបករណ៍អេឡិចត្រូនិក ខណៈមនុស្សត្រូវការធ្វើការពីផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com